រកឃើញបញ្ជីឈ្មោះ បេក្ខជនក្នុងមុខតំណែងឃុំ-សង្កាត់មកពីបក្សមួយទៅឈរឈ្មោះឱ្យបក្សមួយទៀត
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានរកឃើញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងពេញសិទ្ធិ ឬបម្រុង
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានរកឃើញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងពេញសិទ្ធិ ឬបម្រុង
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានរកឃើញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងពេញសិទ្ធិ ឬបម្រុង ជាបេក្ខជនក្នុងមុខតំណែងមកពីគណបក្សនយោបាយមួយចំនួន ហើយបានចូលក្នុងគណបក្សនយោបាយផ្សេងទៀត។ នេះបើតាមការឱ្យដឹងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
យោងតាមលិខិតមួយដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៤ ខែមីនា ស្តីពីការអនុវត្តគោលការណ៍ និងនីតិវិធីចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលបានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្នុងមុខតំណែង ដែលមកពីគណបក្សមួយចំនួន បានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុងរបស់គណបក្សមួយទៀត ដែលមិនមែនជាគណ
បក្សនយោបាយដែលខ្លួនបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សនយោបាយនោះ ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងករណីពាក់ព័ន្ធខាងលើនេះ អនុលោមតាមមាត្រា១៥ និងមាត្រា១៦នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា ប្រជាពលរដ្ឋម្នាក់មិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយក្នុងពេលតែមួយបានទេ ។ ក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សនានាយ៉ាងច្រើន
សមាជិកក្នុងគណបក្សនយោបាយចុងក្រោយ ត្រូវចាត់ទុកជាបានការ ។ ទន្ទឹមនោះ សមាជិកគណបក្សនយោបាយត្រូវបាត់បង់សមាជិកភាពរបស់ខ្លួនក្នុងករណីបានលាឈប់ ឬបានបោះបង់សមាជិកភាពនៃគណបក្សរបស់ខ្លួន ។
លិខិតបានបញ្ជាក់ថា«ប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ របស់គណបក្សនយោបាយមួយបានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិឬបេក្ខជនបម្រុងរបស់គណបក្សនយោបាយមួយផ្សេងទៀតនោះ សមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ទុកជាបានការ ។ ដូច្នេះ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទាំងនោះ នឹងត្រូវបាត់បង់សមាជិកភាពពីគណបក្សនយោបាយដើមរបស់ខ្លួន ស្របតាមស្មារតីច្បាប់ស្តីពីគណបក្សនយោបាយ ។ ទន្ទឹមនឹងនេះ ផ្អែកតាមមាត្រា១៦នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងមាត្រា២២នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការបាត់បង់សមាជិកភាពពីគណបក្សនយោបាយ នឹងនាំឱ្យសាមីខ្លួនបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាផងដែរ» ។
ក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេងបានលើកឡើងទៀតថា ចំពោះសមាជិកក្រុមប្រឹក្សា ដែលបានបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ហើយនោះ សាមីខ្លួននឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទៀតឡើយ ។ ទន្ទឹមនេះ អង្គភាពឬមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រង និងការបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់ក្រុមប្រឹក្សានោះ ត្រូវធ្វើការត្រួតពិនិត្យ និងចាត់វិធានការនានាពាក់ព័ន្ធនឹងការបើកប្រាក់ឧបត្ថម្ភរបស់សាមីខ្លួនស្របទៅតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ។
ការលើកឡើងនៃលិខិតរបស់សម្តេចក្រឡាហោម ស ខេង នេះ គឺបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសទទួលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន១២គណបក្ស ដែលសរុបបេក្ខជនទាំងអស់មានចំនួន៦.១១៦នាក់នៅទូទាំងប្រទេស ។ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខនេះមានគណបក្សនយោបាយចំនួន២ បានដាក់បេក្ខជនឈរឈ្មោះរបស់ខ្លួនគ្រប់ឃុំ សង្កាត់ទាំង១.៦៤៦ទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។
លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងក្នុងពិធីជួបជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅទីស្នាក់ការកណ្តាលគណបក្ស កាលពីថ្ងៃទី១៤ ខែមីនា ថា គណបក្សសង្គ្រោះជាតិបានដាក់បេក្ខភាពទូទាំង១.៦៤៦ឃុំសង្កាត់ ដែលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រឆាំងក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ។
ជាមួយគ្នានេះ លោកក៏បានព្រមានថា នឹងដកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណាដែលទទួលបានតួនាទីហើយមិនបង់លុយចូលបក្ស ។លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿថា ថ្នាក់ដឹកនាំឃុំ សង្កាត់ នៅរាជធានីភ្នំពេញ នឹងចាប់ដៃគ្នាធ្វើការ គោរពសេចក្តីសម្រេចរបស់បក្សឱ្យបានត្រឹមត្រូវ បង់ថវិកា ។ នេះជាកាតព្វកិច្ចដែលយើងត្រូវធ្វើបន្ត ហើយសូមកុំបានតួនាទី បានកៅអីហើយ ស្អីក៏មិនធ្វើ លុយក៏មិនបង់ ។ ពួកយើងខ្ញុំរក្សាសិទ្ធិនៅក្នុងការពិនិត្យមើលបេក្ខភាពទាំងអស់នោះឡើងវិញ» ។
លោក យឹម សុវណ្ណ ក៏បានទទួលស្គាល់ថា គណបក្សប្រឆាំងបានជួបផលវិបាកក្នុងការរៀបចំបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋានរាជធានីភ្នំពេញផងដែរ ។ លោកថា«នៅរាជធានីភ្នំពេញនេះ ការរៀបចំបេក្ខជនគឺមានការលំបាកខ្លាំងមែនទែន ខ្ញុំទទួលស្គាល់ ខុសពីខេត្តដទៃ ពីព្រោះពីខេត្តមួយទៅខេត្តមួយមានស្ថានភាព មានប្រវត្តិខុសៗគ្នា អ៊ីចឹងហើយបានជានៅរាជធានីភ្នំពេញនេះ មានការលំបាកបន្តិច» ៕
ចែករំលែកព័តមាននេះ