ខេត្តឧត្តរមានជ័យ ៖ ស្រុកអន្លង់វែង ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាប់នឹងភូមិស្រែព្រៃ ឃុំស្រែព្រៃ ស្រុកភូស៊ិង ខេត្តស៊ីសាកេត ប្រទេសថៃ។ ស្រុកអន្លង់វែង មានច្រកទ្វារអន្តរជាតិចំនួន១ ឃុំចំនួន៥ ភូមិ៥៨ ភូមិខាងត្បូងជាប់ព្រំប្រទល់ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ខាងជើងជាប់ព្រំប្រទល់ប្រទេសថៃ ខាងលិចជាប់ ក្រុងសំរោង ខាងកើតជាប់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ស្ថិតនៅក្នុងស្ថានភាពផ្ទៃដីខ្ពង់រាបផងដែរ។

លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងរដូវខែវស្សា ទឹកភ្លៀងបានធ្លាក់ជារៀងរាល់ថ្ងៃ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ ធ្វើឱ្យទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងទឹកជន់លិចហូរបុកកាត់ផ្តាច់ផ្លូវលំ និងស្ពាន ទទួលរងការខូចខាតជាច្រើនកន្លែង សម្រាប់ស្រុកអន្លង់វែងនេះតែម្តង។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងតំបន់ស្រុកនេះ ស្ថិតនៅលើផ្ទៃដីខ្ពង់រាប ហើយនៅក្នុងរដូវទឹកភ្លៀងធ្លាក់មកម្តងៗនោះ ទឹកភ្លៀងដែលហូរធ្លាក់ពីលើកំពូលជួរភ្នំដងរ៉ែក ចូលតាមអាង ប្រឡាយ បឹងបួរ ស្ទឹង ទឹកនឹងហក់ឡើងជាគំហុកធ្វើឱ្យជន់លិចយ៉ាងលឿន តែក្នុងរយៈពេល៤ទៅ៥ម៉ោងក្រោយមក ទឹកក៏អាចស្រកទៅវិញយ៉ាងលឿនផងដែរ។

ហើយនៅក្នុងស្ថានភាពទឹកជន់លិចភូមិ-ឃុំនានា ក្នុងស្រុកនោះ លោកតែងតែដឹកនាំមន្ត្រីរាជការក្រោមឱវ៉ាត រួមទាំងកងកម្លាំងទាំង៣ប្រភេទ ចុះធ្វើការពិនិត្យនូវស្ថានភាពទឹក និងនាំអំណោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ និងអំណោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ឧត្តរមានជ័យ ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ជ់នលិចនេះជាច្រើនលើច្រើនសារផងដែរ រយៈពេលកន្លងទៅ។

លោកអភិបាលបន្តថា ក្រោយពីទឹកជំនន់ស្រកថយទៅវិញនោះ សង្កេតឃើញថា ផ្លូវ ស្ពានជាច្រើនកន្លែងត្រូវបានទទួលរងការខូចខាតយ៉ាងដំណំ បង្កឱ្យរាំងស្ទះក្នុងការធ្វើដំណើរ ឬដឹកកសិផលនានាទៅរកទីផ្សារ ឬដឹកជញ្ជូនយកមករក្សារទុកនៅលំនៅឋាន។ ហើយខណៈពេលនេះ លោកក៏បានដឹកនាំកម្លាំងក្នុងស្រុក ចុះជួយជួសជុលស្ពានឈើប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតឡើងវិញមួយកន្លែង ស្ថិតនៅក្នុងភូមិព្រលាន ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានរួចរាល់ជាស្ថាពរ សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរបណ្តោះអាសន្នសិន។

ប្រជាពលរដ្ឋជាច្រើនភូមិក្នុងស្រុកអន្លង់វែង ក៏បានថ្លែងអរគុណ និងដឹងគុណដល់លោកអភិបាលដែលបានយកចិត្តទុកដាក់ ផ្សារភ្ជាប់នឹងប្រជាពលរដ្ឋ បម្រើពលរដ្ឋអស់ពីកម្លាំងកាយចិត្ត។
នាឱកាសនោះដែរ ព្រះគ្រូផាន ស៊ីណាន ប្រធានអនុសាខាសមាគមសិស្សនិស្សិតបញវន្តក្មេងវត្តស្រុកអន្លង់វែង ដោយកម្លាំងក្នុងសាលាស្រុក ហត់នឿយចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះពេក ក៏មានការចូលរួមជួយឧបត្ថម្ភថវិការចំនួន៣២៣០០០០រៀល, ទឹកផ្លែឈើចំនួន៤កេស និងទឹកបរិសុទ្ធចំនួន៥០យួរផងដែរ ដល់ដៃលោកអភិបាលស្រុកអន្លង់វែង៕










ចែករំលែកព័តមាននេះ