រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានធ្វើការចាប់ខ្លួនយុវជនម្នាក់ ក្រោយពីស្ត្រីមានផ្ទៃពោះ៥ខែម្នាក់បានប្តឹង និងចោទប្រកាន់ថា ចាប់នាងខ្ទប់មាត់ ហើយអូសចូលទៅក្នុងបន្ទប់ ដើម្បីប៉ងចាប់រំលោភ តែមិនបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៧ មីនា ស្ថិតនៅបន្ទប់ផ្ទះជួលជាន់ទី៤ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះភាន់ សោភា អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជិតគ្នា ហើយស្ត្រីរងគ្រោះអាយុ២០ឆ្នាំ (មានផ្ទៃពោះ៥ខែ) មានស្រុកកំណើតនៅខេត្តកំពត មានប្តីឈ្មោះភារិន ជាកម្មកររោងចក្រស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឱ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានទៅទិញម្ហូបនៅផ្សារទួលពង្រ លុះពេលទិញបាន នាងក៏បានដើរត្រឡប់ទៅកាន់បន្ទប់ជួលដែលនាងស្នាក់នៅវិញ ។ ពេលដើរទៅដល់មុខបន្ទប់ជួលដែលជនសង្ស័យស្នាក់នៅ ស្រាប់តែជននោះចេញពីបន្ទប់ ហើយធ្វើសកម្មភាពចាប់ខ្ទប់មាត់ទាញដៃចូលក្នុងបន្ទប់ប៉ុនប៉ងចាប់រំលោភ ប៉ុន្តែដោយសារតែរូបនាងបានសំពះអង្វរលន់តួ ទើបជនសង្ស័យដោះ លែងនាងឲ្យរួចខ្លួនវិញ ។ ហើយនាងក៏រត់មកប្រាប់ប្ដីនាង ធ្វើឱ្យប្ដីខឹងខ្លាំងណាស់ និងបានវាយជននោះ បណ្ដាលឱ្យបែកក្បាលតែម្តង ។ បន្ទាប់មក នាងបានដាក់ពាក្យបណ្ដឹងសុំឱ្យនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនជននោះ នាំទៅសាកសួរ ។
តែដោយឡែក បុរសជាប់ជនសង្ស័យបែរជានិយាយថា ខ្លួនមិនមែនចង់រំលោភស្ត្រីនោះទេ ការដែលចាប់នាងនោះ ព្រោះតែខ្លួនខឹងប្ដីនាងពូកែមើលមុខខ្លួនពេក ហើយខ្លួនគ្រាន់តែចង់សួរនាំនាងថា មានដឹងថាមូលហេតុអ្វី ទើបប្ដីនាងចេះតែមើលមុខខ្លួនរហូតចឹង តែប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណា បន្ទាប់ពីជួបគ្នានៅប៉ុស្ដិ៍ចោមចៅ ភាគីទាំងពីរបានធ្វើការសម្របសម្រួល ដោយជននោះបានសងជំងឺចិត្តចំនួន៦០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង ហើយបានដោះលែងជននោះវិញ ។
ចែករំលែកព័តមាននេះ