ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យសព​សម្តេច​វិបុល​បញ្ញា ថ្ងៃ​19 ខែមីនា បូជាសព​នៅ​ទីលាន​ឈាបនដ្ឋាន​មុខ​វត្ត​បទុម​វ​តី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៥​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ដង្ហែ​ទៅ​ភូមិ​គ្រឹះ​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​គ្រឹះ​លេខ​៧០ ផ្លូវ​២១៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

កាលពី​ល្ងាច​ថ្ងៃ​១៥ មីនា រាជរដ្ឋាភិបាល​បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ពី​ការ​ទទួលមរណភាព​កាល​វេលា​ម៉ោង​១៨ និង​៣២​នាទី ថ្ងៃ​ទី​១៥ មីនា នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ ។

កម្មវិធី​បុណ្យសព​សម្ដេច​វិបុល​បញ្ញា សុខ អាន ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ថា នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈពេល​៤​ថ្ងៃ នឹង​ត្រូវធ្វើ​ពិធី​បូជា​នៅ​ទីលាន​ឈាបនដ្ឋាន​មុខ​វត្ត​បទុម​វ​ត្តី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា​ខាង​មុខ ។

ក្នុង​ពិធី​ទទួល​សព​មាន​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ទឹកមុខ​ស្រងូតស្រងាត់ និង​ក្រៀមក្រំ​បំផុត បាន​រួម​ដំណើរ​តាម​ជើង​យន្តហោះ​ជាមួយ​គ្នា​នេះ ពី​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​ដល់​មាតុភូមិ ។

ក្រុម​គ្រួសារ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី ត្រូវ​បាន​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​បាន​ទៅ​ទទួល​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ជាមួយនឹង​អារម្មណ៍​ក្តុកក្តួល គោរព​ដឹងគុណ និង​សោក​ស្តាយស្រណោះ អាឡោះអាល័យ​ជាទី​បំផុត ដោយ​ការ​បាត់បង់​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី ដែល​ជា​ថ្នាក់ដឹកនាំ ដ៏​ឆ្នើម​មួយ​រូប ជា​កុលបុត្រ ជា​បញ្ញវន្ត និង​ជា​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​រូប​របស់​កម្ពុជា ។

ខណៈ​ពេល​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី​បាន​មក​ដល់​ក៏​ត្រូវ​បាន​ធ្វើ​ពិធី​សាសនា​នៅ​ពេល​យន្តហោះ​ចុះ​មក​ដល់​ដី​ភ្លាម ដោយ​មាន​សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក​សូត្រធម៌ បង្សុកូល និង​ហែរ​ហម​ដោយ​ក្បួន​រថយន្ត និង​ម៉ូតូ​កិត្តិយស​ប្រកបដោយ​ភាព​ស្រងូតស្រងាត់​ឆ្ពោះទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធីបុណ្យ ស្ថិត​នៅ​គេហដ្ឋាន​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន នៅ​ផ្លូវ​សម្តេច​ប៉ាន ក្នុង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សេចក្តីសម្រេច​ក្នុង​ការ​បង្កើត​គណៈកម្មការ និង​អនុ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យសព គឺជា​ការ​គោរព និង​តបស្នង​នូវ​គុណ​បំណាច់​ដ៏​ធំធេង​កាត់ថ្លៃ​មិន​បាន​ដែល​សម្តេច​វិបុល​បញ្ញា​ឧបនាយករដ្ឋមន្ត្រី បាន​តស៊ូ លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ​ក្នុង​បុព្វហេតុ​បំរើ​ផលប្រយោជន៍​ជាតិ​មាតុភូមិ​ទាំងមូល​នា​ពេល​កន្លង​មកនេះ ។

គួ​រំលឹក​ផង​ដែរ​ថា គុណសម្បត្តិ និង​ស្នាដៃ​ជា​ច្រើន​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី ជា​ពិសេស​ទេព​កោសល​ដ៏​ប៉ិន​ប្រសប់​ផ្នែក​ការទូត បាន​នាំ​ឲ្យ​កម្ពុជា​មានឈ្មោះ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​ដូច​ជា ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ និង​ប្រាសាទអង្គរវត្ត​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ការងារ
លេចធ្លោ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ដណ្តើម​បាន​ជោគជ័យ​លើ​រឿង​ក្តី​ប្រាសាទព្រះវិហារ ទប់​ទប់​ជាមួយនឹង​ប្រទេស​ជិតខាង​ដែល​រំលោភ​ទន្ទ្រាន​លើ​អធិបតេយ្យ​កម្ពុជា​ជាដើម ។

