រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ដោយសារប្រពន្ធផិតក្បត់ចុះចោលទៅតាមប្រុសថ្មី ហើយក៏រស់នៅជាមួយស្ត្រីចំណាស់ម្នាក់ដែលជាម្ដាយ ក្រោយមកបានចាកចេញពីស្រុកកំណើតមកភ្នំពេញ ទៅធ្វើជាអ្នកយាមម៉ូតូនៅហាងខារ៉ាអូខេមួយកន្លែងយីហោ «ជំនោរល្អជាយក្រុង» ទើបតែបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានស្ត្រីម្នាក់ទៀត ដែលជាមេការហាងខារ៉ាអូរខេនោះ ប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ព្រៃ.ស ធ្វើការចាប់ខ្លួន។
បន្ទាប់មកបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោ ដោយបានចោទប្រកាន់ថា ជននោះបានធ្វើសកម្មភាពគាស់កែបម៉ូតូរបស់នាង លួចយកលុយចំនួន៨៧ដុល្លារ និង២១.៩០០រៀល។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានលោកយាយអាយុ៧៦ឆ្នាំម្នាក់ ដែលអះអាងថា គាត់គឺជាម្ដាយបង្កើតរបស់ជនសង្ស័យខាងលើនោះ បានធ្វើដំណើរតាំងពីខេត្តតាកែវ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌខាងលើ ហើយបានយំសោកបោកខ្លួនយ៉ាងខ្លាំងគួរឲ្យអាណិត។ ជាពិសេសលោកយាយរូបនោះ បានយំឱបសំពះអង្វរលន់តួនាងជាមេការហាងខារ៉ាអូខេ ដែលត្រូវកូនប្រុស គាត់លួចលុយនោះ សុំឲ្យនាងជួយដកពាក្យបណ្ដឹងវិញទៅ ដើម្បីឲ្យកូនគាត់បានរួចខ្លួនពីសំណាញ់ច្បាប់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតលោកយាយជាលើកចុងក្រោយផង។ ប៉ុន្តែខណៈនោះនាងមេការមិនយល់ព្រមឡើយ ទោះបីលោកយាយយំននៀលដីបែបណាក៏ដោយ ចំណែកឯនគរបាលខណ្ឌដង្កោវិញ ពេលបានឃើញពីទិដ្ឋភាពខ្លោចផ្សាបែបនេះ ក៏មានការអាណិតអាសូរលោកយាយខ្លាំងណាស់ និងចង់ដោះលែងកូនគាត់វិញដែរ ព្រោះលុយដែលជននោះលួច ក៏ត្រូវដកហូតបានមកវិញហើយដែរ ប៉ុន្តែមិនអាចធ្វើទៅរួចឡើយ ព្រោះនាងមេការមិនព្រមដកពាក្យប្ដឹងដាច់ខាត ហើយថែមទាំងស្នើសុំឲ្យនគរបាលជួយចាត់ការតាមច្បាប់ថែមទៀតផង។
លោកយាយដែលគួរឲ្យអាណិតខាងលើនោះបានប្រាប់ថា គាត់ឈ្មោះ ទួល គឹម អាយុ៧៦ឆ្នាំ រស់នៅក្នុងភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ មានមុខរបរដើរស៊ីឈ្នួលរែងអង្ករឲ្យគេនៅក្នុងផ្សារតាកែវ ហើយក្នុង១ថ្ងៃៗលោកយាយអាចរកបានប្រាក់ត្រឹមតែ១ម៉ឺនរៀលចុះក្រោមប៉ុណ្ណោះ ដើម្បីបានទិញអង្ករ និងម្ហូបប្រចាំ ថ្ងៃ ហើយក៏មានថ្ងៃខ្លះទៀត សូម្បីតែ១រៀលក៏រកមិនបានផងក៏មានដែរ។
