ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមពាសមេឃ​ដុត​ស្នាក់​ការ​ធ្វើការ​របស់​សហ​គម​ន៏​ឆេះ​ហ្មត់

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ស្នាក់​ការ​បណ្ដោះអាសន្ន​របស់​សហគមន៍​ភូមិ​ពូ​គង់ ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រមាណ​ជា​៦០​នាក់​នាំ​គ្នា​ទៅ​ដុត​បំផ្លាញ​ខ្ទេច

ខេត្តមណ្ឌលគិរី ៖ ស្នាក់​ការ​បណ្ដោះអាសន្ន​របស់​សហគមន៍​ភូមិ​ពូ​គង់ ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រមាណ​ជា​៦០​នាក់​នាំ​គ្នា​ទៅ​ដុត​បំផ្លាញ​ខ្ទេច កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ មីនា ដោយ​ពួក​គេ​ជិះ​ម៉ូតូ​សំដៅ​ទៅ​ស្នាក់​ការ​ក្នុង​ដៃ​មាន​កាន់​ដប​សាំង និង​បិទមុខ ហើយ​បាន​ឡោម​ព័ទ្ធ​ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​រដ្ឋបាល​ការពារ​អភិរក្ស​ធម្មជាតិ​ដែល​ប្រចាំការ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខណៈនោះ​ពួក​គេ​បាន​សុំ​ចូល​ខាងក្នុង​ស្នាក់​ការ​ដោយ​ទាមទារ​ដើម្បី​បាន​កាប់​ព្រៃ ដុត​ឆ្ការ និង​ដាំដំឡូង ហើយ​ពួក​គេ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​លួច​ដុត​ស្នាក់​ការ​ពី​ខាងក្រោយ ។

មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​កាប់​រុករាន​ដី​ព្រៃ និង​សកម្មភាព​ដែល​ផ្ទុយ​ពី​ច្បាប់​ខាងលើ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ប្រធាន​គម្រោង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បាន​ចាត់តាំង​កម្លាំង​បន្ថែម​ឲ្យ​ប្រចាំការ​នៅ​ទីនោះ​ដើម្បី​ឃ្លាំមើល​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ ។ ប៉ុន្តែ​ពួក​គេ​មិន​ត្រឹមតែ​មិន​យល់ព្រម​ផ្អាក​សកម្មភាព​កាប់​ឆ្ការ បែរជា​បំផ្លាញ​សម្ភារ​របស់​មន្ត្រី​ជំនាញ​ខូចខាត​រួម​មាន អង្រឹង​១, ឯកសណ្ឋាន​កងរាជអាវុធហត្ថ​២​កំ​ប្លេ​, អា​គុយ​១, ស្បៀងអាហារ និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ត្រូវ​ភ្លើង​ឆេះ​អស់ ។

ស្នាក់​ការ​នេះ​សាងសង់​ឡើង​ដោយ​សហគមន៍​ភូមិ​ពូ​គង់ ដែល​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ ប្រក់​ស័ង្កសី ក្នុង​គោលបំណង​ស្នាក់​អាស្រ័យ និង​សម្រាក​បន្ទាប់​ពី​ចុះ​ដើរ​ល្បាត ។ ទោះ​យ៉ាងណា​ក៏​ដោយនៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ជន​ដៃដល់​ដែល​ថ្លើមពាសមេឃ​ដុត​ស្នាក់​ការ​ធ្វើការ​របស់​សហ​គម​ន៏​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