ហើយ​សំខាន់​ជាង​នេះ​ទៀត​នោះ សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុង​មួយ​ជីវិត​បាន​ឲ្យ​តម្លៃ​ខ្ពស់​បំផុត លើ​ការងារ​វប្បធម៌ និង​លើកកម្ពស់​កិត្យានុភាព​ខ្មែរ​រហូត​ដល់​ជីវិត​ចុង​ក្រោយ ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​មួយ ដោយ​បង្កើត​គណៈកម្មការ ដើម្បី​រៀបចំ​បុណ្យសព ។ គណៈកម្មការ​រៀបចំ​បុណ្យសព​នេះ​ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន ជា​ប្រធាន និង​សម្តេចព្រះ​ពោធិ​វង្ស អំ លឹ​ម​ហេង ព្រះសង្ឃ​នាយករង​ទី​២ នៃ​ព្រះរាជា​ណា​ក​ចក្រ​កម្ពុជា ជា​អនុប្រធាន រួម​ទាំង​សមាជិក​ជា​ច្រើន​ទៀត ។

មរណភាព​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​ការ​បាត់បង់​ដ៏​ធំធេង​បំផុត

ការ​ទទួលមរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន គឺ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ប្រោស​ព្រះ​រាជទាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន » ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា សម្តេច​វិបុល​បញ្ញា បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ច្រើន​ខែ​មក​ហើយ និង​បាន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ក្រៅប្រទេស ។ នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ឥស្សរជន​ដ៏​ឆ្នើម​មួយ​រូប ។

មន្ត្រី​ដដែល​បន្ត​ថា នេះ​មិនមែន​ជា​រឿង​ធម្មតា​ទេ តែ​ជា​ការ​បាត់បង់​ធំធេង​ណាស់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ប្រភព​ធនធានមនុស្ស​សំខាន់ ប៉ុន្តែ​ការ​ស្លាប់​គឺជា​ក្រឹត្យក្រម​ធម្មជាតិ​ទៅ​ហើយ គ្មាន​នរណា​ម្នាក់​គេច​ផុត​បាន​ឡើយ ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា សម្តេច​វិបុល​បញ្ញា សុខ អាន ជា​អតីត​អ្នកការទូត​ដ៏​ចំណាន​មួយ​រូប និង​ជា​ឥស្សរជន​ខ្មែរ
នាំមុខ​គេ​ក្នុង​កិច្ចការ​វប្បធម៌ ដោយ​លោក​បានធ្វើ​ឲ្យ​បេតិកភណ្ឌ​ជាតិខ្មែរ ក្លាយជា​បេតិកភណ្ឌពិភពលោក ក្នុង​នោះ​មាន​ប្រាង្គ​ប្រាសាទព្រះវិហារ ។

«​លោក​បាន​ដាក់​ប្រាសាទព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​ជោគជ័យ ទោះជា​មាន​ឧបសគ្គ​យ៉ាងណា​ក៏​ដោយ ដែល​ទូត​អា​មេ​រិ​កាំ​ង​បាន​និយាយ​ថា លោក​មាន​ភាព​ជំនាញ​វៃឆ្លាត ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការងារ​ទូត ដែល​ធ្វើ​ឲ្យ​ប្រាសាទព្រះវិហារ​ទទួលស្គាល់​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត គឺ​ទទួលស្គាល់​ដោយ​ឯកច្ឆន្ទ​នៅ​ឆ្នាំ​២០០៨» ។

លោក ផៃ ស៊ី​ផា​ន បន្ត​ថា សម្តេច​វិបុល​បញ្ញា បាន​បំពេញការងារ​ជា​ច្រើន​ផ្សេង​ទៀតទាក់ទង​នឹង​បញ្ហា​ព្រំដែន និង​ទំនាក់ទំនង​ខ្មែរ​-ថៃ ក៏​ដូច​ជា​កិច្ចការរដ្ឋបាល​ក្នុង​វិស័យ​នយោបាយ​របស់​ប្រទេស​កម្ពុជា ។

សម្តេច​វិបុល​បញ្ញា ក៏​ជា​ដន្លង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ រវាង​កូនស្រី​ពៅ​សម្តេច និង​កូនប្រុស​របស់​សម្តេច​វិបុល​បញ្ញា ។

