ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​នគរបាល​បាញ់​សម្លាប់​មនុស្ស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ បាន​បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ជា​អតីត​នគរបាល​ពាក់​ស័​កិ្ត​១​ម្នាក់ ដែល​បាន​បាញ់​សម្លាប់

រាជធានី​ភ្នំពេញ ៖ ចៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ បាន​បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ជា​អតីត​នគរបាល​ពាក់​ស័​កិ្ត​១​ម្នាក់ ដែល​បាន​បាញ់​សម្លាប់​មេ​ភូមិ​៤ ឈ្មោះ ជុប ឡាយ អាយុ​៦២​ឆ្នាំ កូនប្រុស​គាត់​ឈ្មោះ ប៊ុ​ន លឿន អាយុ​១៨​ឆ្នាំ និង​ក្មួយ​របស់​គាត់​ឈ្មោះ ប៊ុ​ន ឫ​ទ្ធី អាយុ​៣០​ឆ្នាំ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ ២២C ផ្លូវ​លេខ ៣៥៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ។

ជនជាប់ចោទ​ឈ្មោះ កែវ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នគរបាល​ពាក់​ស័​កិ្ត​១ បាន​និយាយ​នៅ​ក្នុង​បន្ទប់​សវនាការ​ប្រាប់​ចៅក្រម​ថា គាត់​ត្រូវ​បាន​ជន​រង​គ្រោះ​ពឹង​ឲ្យ​ដើរទារ​លុយ​នៅ​តាម​ផ្ទះ​ពី​ជនជាតិ​ចិន ព្រោះ​ខ្លួន​ចេះ​ភាសា​ចិន បាន​២៥​ដុល្លារ​ឲ្យ​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​ចោទ​ថា គាត់​កិបកេង​លុយ​។ ពេល​នោះ​ជន​រង​គ្រោះ​កូនប្រុស និង​ចៅ​របស់​ជន​រង​គ្រោះ​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ត្រូវ​ក្បាល​ដៃ​ចង្កេះ​ចំនួន​៥​កន្លែង​របួសធ្ងន់ ហើយ​គាត់​ក៏​បាញ់​ការពារ​ខ្លួន​ទៅ​។

តំណាង​មហាអយ្យការ​លោក​ព្រះរាជអាជ្ញា ង៉ែត សា​រ៉ាត សន្និដ្ឋាន​ថា រឿង​នេះ​ទោះជា​ជន​រង​គ្រោះ​បង្កហេតុ​មុន​ក្តី តែ​គាត់​ប្រើ​កាំបិត បើ​ប្រៀបធៀប​នឹង​កាំភ្លើង​វា​មិន​តុល្យភាព​គ្នា​ទេ​។ លោក​ថ្លែង​ថា រឿង​នេះ​តំណាង​មហាអយ្យការ​មិន​អាច​វិនិច្ឆ័យ​ថា យ៉ាងម៉េច​ទេ ដោយ​ទុក​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​តាម​ច្បាប់​។ តែ​លោក​ចៅក្រម ចាយ ច័ន្ទ​តារា​វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​១៥ មីនា ខាង​មុខ​នេះ​។

គួរ​រំលឹក​ថា លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ សាលក្រម​ក៏​បាន​សម្រេច​ដកហូត​កាំភ្លើង​ម៉ាក​បេ​រ៉ូ​តា ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ ទុកជា​សម្បត្តិ​រដ្ឋ ប៉ុន្តែ​ប្រគល់​ប័ណ្ណសម្គាល់ខ្លួន​មន្ត្រី​ប៉ូលិស​ឈ្មោះ កែវ សុ​វ​ណ្ណា​រិ​ទ្ធ និង​ប័ណ្ណ​អាវុធ​ទៅ​ឲ្យ​ជនជាប់ចោទ​វិញ​។