ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​រោងចក្រ​និង​ជា​មេ​តុងទីន​ម្នាក់​បាត់​ខ្លួន​2​ថ្ងៃ​ម្តាយ​ពិការ​ដើរ​រក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់​ជា​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង និង​ជា​មេ​តុងទីន​ផង​ដែរ បាន​បាត់​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ​មកហើយដោយ​មិនដឹង​ពី​មូលហេតុ

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់​ជា​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង និង​ជា​មេ​តុងទីន​ផង​ដែរ បាន​បាត់​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ​មកហើយដោយ​មិនដឹង​ពី​មូលហេតុ ដោយ​ជាប់​ទៅជាមួយ​នូវ​លុយ​ជិត​១​ពាន់​ដុល្លារ ដែល​ជា​លុយលេង​តុងទីន និង​ប្រាក់ខែ​រួម​ជាមួយ​គ្រឿងអលង្ការ ខ្សែដៃ ខ្សែ​ក និង​ក្រវិល​ផង​ដែរ មិនដឹង​ថា​នាង​ទៅ​ទីណា​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​ម្ដាយ​ដែលជា​ជន​ពិការ​ផង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

ដោយសារ​តែ​ការ​បាត់​ខ្លួន​កូនស្រី​បែប​នេះម្តាយ​រួម​ជាមួយ​កូន​ផ្សេង​ទៀត និង​សាច់ញាតិ​ផង បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោមចៅ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាលជួយ​អន្តរាគមន៍​ស្វែងរក​នាង ដោយ​មាន​កាន់​រូបថត​កូនស្រី​សំណព្វចិត្ត​ម្នាក់​នោះ​ទៅ​ជាមួយ​ផង​ដែរ បង្ហាញ​នគរបាល​ងាយស្រួល​ក្នុង​ការ​តាម​រក ។

ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​ថា គាត់​ឈ្មោះ អ៊ា​តធី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ចំណែក​កូនស្រី​ដែល​បាត់ឈ្មោះ ស្រស់ ស្រី​គន់ ហៅ​រស្មី អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង​យីហោ​យូ​ឌី​ស្កូ ។ នាង​ក៏​ធ្វើ​ជា​មេ​តុងទីន​ផង​ដែរ និង​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​មិត្តភក្ដិ​ស្រី​ម្នាក់​នៅ​ម្ដុំ​រោងចក្រ​កាត់ដេរ ឃ្យូ​អឹ​ម អាយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​ជីវភាព​ទីទ័ល​ក្រ ម្យ៉ាង​គាត់​ជា​ជន​ពិការ​(​ស្វិតជើង​ស្ដាំ​)​ផង មិន​អាច​រកស៊ី​ធ្វើការ​រឹង​មាំ​កើត​នោះ កូនស្រី​គាត់​រូប​នេះ​បាន​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ មក​ធ្វើ​ជា​កម្មការិនី​រោងចក្រ​ខាងលើ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ។ ចាប់តាំងពី​នាង​មក​ធ្វើការ​កាលណា​មក នៅ​ពេល​បើក​ប្រាក់ខែ​ម្តង​ៗ​តែងតែ​ផ្ញើ​ប្រាក់​តាម​វី​ង​ឱ្យ​គាត់​ដើម្បី​បាន​ចាយវាយ​មិន​ដែល​អាក់ខាន​ឡើយ ហើយ​នៅ​ពេលទំនេរ​ចំ​ពេល​ឈប់​សម្រាក តែងតែ​ទៅ​លេង​ផ្ទះ​រហូត ។ គាត់​មិន​បានដឹង​ថា​កូនស្រី​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា ឬ​ក៏​អត់​នោះ​ដែរ ព្រោះ​គាត់​នៅ​ឆ្ងាយ​ពី​នាង ។

ស្ត្រី​ជា​ម្តាយ​រៀបរាប់​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា កូនស្រី​គាត់​បាន​ប្រាប់​មិត្តភក្ដិ​ដែល​ស្នាក់​នៅ​ជាមួយ​គ្នា​ថា ទៅ​ធ្វើការ​ហើយ​ក៏​បាន​ចេញពី​បន្ទប់​ជួល​បាត់​រហូត តែ​មិនឃើញ​ទៅ​ធ្វើការ​ឡើយ ។ រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ ហើយ​ទូរស័ព្ទ​នាង​ក៏​បាន​បិទ​ហៅ​មិន​ចូល​ទៀត ទើប​មិត្តភក្ដិ​នាង​ទូរស័ព្ទ​ប្រាប់​គាត់​ថា កូនស្រី​គាត់​បាត់​ខ្លួន​ទើប​គាត់​បានដឹង ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ គាត់​បាន​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ​មក​ភ្នំពេញ​ទាំង​ទុក្ខ​ព្រួយ ដើម្បី​ស្វែងរក​កូនស្រី ប៉ុន្តែ​រក​មិនឃើញ​ឡើយ ទើប​សម្រេចចិត្ត​ប្ដឹង​សុំ​ឱ្យ​នគរបាល​ជួយ​ស្វែងរក​កូនស្រី​គាត់​ផង ។

