រាជធានីភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញអមដោយមន្ត្រីជំនាញក្រោមឱវាទ អាជ្ញាធរខណ្ឌមានជ័យ និងប្រជាពលរដ្ឋបានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែ ក្នុងភូមិតំណាក់ធំ និងភូមិចំរើនផល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានប្រវែងសរុប៣៤៦៥ម៉ែត្រ ព្រមទាំងដាក់លូតាមបណ្តោយផ្លូវនេះ ទំហំមួយម៉ែត្រផងដែរ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែនេះ ១ខ្សែនៅភូមិតំណាក់ធំ មានប្រវែង១.៨៨៥ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់លូ១ម៉ែត្រ និង១ខ្សែទៀតនៅភូមិចំរើនផលប្រវែង១.៥៨០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់លូ១ម៉ែត្រដូចគ្នា ។
លោកបន្តថា ផ្លូវ២ខ្សែនេះ ពីមុនជាផ្លូវបេតុងចាស់ខូចខាត និងមួយខ្សែទៀតជាផ្លូវដីពិបាកក្នុងការធ្វើដំណើរ ទើបរដ្ឋាភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមានការស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីសម្រួលដល់ចរាចររបស់ប្រជាពលរដ្ឋ ស្របពេលដែលផ្លូវទាំង២ខ្សែនេះ មានប្រជាពលរដ្ឋរស់នៅអាស្រ័យផលនឹងផ្លូវនេះមានចំនួនច្រើនកុះករ។
ថ្លែងទៅកាន់អាជ្ញាធរក្រោមឱវ៉ាត និងប្រជាពលរដ្ឋរាប់រយនាក់ នៅក្នុងពិធីខាងលើនេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរដល់ក្រុម LNSk មានលោក ឃី គឹមលាង ជាប្រធាន ដែលទទួលម៉ៅការស្ថាបនាផ្លូវ២ខ្សែនេះថា ជាក្រុមហ៊ុនមានស្នាដៃល្អក្នុងការស្ថាបនាផ្លូវនាពេលកន្លងមក ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការជ្រើសរើស និងជម្រុះក្រុមហ៊ុនស្ថាបនាផ្លូវយកស្នាដៃឲ្យមានគុណភាព ដោយធ្វើផ្លូវមិនឲ្យខ្លាចឡាន ដូចពីមុនទៀតទេ ជាពិសេសត្រូវធ្វើផ្លូវចាក់បេតុងឆ្អឹងដែកតែម្តង ហើយក៏មានក្រុមហ៊ុនមួយចំនួនក៏បានខ្ទាតចេញពីសាលាក្រុងផងដែរ ។
ចំណែកគម្រោងស្ថាបនាផ្លូវទាំង២ខ្សែនេះ ត្រូវប្រើរយៈពេល៦ខែ ដែលទទួលអនុវត្តន៍ដោយក្រុម LNSk ដែលជាក្រុមហ៊ុនទទួលការទុកចិត្ត និងកោតសរសើរពីអភិបាលរាជធានីភ្នំពេញផងដែរ ៕
ចែករំលែកព័តមាននេះ