រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍សម្ពោធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី កម្ពុជាថៃ ឬខ្សែកាប្លិ៍ MCT ជាកាលានុវត្តភាពនៃការបើកទំព័រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសញ្ញាបង្ហាញអំពីភាពជាដៃគូយូរអង្វែងរវាងក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងប្រទេសទាំង៣ ដែលបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុតត្រូវបានបញ្ចប់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់សេវាកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងក្នុងពិភពលោក ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រីប្រាស់ជាផ្លូវការនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលជាកត្តាចាំបាច់និងលើកស្ទួយមុខមាត់របស់ប្រទេសក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ការស្ថាបនាខ្យែកាប្លិ៍ក្រោមបាតសមុទ្រ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយអ៊ីនធើរណេតល្បឿនលឿន ដែលត្រូវបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ក្នុងកាអនុវត្ត ការអភិវឌ្ឍធនធានមនុស្ស ការពង្រីកភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការបង្កើនការចូលរួមរបស់ប្រជាជនឲ្យកាន់តែទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
លោករដ្ឋមន្ត្រីបន្តថា ម្យ៉ាងវិញទៀតការតភ្ជាប់បន្ថែមតាមបណ្តាញខ្យែកាប្លឹក្រោមបាតសមុទ្រ នឹងចូលរួមចំណែកក្នុងការពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងតាម
រយ:ការជំរុញការវិនិយោគ ក្នុងការបន្តពង្រីកសមត្ថភាពនៃការប្រើប្រាស់អ៊ីនធើរណេតល្បឿនលឿន និងការលើកទឹកចិត្តឲ្យប្រីប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួមឲ្យបានដល់តំបន់ដែលមានសក្តានុពលខាងសេដ្ឋកិច្ចនិងទេសចរណ៍ ក៏ដូចជាតំបន់ដាច់ស្រយាលដែលគ្មាន ឬមានសេវាទូរគមនាគមន៍មិនគ្រប់គ្រាន់ ។
លោក ផូល ប្លែន ហ័រហ្គែន អគ្គនាយកក្រុមហ៊ុន អ៊ីហ្ស៊ីខម បានថ្លែងក្នុងព្រឹត្តិការណ៍នេះថា យើងបានទន្ទឹងរង់ចាំថ្ងៃនេះអស់ពេលជាយូរមកហើយ ។ យើងបានចាប់ផ្តើមគម្រោងនេះកាលពី៦ឆ្នាំមុន ហើយថ្ងៃនេះក្នុងឆ្នាំ២០១៧ គម្រោងទាំងមូលបានបញ្ចប់ជាស្ថាពរ ដែលសម្រាប់ខ្ញុំ គឺវាដូចជាសុបិនក្លាយជាការពិតដូច្នេះដែរ។
លោកអគ្គនាយកក្រុមហ៊ុនបានបន្តថា ចំណុចសំខាន់បំផុតមិនអាចមើលរំលងបាននោះ គឺសមត្ថភាពរបស់ប្រព័ន្ធខ្យែកាប្លឹក្រោមបាតសមុទ្រ MCT ក្នុងសន្តិសុខនៃការតភ្ជាប់អ៊ីនធើរណេតរបស់យើង ។ ប្រការនេះពិតជាសំខាន់ ដែលអស់លោកប្រាកដជាស្វែងយល់ដឹង តួយ៉ាងដូចជា សារៈសំខាន់នៃសន្តិសុខអុីនធើរណេត ក្នុងបរិបទនៃសន្តិសុខជាតិ ដែលជាកត្តាចាំបាច់សម្រាប់សហគមន៍អាស៊ានទាំងមូល ក៏ដូចជាសារៈសំខាន់នៃសន្តិសុខអ៊ីនធើរណេតសម្រាប់វិស័យសំខាន់ៗជាច្រើន