គាត់​បាន​រៀបរាប់​បន្ត​ថា កូនស្រី​គាត់​បាន​ធ្វើ​ជា​មេ​តុងទីន​ផង​ដែរ ហើយ​នៅ​មុន​ពេល​បាត់​ខ្លួន នាង​បាន​ប្រមូល​លុយ​ពី​កូនក្រុម​បាន​ចំនួន​៥០០​ដុល្លារ និង​នៅ​ថ្ងៃ​ទី​១០ ខែមីនា បើក​ប្រាក់ខែ​បាន​ចំនួន​១៨០​ដុល្លារ ។ ជាមួយ​នេះ នៅ​មាន​ប្រាក់​ធ្វើការ​ថែម​ម៉ោង​មួយ​ចំនួន​ទៀត ហើយ​នាង​បាន​ក៏​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា​នាង​បើក​លុយ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ផ្ញើ​ឱ្យ​គាត់​នៅឡើយ​ទេ ។

លុះ​ក្រោយមក ស្រាប់តែ​ទទួល​ដំណឹង​ថា នាង​បាន​បាត់​ខ្លួន​ដោយ​ជាប់​ទៅ​ជាមួយ​នូវ​លុយ​ខាងលើ រួម​ជាមួយ​ខ្សែ​ក ខ្សែដៃ និង​ក្រវិល​ផង ដែល​គាត់​មិន​បានដឹង​ថា​នាង​ទៅ​ណា មាន​សេចក្ដីសុខ​ឬ​ទុក្ខ​យ៉ាងណា​ឡើយ ។ ពេល​នេះ​ប្រសិនបើ​នាង​បានដឹង​ថា​គាត់​តាម​រក សូម​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ជា​បន្ទាន់ ព្រោះ​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ឬ​មាន​បងប្អូន​ណា​បានឃើញ សូម​ជួយ​ប្រាប់​ឱ្យ​នាង​វិល​វិញ​ផង ។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​អ្នក​ដែល​បាត់​កូនស្រី ហើយ​បាន​តាម​រក​និង​ប្តឹង​ដល់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​បែប​នេះ គឺ​កន្លង​មក​មាន​ច្រើន​មក​ហើយ ។ មិនតែប៉ុណ្ណោះ​មិនមែន​មាន​តែ​អ្នក​បាត់​កូនស្រី​នោះ​ទេ មាន​ទាំង​អ្នក​បាត់​ប្រពន្ធ​ថែម​ទៀត​ផង ហើយ​ក៏​មិន​ដែល​ឃើញ​អ្នក​បាត់​ខ្លួន​ទាំងនោះ​ជួប​គ្រោះ​អកុសល​ធ្ងន់ធ្ងរ​ឡើយ គឺ​៩០​ភាគរយ​ច្រើន​តែ​លង់ខ្លួន​ទៅ​តាម​ការ​លួងលោម​របស់​សង្សារ​ឬ​ក៏​ប្រុស​ស្នេហ៍​តែ​ប៉ុណ្ណោះ ។

ដោយឡែក នាង​ក្រមុំ​ដែល​បាត់​ខ្លួន​នៅ​ពេលនេះ​នៅ​មិន​ទាន់​ដឹង​ថា​មាន​មូលហេតុ​អ្វី​នៅឡើយ​ទេ ។ ឯ​ស្ត្រី​ជា​ម្ដាយ​មានការ​ព្រួយបារម្ភ​ខ្លាច​នាង​មាន​គ្រោះថ្នាក់ ព្រោះ​នៅ​ជាប់​ខ្លួន​នាង​មាន​លុយ និង​គ្រឿងអលង្ការ​ផង ខ្លាច​គេ​នាំ​ទៅ​សម្លាប់​យក​លុយ និង​គ្រឿងអលង្ការ​ទាំងនោះ ៕