ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​អគ្គនាយក​គយ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក នៃ​អង្គការ​គយ​ពិភពលោក​លើក​ទី​១៨

7 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គយ​ចូលរួម​សន្និសីទ​អគ្គនាយក​គយ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក នៃ​

នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គយ​ចូលរួម​សន្និសីទ​អគ្គនាយក​គយ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក នៃ​អង្គការ​គយ​ពិភពលោក​លើក​ទី​១៨ នៅ​ទីក្រុង​សូ​វ៉ា ប្រទេស​ហ្វី​ជី ក្រោម​អធិបតីភាព​លោក Visvanath Das អគ្គនាយក​អាជ្ញាធរ​ចំណូល និង​គយ​ហ្វី​ជី និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​គយ​ចំនួន​២៤​ប្រទេស អគ្គលេខាធិការ នៃ​អង្គការ​គយ​ពិភពលោក ការិយាល័យ​ទទួល​បន្ទុក​កសាង​សមត្ថភាព​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (WCO ROCB A/P)​និង​ការិយាល័យ​ទំនាក់ទំនង​ស៊ើប​ការ​សង្ងាត់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (RILO A/P)​។

ក្នុង​សុន្ទរកថា​បើក​អង្គប្រជុំ លោក Aiyaz Sayed Khaiyum រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្វី​ជី បាន​លើក​ឡើង​ពីសារ​សំខាន់​នៃ​តួនាទី​គយ​ក្នុង​ការ​ការពារ​ព្រំដែន សម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​តំបន់ ហើយ​គោលបំណង​ចម្បង​របស់​អង្គ​សន្និសីទ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋបាល​គយ​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​កលើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការ​ទប់ស្កាត់​បទល្មើស​គយ​ឆ្លងកាត់​ព្រំដែន​។ អង្គ​សន្និសីទ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​ការងារ​អាទិភាព​មួយ​ចំនួន​រួម​មាន​៖ (១)​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៦-២០១៨ (២)​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​កសាង​សមត្ថភាព​គយ (៣)​សេចក្តី​ព្រាង​ឯកសារ​ស្តី​ពី​លទ្ធផល​សិក្សា​ពាក់ព័ន្ធ​នឹង​អាណត្តិ​របស់​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ​អង្គការ​គយ​ពិភពលោក និង​(៤)​ការ​ត្រៀម​រៀបចំសេចក្តី​ព្រាង​ផែនការ​សម្រាប់​ឆ្នាំ​២០១៨-២០២០​។ ពាក់ព័ន្ធ​នឹង​ការ​កសាង​ផែនការ​សម្រាប់​ឆ្នាំ​២០១៨-២០២០ លោក Kunio Mikuriya អគ្គលេខាធិការ​អង្គការ​គយ​ពិភពលោក​ក៏​បាន​ចង្អុលបង្ហាញ​ពី​ទិស​ដៅ​សំខាន់​ដែល​អង្គការ​គយ​ពិភពលោក​ផ្តល់​អាទិភាព​ខ្ពស់​រួម​មាន​៖ (១)​កា​អនុវត្ត​កិច្ច ព្រមព្រៀង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (២) ការ​វិវឌ្ឍន៍​ព័ត៌មានវិទ្យា​និង​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក  (E-Commerce) (៣) កម្មវិធី​សន្តិសុខ  និង (៤) កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​គយ ប៉ូលិស និង​រដ្ឋបាល​ពន្ធដារ ។

ពាក់ព័ន្ធ​នឹង​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​ខាងលើ លោក​បណ្ឌិត គុណ ញឹ​ម បាន​ធ្វើ​បទ​អន្តរាគមន៍​ចំនួន​បី​រួម​មាន​៖ (១)​បាន​ស្នើ​ឲ្យ​ការិយាល័យ​ទទួល​បន្ទុក​កសាង​សមត្ថភាព​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (WCO ROCB A/P) ពិនិត្យ​និង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​កៀរគរ និង​សម្របសម្រួល​ជំនួយ​បច្ចេកទេស​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (២) ស្នើ​ពិនិត្យ​កំណត់​តួនាទី​និង​ទម្រង់​នៃ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ (៣)​ចំពោះ​ប្រធានបទ​អភិបាលកិច្ច​របស់​អង្គការ​គយ​ពិភពលោក (​អាណត្តិ​របស់​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង​) គួរ​ត្រូវ​អនុវត្ត​សេចក្តីសម្រេច​របស់​សន្និបាត​អង្គការ​គយ​ពិភពលោក កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ដោយ​រង់ចាំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៅ​ឆ្នាំ​២០១៨ និង​២០១៩ សិន បន្ទាប់​ពី​នោះ​ទើប​ពិភាក្សា និង​សម្រេច​ពី​អាណ្ណតិ​នៃ​មុខ​តំណែង​ទាំង​ពីរ​ខាងលើ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ថៃ ដោយ​បាន​ពិភាក្សា​លើ​ការងារ​មួយ​ចំនួន​រួម​មាន​៖ (១)​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​បង្ក្រាប​អំពើ​រត់គេច​ពន្ធចំពោះ​ទំនិញ​ដែល​ឆ្លងកាត់​តាម​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​ដោយ​ផ្តល់​ព័ត៌មាន​សម្ងាត់​ជា​ប្រចាំ (២) កិច្ចប្រជុំ​រវាង​មន្ត្រី​គយ​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ (៣) ទស្សនកិច្ច​សិក្សា​នៅ​ព្រំដែន​ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​អំពី​នីតិវិធី​គយ​ក្នុង​ការ​ត្រួតពិនិត្យ​អ្នកដំណើរ​និង​ទំនិញ​ដឹក​តាម​រថភ្លើង​ដើម្បី​អភិវឌ្ឍ​នីតិវិធី​គយ​កម្ពុជា​ចំពោះ​អ្នកដំណើរ​និង​ទំនិញ​ដឹក​តាម​រថភ្លើង ។