ខេត្តសៀមរាប ៖ គណៈប្រតិភូខេត្តដឹកនាំដោយលោក លី សំរិទ្ធ និងលោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពមន្ត្រីរាជការជុំវិញខេត្ត នារសៀលថ្ងៃទី១៧ មីនា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាពកាលវេលាម៉ោង១៨និង៣២នាទី រសៀលថ្ងៃទី១៥ មីនា ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាខេត្តក្នុងនោះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃជនជាតិកូរ៉េ និងលោកអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប និងមន្ត្រីបុគ្គលិកអភិរក្សប្រាសាទនៃអាជ្ញាធរអប្សរាផងដែរ ។
ការអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចវិបុលបញ្ញា សុខ អាន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ក៏បានចូលរួមសម្តែងនូវ សមាណទុក្ខដ៏សែនក្រៀមក្រំ និងការសោកស្តាយជាទីបំផុតជាមួយលោកជំទាវ អាន្នី សុខ អាន និង ក្រុមគ្រួសារដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ក៏ដូចជាការបាត់បង់នូវថ្នាក់ដឹកនាំកំពូលមួយរូបផងដែរ ។
បន្ទាប់ពីបានធ្វើការបូជាទៀនធូក ដើម្បីឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសពសម្តេចវិបុលបញ្ញា សុខ អាន សូមឲ្យសម្តេចវិបុលបញ្ញាបានទៅកាន់សុគតិភព ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។
ក្នុងនោះដែរលោកអភិបាលរងខេត្តក៏បានធ្វើការកត់ត្រាទុកនៅក្នុងសៀវភៅចូលរួមរំលែកទុក្ខ ដោយបានរំលឹកដឹងនូវគុណដ៏មានតម្លៃបំផុត ចំពោះវីរៈភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិក្នុងទិសដៅបម្រើនូវឧត្តមផលប្រយោជន៍ជូនជាតិមាតុភូមិ ព្រមទាំងបានលះបង់អស់ពីកម្លាំង កាយចិត្ត បញ្ញាស្មារតី ប្រកបដោយមនសិការខ្ពស់ ក្នុងការរួមចំណែកយ៉ាងសកម្មនៃកិច្ចកសាងសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ ៕
ចែករំលែកព័តមាននេះ