ដូចជាវិស័យធនាគារជាដើម ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ ថា ថ្ងៃនេះកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រមួយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។ ប្រព័ន្ធខ្សែកាប្លឹអុបទិកក្រោមបាតសមុទ្រ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលប្រើប្រាស់សម្រាប់វិស័យអុីនធើរណេត ទូរស័ព្ទ និងការបញ្ចូនទិន្នន័យឌីជីថលផ្សេងៗទៀត ដែលប្រព័ន្ធខ្សែកាប្លឺទាំងមូលត្រូវបានសាងសង់នៅក្រោមបាតសមុទ្រ ហើយតភ្ជាប់ពីស្ថានីយផ្ទុកនិងបញ្ជូនទិន្នន័យលើគោក ពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា បច្ចេកវិទ្យាខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលមានសមត្ថភាពបញ្ជូនទិន្នន័យទូរគមនាកមន៍បែបនេះ កាលពីប៉ុន្មានទសវត្សរ៍មុន គឺមានតែនៅប្រទេសអភិវឌ្ឍន៍ធំៗប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ កម្ពុជាយើងក៏មានសមត្ថភាពតភ្ជាប់មិនចាញ់គេដែរ ។
ប្រព័ន្ធខ្សែកាប្លឹអុបទិកក្រោមបាតសមុទ្រ MCT មានសមត្ថភាពបញ្ជូនទិន្នន័យក្នុងល្បឿនសរុបរហូតដល់៣០តេរ៉ាប៊ីតក្នុងមួយវិនាទី (១តេរ៉ាប៊ីតស្មើ១.០០០ជីកាបៃ) ដោយភ្ជាប់ប្រទេសម៉ាឡេស៊ី កម្ពុជា ថៃរួមគ្នា ។
សម្តេចក្រឡាហោម មានប្រេសាសន៍ថា ភាពជោគជ័យថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្ថិរភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងទទួលបាន ។ បច្ចុប្បន្ន យើងកំពុងរស់នៅលើមាតុភូមិដែលមានសុខសន្តិភាពពេញលេញ សេរីភាព និងកាអភិវឌ្ឍជាលំដាប់ ។ សង្គមជាតិទាំងមូលកំពុងមានវឌ្ឍនភាពលើគ្រប់វិស័យ តួយ៉ាងដូចជា សមិទ្ធផលក្នុងវិស័យទូរគមនាគមន៍ព័ត៌មានវិទ្យាថ្ងៃនេះ ។ ព្រមជាមួយនេះ កិតិ្តយសនិងកិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់កាន់តែខ្ពស់ឡើងនៅលើឆាកអន្តរជាតិ ។
យើងរំពឹងទុកថា ជាមួយនឹងការតភ្ជាប់បណ្តាញខ្សែកាប្លឹអុបទិកក្រោមបាតសមុទ្រលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានប្រព័ន្ធអ៊ីនធើរណេតលឿនជាងមុន ទុកចិត្តបានជាងមុន តម្លៃប្រសើរជាងមុន និងសំខាន់បំផុតនោះគឺមានសុវត្ថិភាពជាងមុន ។ នេះជាប្រយោជន៍មិនអាចកាត់ថ្លៃបានដល់វិស័យសំខាន់ៗ ទាំងធំ ទាំងតូច ដូចជាស្ថាប័នរាជរដ្ឋាភិបាល វិស័យធនាគារនិងហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ក៏ដូចជាសុវតិ្ថភាពប្រព័ន្ធអ៊ីនធើរណេតសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់ ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ដោយសុទិដ្ឋិនិយមថា ប្រព័ន្ធខ្សែកាប្លឹអុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ នឹងចូលរួមចំណែកជំរុញការអភិវឌ្ឋសេដ្ឋកិច្ចកម្ពុជាឲ្យឈានឡើងមួយកម្រិតទៀត និងលើកស្ទួយមុខមាត់របស់ប្រទេសយើងក្នុងតំបន់អាស៊ាន និងនៅលើសាកលលោក ៕
ចែករំលែកព័តមាននេះ