ខេត្តមណ្ឌលគិរី ៖ មន្ត្រីនៃបរិស្ថានខេត្តមណ្ឌលគិរី បានចាប់ជនជាតិវៀតណាម២នាក់ ដែលចូលទៅដាក់អន្ទាក់សត្វក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលការឃាត់ខ្លួននោះដកហូតបានវត្ថុតាងមួយចំនួន ធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ មីនា ២០១៧ ស្ថិតចំណុចភូមិអន្ទ្រងសាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។
ប្រភពឱ្យដឹងថា ជនជាតិវៀតណាមទាំង២នាក់ ម្នាក់ឈ្មោះហ្វៀង វ៉ាន់កាង អាយុ៤១ឆ្នាំ និងម្នាក់ទៀតឈ្មោះហ្វៀង ហ្វាន់ភឿង អាយុ៣០ឆ្នាំ ទាំង២នាក់រស់នៅភូមិឡុកថាយ ស្រុកឡុកនីញ ខេត្តប៊ិញភ្វឿក ប្រទេសវៀតណាម។
ប្រភពមន្ត្រីមន្ទីរបរិស្ថានឱ្យដឹងថា វត្ថុតាងដែលដកហូតបានមានអន្ទាក់សត្វ មងមួយដៃ ទូរស័ព្ទប្រើអង្គចងចាំពីរគ្រឿងម៉ាកK32 អង្គប់មួយគ្រឿង និងម៉ូតូពីរគ្រឿង និងសត្វពពេចមួយក្បាល ។
ប្រភពចុងក្រោយ ដែលទទួលបាននារសៀលថ្ងៃទី១៥ មីនានេះថា ជនជាតិវៀតណាមទាំងពីរនាក់ ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ ។
ចែករំលែកព័តមាននេះ