តុលាការបង្គាប់ឲ្យនាំខ្លួននាយិកាក្រុមហ៊ុនស្រីរ័ត្នទេសចរណ៍អន្តរជាតិ មកសាកសួរបន្ថែម
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានបង្គាប់ទៅអនុរក្សពន្ធនាគារព្រៃសឲ្យនាំខ្លួនអ្នកស្រី
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានបង្គាប់ទៅអនុរក្សពន្ធនាគារព្រៃសឲ្យនាំខ្លួនអ្នកស្រី
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានបង្គាប់ទៅអនុរក្សពន្ធនាគារព្រៃសឲ្យនាំខ្លួនអ្នកស្រី រស់ សុធីរត្ន័ នាយិការក្រុមហ៊ុនស្រីរ័ត្នអន្តរជាតិទេសចរណ៍ ដើម្បីមកសាកសួរបន្ថែម ជុំវិញលើពាក្យបណ្ដឹងជិត១០០នាក់ ប្តឹងពីបទរំលោភលើទំនុកចិត្ត។ ហើយមានបណ្តឹងចុងមួយទៀតនោះ គឺព្រះសង្ឃក៏ប្តឹងដែរព្រះនាម ប៊ុត ប៊ុនតិញ ដែលក្រុមហ៊ុនស្រីរ័ត្ន បោកអស់ប្រាក់២៦០០ដុល្លារអាមេរិក រឿងទិញសំបុត្រយន្តហោះគ្មានកៅអង្គុយ។
ក្រោយពីសាកសួរអ្នកស្រី រស់ សុធីរ័ត្ន ត្រូវបានអនុរក្សពន្ធនាគារដឹកយកទៅឃុំខ្លួនបណ្តោះអាសន្ននៅកន្លែងដើមវិញ ដើម្បីរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ កុម្ភៈ ២០១៧ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ នាយិកាក្រុមហ៊ុនស្រីរ័ត្នទេសចរណ៍អន្តរជាតិ ជាផ្លូវការក្រោមបទរំលោភលើទំនុកចិត្ត។ ក្រោយពេលតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងថា ពាក់ពន្ធទៅនឹង សំណុំរឿងចោទប្រកាន់អ្នកស្រី រស់ សុធីរ័ត្ន នាយិការក្រុមហ៊ុន ស្រីរ័ត្នទេសចរណ៍អន្តរជាតិ គឺជាបឋមមានដើមបណ្តឹងចំនួន៩២នាក់ និងមានទឹកប្រាក់ជាង២៧ម៉ឺនដុល្លារអាមេរិក។ ប្រភពព័ត៌មានឲ្យដឹងទៀតថា ដើមបណ្តឹងមានចំនួន៩២នាក់នោះ គឺបានដាក់ចូលដល់ដៃតំណាងអយ្យការហើយ តែនៅមានបណ្តឹងដាក់ចូលបន្តបន្ទាប់ទៀត រីឯទឹកប្រាក់ក៏មិនក្រោម២៧ម៉ឺនដុល្លារនោះដែរ។
ទោះជាយ៉ាងនេះក្តីអ្នកស្រី រស់ សុធីរ័ត្ន បានជម្រាបជូនតុលាការថា ទឹកប្រាក់មួយចំនួនត្រូវបានអ្នកដទៃបោកពីនាងដែរ បានជានាងវ័ណ្ឌកដូច្នេះ។ គួរបញ្ជាក់ថា កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌ៧មករា កាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៣ កុម្ភៈ ២០១៧ បានធ្វើការឃាត់ខ្លួននាយិកាក្រុមហ៊ុនស្រីរ័ត្នទេសចរណ៍អន្តរជាតិ នៅចំណុចផ្ទះលេខ១៧E០ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ការឃាត់ខ្លួននាយិកាក្រុមហ៊ុននោះ ត្រូវបានសមត្ថកិច្ចអះអាងថា គឺជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់អតិថិជនប្រមាណ៤០នាក់ បានទៅតវ៉ានៅមុខក្រុមហ៊ុន ដោយចោទប្រកាន់ថា ក្រុមហ៊ុនបោកប្រាស់លក់សំបុត្រយន្តហោះអត់មានកៅអីអង្គុយ និងមិនមានជើងយន្តហោះ ហោះហើរ។
