ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកបរសេដ្ឋ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពចាប់រំលោភម្តាយមីងបង្កើតរបស់ខ្លួនបានសម្រេច២លើក ពេលត្រឡប់មកពីការកូនអ្នកភូមិជាមួយគ្នាវិញ ហើយថែមទាំងគំរាមសម្លាប់ទៀត បើហ៊ានយករឿងនេះ ប្រាប់ដល់អ្នកផ្សេងឱ្យដឹង ។
លោកអនុសេនីយ៍ឯក ឃុន សុផល អធិការរងនគរបាលស្រុកបរសេដ្ឋបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈនេះ កើតឡើងកាលពីយប់ថ្ងៃទី១១ មីនា នៅលើទំនប់ត្រពាំងខ្យង ឃុំនិទាន ស្រុកបរសេដ្ឋ ដែលជនសង្ស័យឈ្មោះឈិត វិបុល អាយុ២៧ឆ្នាំ មានប្រពន្ធនិងកូន២នាក់ ។ ចំណែកស្ត្រីរងគ្រោះជាម្តាយមីង អាយុ៦០ឆ្នាំ (ត្រូវជាប្អូនស្រីបង្កើតរបស់ឪពុកជនល្មើស) ។
លោកអធិការរងបន្តថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ មីនា នៅឃុំនិទាន ស្រុកបរសេដ្ឋ។ លោកអធិការរងបន្តថា រឿងនេះបានបែកធ្លាយ បន្ទាប់ពីស្ត្រីរងគ្រោះប៉ុនប៉ងធ្វើអត្តឃាត ដោយសារតូចចិត្តនឹងក្មួយប្រុសព្រហើនរហូតចាប់រំលោភគាត់ ដែលប្រៀបបានជាម្តាយរបស់ខ្លួននោះ ។
ក្រោយពីត្រូវនគរបាលឃាត់ខ្លួន ជនសង្ស័យឈ្មោះឈិត វិបុល បានសារភាពថា មុនពេលកើតហេតុ រូបគេនិងម្តាយមីងបានជិះម៉ូតូឌុបគ្នាទៅហូបការកូនអ្នកភូមិ ។ លុះពេលត្រឡប់មកវិញ ស្រាប់តែរូបគេមានអារម្មណ៍ចង់រួមរ័ក ក៏ឈប់ម៉ូតូលើខ្នងទំនប់ ហើយធ្វើសកម្មភាពចាប់រំលោភម្តាយមីងខ្លួនតែម្តង ។
ក្រោយពីរំលោភហើយ គេបានគំរាមថា បើហ៊ានយករឿងនេះទៅប្រាប់អ្នកដទៃឱ្យដឹង រូបគេនឹងសម្លាប់ចោល ។ បន្ទាប់មក ដឹកម្តាយមីងដែលទើបរំលោភរួចតាមម៉ូតូចេញពីខ្នងទំនប់បានប្រមាណ១គីឡូម៉ែត្រ ក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេចម្តងទៀត រួចហើយទើបដឹកយកមកផ្ទះធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ។
នៅព្រឹកថ្ងៃទី១៥ មីនា សមត្ថកិច្ចនគរបាលស្រុកបរសេដ្ឋ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។
ចែករំលែកព័តមាននេះ