ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​យល់​ដឹង ! ​អំបិល​ណា​គ្មាន​ជាតិ​អីុយ៉ូត​ត្រូវ​រឹប​អូស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​ប្រើប្រាស់​អំបិល​អីុយ៉ូ​ត​នៅ​កម្ពុជាឱ្យ​មាន​កម្រិត​កាន់តែ​ច្រើន​ថែម​ទៀត អគ្គនាយកដ្ឋា​ន​កាំកុងត្រូល បាន​ប្រកាស​ចាត់វិធានការ​ក្តៅ ចំពោះ​សិប្បកម្ម ឬ​កន្លែង​ផលិត​អំបិល​ទាំងអស់ ប្រសិនបើ​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​ប្រើប្រាស់​អំបិល​អីុយ៉ូ​ត​នៅ​កម្ពុជាឱ្យ​មាន​កម្រិត​កាន់តែ​ច្រើន​ថែម​ទៀត អគ្គនាយកដ្ឋា​ន​កាំកុងត្រូល បាន​ប្រកាស​ចាត់វិធានការ​ក្តៅ ចំពោះ​សិប្បកម្ម ឬ​កន្លែង​ផលិត​អំបិល​ទាំងអស់ ប្រសិនបើ​មន្ដ្រី​កាំកុងត្រូល​រក​ឃើញ​ថា មិន​មាន​ដាក់​ជាតិ​អីុយ៉ូ​ត​ក្នុង​អំបិល​តាម​កម្រិតស្ដង់ដារ​ទេ​នោះ នឹង​ត្រូវ​ដកហូត​មិន​ឱ្យធ្វើ​អាជីវកម្ម​តែ​ម្ដង ។

លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា «​ចាប់ពី​ពេលនេះ​តទៅ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ប្រមូល​យក​អំបិល​ទាំងអស់​ទាំង​នៅ​តាម​សិប្បកម្ម និង​ការ​ដាក់​លក់​នៅ​លើ​ទីផ្សារ មក​ធ្វើការ​ពិសោធន៍ ដើម្បី​ស្វែងរក​សារធាតុ​អីុយ៉ូ​ត ហើយ​អំបិល​ទាំងអស់​មាន​ប៉ុន្មាន​ប្រភេទ និង​មាន​កម្រិត​ជាតិ​អីុ​យ៉ូ​ត​ក្នុង​ទំហំ​ប៉ុន្មាន សម្រាប់​រៀបចំ​ធ្វើ​ជា​របាយការណ៍ និង​មាន​វិធានការ​កំណត់​ឱ្យ​បាន​ច្បាស់លាស់​» ។

លោក​អគ្គនាយករង​បន្ដ​ថា ជា​ជំហាន​បន្ដ​ក្នុង​ករណី​រក​ឃើញ​អំបិល​ដែល​មិន​មាន​សារធាតុ​អីុយ៉ូ​ត មន្ដ្រី​កាំកុងត្រូល​នឹង​តម្រូវ​ឱ្យ​អ្នកលក់់​ប្រមូល​អំបិល​ទាំងអស់ យក​ទៅ​ដល់​កន្លែង​ទិញ​មក​ពី​សិប្បកម្ម ឬ​កន្លែង​ផលិត ដែល​ត្រូវ​មាន​កិច្ចសន្យា​រវាង​អ្នកទិញ​និង​អ្នក​ផលិត ដើម្បី​បញ្ជាក់​ថា អំបិល​នេះ​ពិតជា​មាន​ជាតិ​អី​ុ​យ៉ូ​ត​ពិតប្រាកដ​មែន ចៀសវាង​លក់​អំបិល​ដាក់​ស្លាក​សញ្ញា​ថា មាន​ជាតិ​អី​ុ​យ៉ូ​ត ប៉ុន្ដែ​មិន​មាន​ជាតិ​អីុ​យ៉ូ​តទៅ​វិញ ។

លោក​បាន​អះអាង​ថា ចំពោះ​អំបិល​ក្លែងក្លាយ​ដែល​លួច​យក​អំបិល​គ្មាន​ជាតិ​អីុ​យ៉ូ​តទៅ​ដាក់​ឬ​ច្រក​ក្នុង​ថង់ ឬ​ស្បោង​សរសេរ​ថា អំបិល​មាន​ជាតិ​អី​ុ​យ៉ូ​ត​នោះ កាំកុងត្រូល​ត្រូវ​ចាត់​វិធាន ការ​រឹបអូស​យក​តែ​ម្ដង ចំពោះ​សិប្បកម្ម ឬ​កន្លែង​ផលិត​ដែល​ក្លែងបន្លំ​នោះ ។

លោក ឌឹ​ម ថេ​ង គូសបញ្ជាក់​ថា​ «​ការ​ប្រើប្រាស់​សារធាតុ​អីុ​យ៉ូ​ត​កំពុង​មានការ​ខ្វះខាត​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​ចូលរួម​ជួយ​ទ្រទ្រង់​ដល់​រូបរាង​កាយ និង​សតិបញ្ញា​របស់​មនុស្ស ។ អគ្គនាយកដ្ឋាន​កាំកុងត្រូល ទទួល​បាន​ឧបករណ៍​ត្រួតពិនិត្យ​រក​សារធាតុ​អីុ​យ៉ូ​ត​ចំនួន​៣០​គ្រឿង​ពី​អង្គការ​យូ​នី​សេ​ហ្វ សម្រាប់​ចែក​ជូន​ដល់​សាខា​កាំកុងត្រូល​រាជធានី​-​ខេត្ដ ដើម្បី​ស្វែងរក​កម្រិត​សារធាតុ​អីុ​យ៉ូ​ត​នៅ​ក្នុង​អំបិល ដែល​ជា​កម្មវិធី​អាហារូបត្ថម្ភ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​តាមដាន ការ​បញ្ចូល​ជាតិ​អីុ​យ៉ូ​តទៅ​ក្នុង​អំបិល​នៅ​តាម​សិប្បកម្ម ឬ​កន្លែង​ផលិត​អំបិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

លោក​អគ្គនាយករង​បាន​ពន្យល់​ថា កម្រិត​ជាតិ​អីុ​យ៉ូ​ត​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អំបិល​នេះ គឺ​សម្រាប់​សិប្បកម្ម ឬ​កន្លែង​ផលិត​ត្រូវ​ដាក់​អីុ​យ៉ូ​ត​ប្រមាណ​៦០​មី​ល្លី​ក្រាម​ក្នុង​អំបិល​១​គីឡូក្រាម ហើយ​សម្រាប់​កន្លែង​លក់រាយ​នៅ​លើ​ទីផ្សារ​អាច​បញ្ចូល​កម្រិត​ជាតិ​អីុ​យ៉ូ​ត​ប្រមាណ​៣០​ទៅ​៦០​មី​ល្លី​ក្រាម ក្នុង​១​គីឡូក្រាម​អំបិល ។