នាយិការរូបនោះឈ្មោះ រស់ សុធីរ័ត្ន អាយុ៣៥ឆ្នាំ ស្នាក់នៅអាសយដ្ឋានឃាត់ខ្លួនខាងលើ ។ ដើមចម នៃការឃាត់ខ្លួននាយិការក្រុមហ៊ុននោះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា កន្លងទៅមានអតិថិជនច្រើននាក់បានយកប្រាក់ទៅកក់ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ ដើម្បីទិញសំបុត្រយន្តហោះទៅដើរលេង ក្រៅប្រទេស។ ខាងក្រុមហ៊ុនបានសន្យាជាមួយអតិថិជនថានឹងប្រគល់សំបុត្រយន្តហោះ ឲ្យទៅអតិថិជនតាមថ្ងៃកំណត់ លុះដល់ថ្ងៃកំណត់ត្រូវធ្វើដំណើរទៅដើរស្រាប់តែក្រុមហ៊ុន មិនបានប្រគល់សំបុត្រយន្តហោះឲ្យអតិថិជននោះទេ។
មន្ត្រីកងរាជអាវុធហត្ថបន្តថា មានអតិថិជនខ្លះត្រូវក្រុមហ៊ុនប្រគល់សំបុត្រយន្តឲ្យដល់ដៃហើយ ប៉ុន្តែនៅពេលដល់ម៉ោងត្រូវឡើងយន្តហោះ ស្រាប់តែមន្ត្រីអាកាសយានបញ្ជាក់ថា សំបុត្រនោះមិនមានកន្លែងអង្គុយទេ ពោលគឺមានគេទិញបាត់ហើយ ដូច្នេះអតិថិជននោះបង្ខំចិត្ត ត្រូវទិញសំបុត្រថ្មីនៅព្រលានយន្តហោះក្នុងតម្លៃខ្ពស់ ធ្វើយ៉ាងណាឲ្យខាងតែបាន ព្រោះដល់ពេលវេលាត្រូវចេញដំណើរ។ ដោយសារតែមានរឿងកើតឡើងញឹកញាប់យ៉ាងដូច្នេះ អតិថិជនបានទៅទាមទារយកប្រាក់កក់ពីក្រុមហ៊ុននោះវិញ។
តែម្តងហើយម្តងទៀត នាយិកាមានសម្ដីត្រជាក់ បានគេចវេស មិនព្រមសងប្រាក់កក់ឲ្យទៅ អតិថិជនវិញទេ បានជានៅថ្ងៃទី១៣ កុម្ភៈ ២០១៧ អតិថិជនប្រមាណ៤០នាក់នាំគ្នាប្រមូលផ្តុំ នៅមុខទីស្នាក់ការក្រុមហ៊ុន ដើម្បីតវ៉ាយកប្រាក់ ដោយភ្ជាក់នូវពាក្យបណ្តឹងរៀងៗខ្លួន ទៅជាមួយផងដែរ ជាហេតុធ្វើឲ្យសមត្ថកិច្ចសម្រេចឃាត់ខ្លួននាយិកាឈ្មោះ រស់ សុធីរ័ត្ន ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងដោះស្រាយ លើពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាអតិថិជនត្រូវក្រុមហ៊ុន(ស្រីរ័ត្នទេសចរណ៍អន្តរជាតិ)ពាក់ព័ន្ធថា បានរំលោភលើទំនុកចិត្ត។
