ខេត្តឧត្តរមានជ័យ ៖ ទីបំផុត ឃាតករសម្លាប់ស្ត្រីម្នាក់ទាំងអាក្រាតកាយ និងមានស្លាកស្នាមកាប់ជាច្រើនពូថៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរហូតឃាត់ខ្លួនបានហើយ នៅថ្ងៃទី១៦ មីនា នេះ ការពិតគឺជាកូនធម៌របស់ស្ត្រីរងគ្រោះតែម្តង ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះសិត សារ៉ាត អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងខ្យាង ឃុំស្វាយអំពេ ស្រុកបរសេដ ខេត្តកំពង់ស្ពឺ ដោយសព្វថ្ងៃស្នាក់នៅផ្ទះជាមួយស្ត្រីរងគ្រោះបានជាង១ខែប៉ុណ្ណោះ ។ រីឯសាកសពស្ត្រីរងគ្រោះឈ្មោះជុន ច្រឹប អាយុ៤៥ឆ្នាំ (ស្នាក់កាប់១២កន្លែង) និងមានប្តីឈ្មោះនឹប ប៊ុនខ្លី អាយុ៥១ឆ្នាំ មានទីលំនៅនៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ជាកន្លែងកើតហេតុ) ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានកាប់ស្ត្រីរងគ្រោះពិតប្រាកដមែន ។ មូលហេតុនោះ គឺខឹងប្តីជនរងគ្រោះ ដែលជាឪពុកធម៌មើលងាយខ្លួនថា «ចិញ្ចឹមមនុស្សអន់ជាងចិញ្ចឹមឆ្កែ វាស្គាល់ម្ចាស់ បើអាមួយនេះ ថ្ងៃណាមួយវាខែបែរជាខាំវិញ» ។
គួររំលឹកថា មានការភ្ញាក់ផ្អើលដោយសាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយ និងក្នុងថ្លុកឈាមគួរឱ្យសង្វេគ ហើយមានស្លាកស្នាមកាប់ជាច្រើនពូថៅ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនា ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ករណីនេះ ត្រូវសមត្ថកិច្ចដាក់ការសង្ស័យថា អាចជារឿងគំនុំ រួមនឹងការរំលោភសេពសន្ថវៈ ហើយសម្លាប់ចោល ។
ចែករំលែកព័តមាននេះ