កូនប្រុស​ច្បង​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន គឺ​លោក សុខ ពុទ្ធិ​វុ​ធ ត្រូវ​គេ​ដឹង​ថា ជា​ប្រធាន​សហព័ន្ធ​ផលិត​ស្រូវ​អង្ករ​កម្ពុជា ។ ចំណែក​កូនប្រុស​៣​នាក់​ផ្សេង​ទៀត គឺ​លោក សុខ សូ​កេ​ន ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ លោក សុខ សង្វារ គឺជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក សុខ សូ​កាន ត្រូវ​បាន​ជ្រើសរើសឲ្យ​ធ្វើ​ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជំនួស​លោក សូរ ឃុន អតីត​តំណាងរាស្ត្រ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ទទួលមរណភាព ។

សម្តេច​វិបុល​បញ្ញា សុខ អាន បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និង​សង្គម​សាស្ត្រ និង​បន្ត​យក​សញ្ញាបត្រ​ផ្នែក​គរុវិជ្ជា​ជាន់ខ្ពស់ ព្រមទាំង​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​ជាតិ​រដ្ឋបាល​ជាន់ខ្ពស់ ផ្នែក​ការទូត នៅ​មុន​ពេល​លោក​ចូល​បម្រើ​ក្នុង​កិច្ច​ការងារ​រដ្ឋ​ចាប់ពី​សម័យ​រដ្ឋ​កម្ពុជា រហូត​មក​ដល់​រាជរដ្ឋាភិបាល​សព្វថ្ងៃ ។

ស្រប​ពេល​នឹង​ការ​ទទួលមរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន តាម​រយៈ​លិខិត​មួយ​ដែល​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក លោក ប៊ុ​ន អ៊ុយ ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ដោយ​យោង​តាម​សំណើ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ប្រាក់​ចំនួន​៣​ពាន់​លាន​រៀល​ស្មើនឹង​៧៥​ម៉ឺន​ដុល្លារ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ «​សម្រាប់​ចំណាយ​រៀបចំ​ពិធីបុណ្យសព​» ។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ សុ​ផា​ន មាន​ប្រសាសន៍​ថា តួលេខ​ចំណាយ​នេះ​មិន​អាច​គណនា​ទូទាត់​និង​សមិទ្ធផល​ដែល​សម្តេច​វិបុល​បញ្ញា​បាន​បន្សល់​ទុក​សម្រាប់​ប្រទេស​កម្ពុជា​ឡើយ ។

សម្តេច​មានគុណ​វុឌ្ឍិ​សំខាន់​ៗ​ជា​ច្រើន រាប់​ចាប់ពី​ការ​ចូលរួម​បង្កើត​គណៈកម្មាធិការ​កសាង​សន្តិភាព​នា​ទសវត្សរ៍​ឆ្នាំ​៨០ ការ​ចរចា​ជាមួយ​អន្តរជាតិ​ក្នុង​ការ​រៀបចំ​សាលាក្តី​ខ្មែរក្រហម ការ​អភិរក្ស​និង​អភិវឌ្ឍន៍​អង្គរ ព្រមទាំង​ការ​ដាក់​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជាដើម ។

លោក ផៃ ស៊ី​ផា​ន បន្ថែម​ថា តួលេខ​នេះ​មិន​ខ្ជះខ្ជាយ​ពេក​ទេ ព្រោះ​រួម​បញ្ចូល​ការ​ចំណាយ​ថ្លៃ​យន្តហោះ ដឹក​សព​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ និង​ការ​រៀបចំ​ពិធី​ឱ្យ​បាន​សមរម្យ​តាម​ទំនៀមទម្លាប់​ប្រពៃណី ស័ក្តិសម​នឹង​កិត្តិយស​របស់​សព ។

ទាក់ទង​នឹង​ការ​បង្ហាញ​ក្នុង​បណ្តាញ​សង្គម​នូវ​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ប៊ុ​ន អ៊ុយ លោក ផៃ ស៊ី​ផា​ន បញ្ជាក់​ថា ការ​ប្រកាស​ខ្ទង់ចំណាយ​នេះ គឺជា​ចេតនា​បង្ហាញ​តម្លាភាព​របស់​គណៈរដ្ឋមន្ត្រី ហើយ​ក៏​ជា​កម្រិតស្តង់ដារ​មួយ​ដែល​រាជរដ្ឋាភិបាល​ធ្លាប់​ចំណាយ​រៀបចំ​បុណ្យសព​កន្លង​មក សម្រាប់​គោរមងារ​ជា «​សម្តេច​» ៕       

ការិយាល័យ​និពន្ធ