គួរបញ្ជាក់ទៀតថា នៅម៉ោង១១ព្រឹក ថ្ងៃទី០២ មីនា ២០១៧ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាននិមន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ រស់ សុធីរត្ន័ ជានាយិកាក្រុមហ៊ុនស្រីរ័ត្នអន្តរជាតិទេសចរណ៍ នោះដែរ ។ តាមពាក្យបណ្តឹងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានដាក់ចូលរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ខ្ញុំព្រះករុណាអាត្មាភាពព្រះនាម ប៊ុត ប៊ុនតិញ ភេទប្រុស អាយុ៣៧ព្រះវស្សា ស្នាក់នៅវត្តសារ៉ាវន្ត កុដិលេខ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
សុំប្តឹងបន្ថែម លើឈ្មោះ រស់ សុធីរ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ក្រុមហ៊ុនស្រីរ័ត្នអន្តរជាតិទេសចរណ៍ និងទួរស៍ ដែលមានទីលំនៅផ្ទះលេខ៦២.៦៤ មហាវិថីព្រះមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ពីបទឆបោក និងរំលោភលើសេចក្តីទុកចិត្ត។ ដូចកម្មវត្ថុខាងលើអាត្មា ភាពសូមជម្រាបជូនលោកចៅក្រមស៊ើសួរថា កាលពីថ្ងៃទី២១ តុលា ២០១៦ អាត្មាភាពបាន ទៅទិញសំបុត្រយន្តហោះចំនួន០១សន្លឹក ដើម្បីនិមន្តទៅកាន់សហរដ្ឋអាមេរិក ដោយចេញដំណើរថ្ងៃទី២៧ វិច្ឆិកា ២០១៦ អស់ទឹកប្រាក់ចំនួន១២១០ដុល្លារ។
ប៉ុន្តែមិនបានទៅទេ ព្រោះសំបុត្រយន្តហោះមួយសន្លឹកនោះ គ្មានជើងហោះហើរ និងថ្ងៃ០៧ កុម្ភៈ ២០១៧ អាត្មាភាពបានទិញសំបុត្រយន្តហោះមួយសន្លឹកទៀត ចេញដំណើរថ្ងៃទី២៧ កុម្ភៈ ២០១៧ ជើងហោះហើរ DRAGONAIR.HKG អស់ទឹកប្រាក់១៣៩០ដុល្លារ ពីក្រុមហ៊ុនស្រីរ័ត្នអន្តរជាតិទេសចរណ៍(សរុបទាំងពីរលើក២៦០០ដុល្លារអាមេរិក) បែរជាគ្មានយន្តហោះចេញដំណើរទៅសហរដ្ឋអាមេរិកនោះទេ ដែលជាហេតុធ្វើឲ្យអាត្មាភាពខាតបង់ពេលវេលា និងប្រាក់កាក់ជាច្រើន។
អាត្មាភាពសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ រស់ សុធីរ័ត្ន តាមច្បាប់ និងសុំទាមទារប្រាក់ដើមចំនួន២៦០០ដុល្លារអាមេរិកវិញ។ ក្រោយពីដាក់ពាក្យបណ្តឹងរួចហើយព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា អាត្មាមិនចង់ទាមទារអីទេ ចង់បានតែសំបុត្រយន្តហោះឲ្យអាត្មា និងសងលុយ២៦០០ដុល្លារឲ្យអាត្មាវិញ។ ព្រះតេជគុណមានសង្ឃដីកាលេងសើចទៀតថា អាត្មាមិននឹកស្មានថា ក្រុមហ៊ុននឹងបោកអាត្មាទេ ព្រោះអាត្មាជាសង្ឃ ហើយអាត្មាគិតថា មិនចង់រករឿងអីគាត់ដែរ ព្រោះព្រះសង្ឃធ្វើអ៊ីចឹងមិនត្រូវ ប៉ុន្តែវាហួសចិត្ត និងគួរឲ្យសោកស្តាយ នៅពេលដល់ម៉ោងឡើងយន្តហោះស្រាប់តែគេថាអត់មានកន្លែងអង្គុយ៕
ចែករំលែកព័តមាននេះ