ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី​គុយបា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេ​ភាគីជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស…

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេ​ភាគីជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នេះ។ នាយករដ្ឋមន្ត្រីគុយបា បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងលោក​​នាយករដ្ឋមន្ត្រីគុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោកផង។

លើសពីនោះទៀត លោកនាយករដ្ឋមន្ត្រីគុយបា បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាល​ជ្រៅជាទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដីជាទីបំផុត សម្រាប់​លោក និងប្រតិភូមកកាន់កម្ពុជា។

លោក​ ម៉ានូអែល គោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅ នៅប្រទេសគុយបា ដែលរួមមាន៖ ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ច​នៅប្រទេសគុយបា។

លោក ម៉ានូអែល ក៏បានសំដែងនូវឆន្ទៈ​ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនង ដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះ រួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ក្នុងជំនួបនេះ លោក​នាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជា ដែលបានផ្ដល់អង្ករចំនួន ៦ពាន់តោន ​ដល់ប្រទេសគុយបាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេច ក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យ ដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​។

ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀត ដែល​រួមមាន៖ វិស័យ​កីឡា វិស័យវិនិយោគ និងវិស័យព័ត៌មាន ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណ​យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស​នៅពេល ដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀត​ដល់កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