ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់ លំនៅ​ឋាន សាលារៀន​ជាង​100​ខ្នង​ត្រូវ​បាន​បំផ្លាញ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ លំនៅ​ឋាន​ជិត​៩០​ខ្នង ខ្លះ​បាន​ដួល​រលំ និង​ខ្លះ​របើក​ដំបូល ដោយសារ​ខ្យល់​កន្ត្រាក់​ខណៈ​មាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង នៅ​ស្រុក​ជាំ​ក្សាន្ត

ខេត្តព្រះវិហារ ៖ លំនៅ​ឋាន​ជិត​៩០​ខ្នង ខ្លះ​បាន​ដួល​រលំ និង​ខ្លះ​របើក​ដំបូល ដោយសារ​ខ្យល់​កន្ត្រាក់​ខណៈ​មាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង នៅ​ស្រុក​ជាំ​ក្សាន្ត កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ឱ្យ​ដឹង​ថា ផ្ទះដែល​រង​ការ​ខូចខាត​នោះ មួយ​ចំនួន​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង និង​មួយ​ចំនួន​ទៀត​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ។ គ្រោះ​ធម្មជាតិ​នេះ ក៏​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួសធ្ងន់​និង​ស្រាល​ដែរ តែ​មិន​មាន​អ្នក​ណា​ម្នាក់​បាត់បង់​អាយុជីវិត​ឡើយ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​មួយ​ចំនួន​ក៏​រង​ការ​ខូចខាត​ដែរ ។

លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន នាយសេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា បាតុភូត​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ជាំ​ក្សាន្ត កាលពី​ល្ងាច​ថ្ងៃ​១៤ ខែមីនា បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ដែល​សង់​អំពី​ឈើ​ប្រក់​ក្បឿង និង​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ដែល​ផ្ទះ​ខ្លះ​ទ្រេត ខ្លះ​របើក​ដំបូល ខ្លះ​ដួល​រលំ​រាប​ដល់​ដី ព្រមទាំង​រង​របួសស្រាល​៣​នាក់​និង​ធ្ងន់​២​នាក់ ក្នុង​នោះ​មាន​ស្រី្ត​ម្នាក់​និង​កុមារ​ម្នាក់ ។

បន្ទាប់​ពី​មាន​គ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់ បោកបក់​បំផ្លាញ​ផ្ទះសម្បែង​នៅ​ស្រុក​ជាំ​ក្សាន្ត​នេះ លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ដើម្បី​ការពារ​សុវត្ថិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ ។ ជា​ពិសេស​ត្រូវ​យល់​ដឹង​ចំពោះ​ហានិភ័យ​នៃ​គ្រោះ​ធម្មជាតិ ព្រោះថា បច្ចុប្បន្ន​នេះ​ជា​រដូវភ្លៀង​កក់ខែ និង​កៀក​ចូល​រដូវវស្សា​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដូច្នេះ​ហើយ​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​អាច​នឹង​កើត​ឡើងជា​បន្ត​ទៀត ។

យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បង្ហាញ​ថា គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះសម្បែង​នៅ​ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​ជាំ​ក្សាន្ត ក្នុង​នោះ​មាន ឃុំ​ទឹក​ក្រហម ឃុំ​ជាំ​ក្សាន្ត ឃុំ​យាង និង​ឃុំ​មរកត ប៉ះពាល់​ផ្ទះ​ចំនួន​៨៩​ខ្នង ក្នុង​នោះ​ប៉ះពាល់​ធ្ងន់​ចំនួន​១៦​ខ្នង ប៉ះពាល់​មធ្យម​៣៣​ខ្នង និង​ស្រាល​៤០​ខ្នង ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ​យកអំណោយ​ទៅ​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយមហន្តរាយ​គ្រោះ​ធម្មជាតិ​នេះ ដែល​ក្នុង​១​គ្រួសារ​ៗទទួល​បាន​អង្ករ​២៥​គីឡូក្រាម ទឹក​ស៊ី​អុ​ី​វ​១​យួរត្រីខ​១​យួរ តង់​១ និង​ប្រាក់​២០​ម៉ឺន​រៀល​។ ដោយឡែក អំណោយ​ផ្ទាល់ខ្លួន​បន្ថែម​របស់​លោក​ជំទាវ ចាន់ សា​ម៉ី ស្រី ឌឹ​ក ក្នុង​១​គ្រួសារ​១០​ម៉ឺន​រៀល​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា ចំពោះ​ផ្ទះសម្បែង​ដែល​រង​ការ​ខូចខាត​ទាំងអស់ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក នាយ​រង​សេនាធិការ​ចម្រុះ និង​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​លោក​ជំទាវ​ជា​ភរិយា បាន​សម្រេច​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជួយ​ជួសជុល​និង​សាងសង់​ឡើង​វិញ​ផង​ដែរ ។

ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​៦​ខ្នង​នៅ​ក្នុងស្រុក​វើន​សៃ