ដោយឡែកកូនប្រុសលោកយាយដែលមានដៃមានជើងទៅលួចលុយនាងមេការខារ៉ាអូរខេ រហូតត្រូវនគរបាលចាប់ខ្លួននោះ ឈ្មោះ ស៊ុន ធីម អាយុ៣២ឆ្នាំ មុខរបរមើលថែម៉ូតូនៅហាងខារ៉ាអូខេយីហោ «ជំនោរល្អជាយក្រុង» ស្ថិតភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ និងទើបតែទៅធ្វើការនៅទីនោះបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ក្រោពេលដឹងថា កូនប្រុសត្រូវនគរបាលចាប់ខ្លួនលោកយាយបានដើរខ្ចីលុយអ្នកជិតខាងបានចំនួន៥ម៉ឺនរៀល ធ្វើជាសោហ៊ុយក្នុងការធ្វើដំណើរមកភ្នំពេញ ដើម្បីមើលកូន ហើយនៅតាមផ្លូវលោកយាយបានចាយវាយបូករួមទាំងថ្លៃឈ្នួលរថយន្តផង អស់ចំនួន៣ម៉ឺនរៀលបាត់ទៅហើយ ប្រាក់ដែលនៅជាប់ខ្លួនត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ហើយលោកយាយក៏មិនដឹងថា ត្រូវទៅស្នាក់នៅកន្លែងណាមួយឡើយ។
លោកយាយបានយំបណ្ដើររៀបរាប់បណ្ដើរបន្តទៀតថា លោកយាយគ្មានសាច់ញាតិនឹងគេទេ ទាំងនៅឯខេត្តតាកែវ ក៏ដូចជានៅភ្នំពេញ ហើយកាលពីប៉ុន្មានឆ្នាំមុននៅក្នុងផ្ទះលោកយាយ មានសមាជិកគ្រួសារចំនួន៣នាក់ គឺរូបលោកយាយ កូនប្រុសលោកយាយម្នាក់នេះ និងកូនប្រសារស្រីម្នាក់ទៀតដែរ ហើយដោយសារតែជីវភាពគ្រួសារមានការយ៉ាប់យ៉ឺននោះ កូនប្រុសលោកយាយ និងប្រពន្ធរបស់គេបានសម្រេចចិត្តចាកចេញឆ្ងាយពីស្រុកកំណើតទៅធ្វើជាពលករនៅឯប្រទេសថៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែការចាកចោលស្រុក មិនត្រឹមតែរកប្រាក់មិនបានប៉ុណ្ណោះទេ ផ្ទុយទៅវិញមានរឿងកាន់តែស្មុគស្មាញទៅវិញទេ គឺកូនប្រសារគាត់មានចិត្តមិនស្មោះត្រង់បានផិតក្បត់ទៅលួចលាក់មានស្នេហាជាមួយប្រុសផ្សេងម្នាក់ទៀត និងបានរត់តាមប្រុសស្នេហ៍ថ្មីចាកចោលកូនប្រុសគាត់រូបនេះបាត់ថែមទៀត។ បន្ទាប់ពីត្រូវប្រពន្ធផិតក្បត់បែបនេះ ធ្វើឲ្យ កូនប្រុសម្នាក់នេះឯកោ ហើយនៅក្នុងអំឡុងឆ្នាំ២០១៥ គេក៏បានត្រឡប់មកស្រុកខ្មែរវិញតែម្នាក់ឯង មករស់នៅជាមួយគាត់ជាម្ដាយវិញ ហើយអ្វីដែលជាទុក្ខវេទនាថែមទៀតនោះ កូនគាត់ម្នាក់នេះគ្មានថ្លើមនឹងគេទេ ព្រោះបានវះកាត់លក់នៅឯប្រទេសឥណ្ឌាបាត់ទៅហើយ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែមិនបានលុយដុំនោះទេ គឺអ្នកទិញថ្លើមនោះបានផ្ញើឲ្យបន្តិចម្ដងៗប៉ុណ្ណោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង២និ៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ មីនា បុរសដែលជាជនសង្ស័យនោះ បានធ្វើសកម្មភាពគាស់កែបម៉ូតូ១គ្រឿងប្រភេទកូនទា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1DH-0365 ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ សួស សិលា អាយុ២៥ឆ្នាំ ជាមេការហាងខារ៉ាអូខេខាងលើ។ ដែលបានទុកនៅចំណុចហាងខារ៉ាអូខេនោះ ស្ថិតភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយលួចយកបានលុយចំនួន៨៧ដុល្លារ និង២១.៩០០រៀល បន្ទាប់មកក៏ត្រូវបានជនរងគ្រោះប្តឹងឲ្យនគរបាលឃាត់ខ្លួនតែម្តង។
