ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​ប្រជាពលរដ្ឋ​ជិត​ដល់​៣​ម៉ឺន​នាក់ ដែល​បាន​ទៅ​ប្តូរ ឬ​ពន្យា​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​AEON MALL

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ពី​ថ្ងៃ​ចាប់ផ្តើម​រហូត​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ទទួល​សេវា​ប្តូរ និង​ពន្យា​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប AEON MALL ជិត​៣​ម៉ឺន​នាក់។

រាជធានី​ភ្នំពេញ ៖ គិត​ពី​ថ្ងៃ​ចាប់ផ្តើម​រហូត​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ទទួល​សេវា​ប្តូរ និង​ពន្យា​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប AEON MALL ជិត​៣​ម៉ឺន​នាក់។ អង្គភាព​ផ្តល់​ប័ណ្ណបើកបរ រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ ណា​ដែល​មាន​ប័ណ្ណបើកបរ​ហួស​សុពលភាព ឬ​បាត់​ប័ណ្ណបើកបរ​សូម​ឲ្យ​នាំ​គ្នា​រួសរាន់​ទៅ​ប្តូរ ឬ​ពន្យា នៅ​ផ្សារ​ទំនើប AEON MALL រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​ជំនាញ​នៅ​រង់ចាំ​ទទួល​ធ្វើ​ជូន គ្រប់ពេល​ដែល​ផ្សារ​ទំនើប​នេះ​បើកទ្វារ​។

លោក មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ២០១៧​នេះ​ថា ជា​លទ្ធផល​ក្នុង​រយៈពេល​៩​ខែ​គិត​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម ថ្ងៃ​ទី​១៥ មិថុនា ដល់​ថ្ងៃ​ទី​១៦ មីនា ២០១៧​នេះ ក្រុមការងារ​ទទួល​ធ្វើ​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប AEON MALL បាន​ចំនួន​២៨.៣៣២  ប័ណ្ណ​ក្នុង​នោះ ប្តូរ​ចំនួន​២.៦៣០៤ ប័ណ្ណ ទុតិយតា បាន​ចំនួន​១.៩៩៤​ប័ណ្ណ តតិយតា ៧​ប័ណ្ណ និង​ប្រឡង​ថ្មី​ចំនួន​១៤​ប័ណ្ណ​ផង​ដែរ ។

លោក​បន្ត​ថា ចំណែក​ការងារ​ផ្តល់​ប័ណ្ណបើកបរ នៅ​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឯណោះ​វិញ ក្រុមការងារ​បាន​ខិតខំ​ធ្វើ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​២.៥៤១​ប័ណ្ណ គិត​ចាប់​ថ្ងៃ​ទី​៩​កុម្ភៈ ដល់​ថ្ងៃ​ទី​១៦​មីនា នេះ​។ លោក មាស ច​ន្ថា បាន​បញ្ជាក់​ថា បើ​តាម​លទ្ធភាព​ក្រុមការងារ​ធ្វើ​បាន​រាប់រយ​ក្នុង​មួយ​ថ្ងៃ ដោយហេតុ​ថា ការ​ធ្វើ​ប័ណ្ណ​បើកបរ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណៈការ​នេះ មាន​លក្ខណៈ​ទំនើប គឺ​បម្រើសេវា​រហ័ស​ទាន់ចិត្ត ប្រើ​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ម្នាក់​។

នេះ​ប្រសិនបើ​មាន​ឯកសារ​គ្រប់គ្រាន់ តែ​ពេល​នេះ​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន ដែល​ធ្វើ​នៅ​ផ្សារ​ទំនើប AEON MALL នេះ​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ ចំពោះ​ការ​ផ្តល់​សេវា ធ្វើ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ផ្សា​របើក និង​បិទ​ទៅ​វិញ និង​ទទួល​សម្រាប់​២៥​រាជធានី ខេត្ត ឬ​ទូ​ទាំង​ប្រទេស​តែ​ម្តង​។

សូម​បញ្ជាក់​ថា ការ​រៀបចំ​ឲ្យ​មាន មណ្ឌល​ប្តូរ និង​ពន្យា​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប AEON Mall នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​បង្ខិត​សេវា​ឲ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ បង្ក​ភាព​ងាយស្រួល ចំណេញ​ពេលវេលា កាត់​បន្ថយ​ការ​ចំណាយ ប្រកប ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ទូ​ទាំង​២៥​រាជធានី​ខេត្ត អាច​ទៅ​ទទួល​សេវា​ប្តូរ និង​ពន្យា​ប័ណ្ណបើកបរ​យានយន្ត រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​០៩​ព្រឹក រហូត​ដល់​ម៉ោង​១០​យប់​ផង​ដែរ ៕