ខេត្តរតនគិរី ៖ របាយការណ៍​បឋម​របស់អាជ្ញាធរ​ខេត្ត​និង​ស្រុក​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​សាលារៀន និង​ស្លាក​គណបក្ស​នយោបាយ បានរង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ក្នុង​នោះ​ស្ត្រី​ម្នាក់​បាន​រង​គ្រោះ​ដោយ​ពស់មានពិស​ចឹក​ទៀត​ផង ។

របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា ឃុំ​ចំនួន​៣​នៅ​ក្នុងស្រុក​វើ​ន​សៃ ត្រូវ​ខ្យល់កួច​ដំបូលផ្ទះ​អស់​សរុប​ចំនួន​៦​ខ្នង  ក្នុង​នោះ​ឃុំ​ប៉ា​កា​ឡាន់​ចំនួន​៤​ខ្នង ឃុំ​ភ្នំ​កុក​ចំនួន​១​ខ្នង និង​ឃុំ​កា​ចូ​ន​ចំនួន​១​ខ្នង ក្រៅពី​នោះ​ស្លាក​សាលារៀន​១​បាន​ធ្លាក់​ចុះ​មក​ដី ។ ដោយឡែក នៅ​ឃុំ​វើ​ន​សៃ ស្លាក​គណបក្ស​នយោបាយ​ចំនួន​២​ក៏​ត្រូវ​ខ្យល់កួច​បាក់​ធ្លាក់​ដល់​ដី​ដែរ ។

សូម​បញ្ជាក់​ថា ថ្មី​ៗ​កន្លង​ទៅ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ថា ចាប់ពី​ថ្ងៃ​ទី​១២ ឬ​ថ្ងៃ​ទី​១៣ ខែមីនា អាច​នឹង​មាន​ភ្លៀង​កក់ខែ​ស្ទើរ​ទូ​ទាំង​ប្រទេស ហើយ​ភ្លៀង​កក់ខែ​អាច​នឹង​អូស​បន្លាយ​ច្រើន​ថ្ងៃ​ទៀត ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មេឃ​ចាប់ផ្តើម​ងងឹត​និង​មាន​ភ្លៀង​ធ្លាក់​ស្រិច​ៗ បន្តិច​ក្រោយមក​ស្រាប់តែ​មេឃងងឹត​ឈឹង និង​ធ្វើ​ឱ្យ​ពួក​គាត់​ភិតភ័យ​យ៉ាង​ខ្លាំង​ព្រោះ​មាន​សំឡេង​ខ្យល់​កន្ត្រាក់​។ គាត់​បន្ត​ថា បាតុភូត​ធម្មជាតិ​ដែល​កើត​មាន​នេះ​កន្លង​មក​នៅ​ស្រុកភូមិ​របស់​គាត់​មិន​ដែល​ជួប​ប្រទះ​ទេ នេះ​គឺជា​លើក​ទី​១​ហើយ ។

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​២​ថ្ងៃ​លំនៅឋាន​១៧​ខ្នង​រង​ការ​ខូចខាត

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ស្ទើរ​រលាក​ស្បែក​អស់​មួយ​រយៈពេល​មក នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ផ្ទៃមេឃ​ចាប់ផ្តើម​ខ្មៅ​អួអាប់ បង្ក​ជា​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ​នៅ​ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ អស់​ចំនួន​១២​ខ្នង ក្នុង​នោះ​រង​ការ​ខូចខាត​ធ្ងន់​៣​ខ្នង ។ រីឯ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បន្ត​បំ​ប៉ើង​ដំបូលផ្ទះ​នៅ​ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​អស់​ចំនួន​៥​ខ្នង និង​រង​ការ​ខូចខាត​ធ្ងន់​១​ខ្នង ។

ប្រភព​ព័ត៌មាន​ពី​លោក សូ កង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បានឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​នេះ​មិន​បណ្តាល​ឱ្យ​មនុស្ស សត្វ រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ
ប៉ុន្តែ​អំបែង​ដំបូលផ្ទះ​បាន​ប៉ើង​ធ្លាក់​ទៅ​ត្រូវ​ស្ត្រីម្នាក់​នៅ​ភូមិ​ថ្មី​រង​របួសស្រាល ។ ចំណែកឯ​ដើមស្វាយ ត្រូវ​ខ្យល់​បុក​ប៉ើង​បាក់​អស់​ជា​ច្រើន ដើម និង​ដួល​សង្កត់​ទៅ​លើ​ផ្ទះ​អ្នក​ភូមិ​ផង​ដែរ ។

លោក សូ កង បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​មាន​ភ្លៀង​ឬ​ខ្យល់​ខ្លាំង សូម​រក​កន្លែង​ជ្រក​ឱ្យ​បាន​ស្រួលបួល ហើយ​ត្រូវ​ដក​ឌុ​យ​ទូរទស្សន៍​ចេញ​ផង​ដែរ ដើម្បី​ចៀសវាង​រង​ការ​ខូចខាត​ដោយសារ​រន្ទះបាញ់ ៕