ប្រភពដដែលបានបន្តថា ដោយសារតែមានភស្ដុតាង និងពាក្យបណ្ដឹងត្រឹមត្រូវ នគរបាលប៉ុស្ដិ៍ព្រៃស ក៏បានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមសំណូមពរជនរងគ្រោះ ដោយឡែកលោក យាយដែលជាម្ដាយរបស់ជននោះពិតជាគួរឲ្យអាណិតខ្លាំងណាស់ ពេលបានជួបជាមួយនឹងនាងម្ចាស់ដើមបណ្ដឹង គាត់បានសំពះអង្វរ និងយំឱបនាងឲ្យដកពាក្យបណ្ដឹង ដែលបានប្ដឹងកូនគាត់នោះវិញ ដោយគាត់បាននិយាយថា«សព្វថ្ងៃយាយមានតែ២នាក់ម្ដាយ និងកូននេះទេ គ្មានសាច់ញាតិផ្សេងឡើយ សូមនាងជួយដកពាក្យប្ដឹងវិញទៅ បើនាងមិនលើកលែងទេ ហើយកូនយាយត្រូវជាប់គុកនោះ យាយច្បាស់ជាស្លាប់មិនខានទេ សុំចៅធ្វើបុណ្យម្ដងទៅចៅ»។ ប៉ុន្តែទោះជាគាត់ខំយំននៀលដីបែបណា មិនត្រូវបាននាងម្នាក់នោះលើកលែងឲ្យ និងដកពាក្យបណ្ដឹងវិញឡើយ នាងនៅតែរក្សាជំហរប្ដឹងដដែល ព្រមទាំងនិយាយថា «កុំគិតច្រើនយាយ នេះសំណាងហើយដែលខ្ញុំមិនទារជំងឺចិត្តថែមទៀតនោះ ហើយខ្ញុំចង់ជួយដែរ តែជួយ អត់បានទេ ហើយឲ្យនាងធ្វើម៉េច បើយល់ញាតិឃ្លាតច្បាប់ច្រើនពេកពិបាកណាស់ ពេលនេះនាងប្រគល់ឲ្យ ច្បាប់ជាអ្នលចាត់ចែងហើយ ស្រេចតែលើច្បាប់ចុះ ព្រោះមនុស្សកូនយាយពិបាកណាស់ឲ្យគាត់នៅទីនេះចុះដើម្បីកែខ្លួនម្ដងទៅចុះ» ។ បន្ទាប់ពីយំសោកអង្វរស្ត្រីមេការនោះ មិនព្រមលើកលែងឲ្យកូនគាត់បែបនេះ លោកយាយអស់សង្ឃឹម និងបានចាកចេញពីកន្លែងនគរបាលទៅបាត់មិនដឹងថា ទៅស្នាក់នៅទីណានោះទេ ។
នគរបាលខណ្ឌដង្កោបានឲ្យដឹងថា បន្ទាប់ពីឃើញលោកយាយយំសំពះអង្វរស្ត្រីជាមេការរូបនោះបែបនេះ មានការអាណិតអាសូរខ្លាំងណាស់ ។ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានឆ្លងយោបល់ថ្នាក់លើ រៀបរាប់ពីដំណើររឿងពិត ដើម្បីអនុគ្រោះដល់ជននោះបានរកស៊ីចិញ្ចឹមម្ដាយចាស់វិញ ហើយថ្នាក់លើបាន យល់យោគអស់ហើយ។ បន្ទាប់មកបានអង្វរឲ្យនាងមេការរូបនោះ ដកពាក្យបណ្ដឹងវិញទៅ ប៉ុន្តនាងមានចិត្តរឹងដូចដែកថែប មិនព្រមដកដាច់ខាត ដូច្នេះនគរបាលមិនអាចជួយលោកយាយបានឡើយ មានតែចាត់ការតាមច្បាប់ ព្រោះប្រសិនបើដោះលែងជននោះ នគរបាលនិងទទួលរងនៅការប្ដឹងពីស្ត្រីនោះជាក់ជាមិនខានឡើយ៕
ចែករំលែកព័តមាននេះ