ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាង៣០គ្រួសាររស់នៅក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល បានប្រតិកម្មយ៉ាងខ្លាំង និងជាថ្មីទៀតនៅព្រឹកថ្ងៃទី១៤ មីនា ដោយបានរិះគន់ទៅលើអាជ្ញាធរថា មានការយឿតយ៉ាវ ព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ដោះស្រាយ លើពាក្យបណ្ដឹងដែលអ្នកភូមិបានប្ដឹងបុគ្គលម្នាក់ចិញ្ចឹមទាបង្ហូរលាមកចូលប្រឡាយស្អុយពេញភូមិទាំងយប់ទាំងថ្ងៃអស់រយៈពេលជាង១ខែកន្លងមកនេះ ។ ប៉ុន្តែពេលអ្នកភូមិទម្លាយរឿងនេះដល់អ្នកសារព័ត៌មានបែរជាអាជ្ញាធរនិយាយគ្មានការទទូលខុសត្រូវថា ជារឿងកំប៉ិកកំប៉ុកសោះចាំហៅអ្នកកាសែក ទូរទស្សន៍ឲ្យផ្សព្វផ្សាយនាំឮដល់ថ្នាក់លើដែរ ។
នៅក្នុងបណ្ដឹង១ច្បាប់របស់ប្រជាពលរដ្ឋមានស្នាមមេដៃជាង២០នាក់ដែលអ្នកសារព័ត៌មានទទូលបាន គឺពលរដ្ឋបានប្ដឹងពីឈ្មោះតែម រដ្ឋា ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរលក់ចំណីសត្វ និងចិញ្ចឹមទានៅក្នុងភូមិ ដោយចោទប្រកាន់ថា បានបង្ហូរទឹកលាមកទាចូលក្នុងប្រឡាយស្អុយពេញភូមិ អស់រយៈពេលជាង៣ខែកន្លងមកហើយ ។ ប្រជាពលរដ្ឋបាននិយាយថា បណ្ដឹងនេះពលរដ្ឋបានដាក់ជូនទៅលោក យូ សឿម មេឃុំរូងជ្រៃ ជាង១ខែហើយតែលោកមេឃុំដោះស្រាយមិនចេញទេ ។ អ្នកភូមិប្រាប់ថា ឈ្មោះតែម រដ្ឋា បានចិញ្ចឹមទាប្រហែល១.០០០ក្បាលនៅក្នុងរបងថ្មខាងក្រោយផ្ទះ តែបានបង្ហូរលាមកទាតាមប្រព័ន្ធលូរចូលក្នុងប្រឡាយទឹកដែលពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស និងបង្កឲ្យមានភាពកខ្វក់ មានខ្លិនស្អុយទាំងយប់ទាំងថ្ងៃ ដែលមិនអាចស៊ូទ្រាំបាន ។
មេឃុំរូងជ្រៃលោក យូ សឿម បានបំភ្លឺតាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៤ មីនា ថា ប្រជាពលរដ្ធពិតជាបានប្ដឹងរឿងនេះមកលោកមែន ។ លោកបានកោះហៅភាគីប្រជាពលរដ្ធ និងម្ចាស់ទាមកដោះស្រាយនៅសាលាឃុំរហូតដល់ទៅ២លើកតែដោះស្រាយមិនចេញ ។ ប៉ុន្តែលោកបានបញ្ជូនសំណុំរឿងនេះទៅសាលាស្រុក ដើម្បីចាត់វិធានការបន្ត ។ លោកមេឃុំរូបនេះក៏បានទទូលស្គាល់ដែរថា ថៅកែទាដ៏មហិមាឈ្មោះ តែម រដ្ឋា ពិតជាបានជម្រុញឲ្យពលរដ្ឋប្ដឹងទៅតុលាការមែន ហើយលោកក៏មិនដឹងថា ជននេះអាងស្អីដែរបានជាថ្លើមធំហ៊ាននិយាយបែបនេះ ។
រីឯអភិបាលស្រុកថ្មគោលវិញ លោកគង់ លី ហាក់មានការភ្ញាក់ផ្អើលបន្តិចពេលដែលអ្នកសារព័ត៌មានសួរនាំអំពីរឿងនេះ ។ លោកបានបំភ្លឺតាមទូរស័ព្ទដែរថា លោកដឹងរឿននេះហើយ ។ ប៉ុន្តែលោកប្រាប់ថា ទើបទទូលបាននៅព្រឹកនេះទេ(ព្រឹកថ្ងៃទី១៤ មីនា) ។ លោក គង់ លី អភិបាលស្រុកថ្មគោលហាក់មិនបាននិយាយអំពីដំណោះស្រាយបែបណាជូនពលរដ្ធទេ តែលោកបែរជាស្ដីបន្ទោសទៅលើពលរដ្ឋរបស់ខ្លួនវិញ ដែលទម្លុះទម្លាយរឿងអាស្រូវនេះប្រាប់អ្នកកាសែត ។ លោកគង់ លី បានរិះគន់ពលរដ្ធដូច្នេះថា ពលរដ្ធហាក់គ្មានយល់ដឹងអំពីនីតិវិធីអ្វីសោះក្នុងដោះស្រាយ ។ គ្រាន់តែរឿងកំប៉ិកកំប៉ុកសោះចាំបាច់ហៅអ្នកកាសែត ទូរទស្សន៍មកផ្សព្វផ្សាយនាំឲ្យឮដល់ថ្នាក់លើដែរ ៕
ចែករំលែកព័តមាននេះ