អាជា្ញធរត្រៀមកន្លះលានដុល្លារធ្វើមជ្ឈមណ្ឌល ស្តារនីតិសម្បទាជនវិកលចរិតនៅកំពង់កន្ទួត
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ នៅថ្ងៃទី១១ខែមីនា រដ្ឋមន្ត្រីក្រសួងចំនួនពីរ គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ នៅថ្ងៃទី១១ខែមីនា រដ្ឋមន្ត្រីក្រសួងចំនួនពីរ គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ នៅថ្ងៃទី១១ខែមីនា រដ្ឋមន្ត្រីក្រសួងចំនួនពីរ គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដោយមានការចូលរួមពីអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាលផងនឹងធ្វើពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលវិកលចរិត នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា«បារាំង-ហុងគ្រី» ដែលមានទីតាំងស្ថិតនៅកំពង់កន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីធ្វើការអប់រំ ព្យាបាលនិងស្តារនីតិសម្បទាជនវិកលចរិត ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមថវិកាប្រមាណ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចំណាយទៅលើការសាងសង់អគារមជ្ឈមណ្ឌលវិកលចរិត នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា«បារាំង-ហុងគ្រី» លើផ្ទៃដីប្រមាណ៥ហិកតា ។ លោកបន្តថា អគារដែលត្រូវសាងសង់នៅចុងសប្តាហ៍នេះ មានមួយអគារ ដែលមានទំហំ២០ម៉ែត្រគុណនឹង៤០ម៉ែត្រ កម្ពស់២ជាន់ អាចទទួលមនុស្សបានចាប់ពី៥០០នាក់ឡើងទៅ ដើម្បីធ្វើការអប់រំ ព្យាបាល និងស្តារនីតិសម្បទាជនវិកលចរិតឲ្យមានភាពប្រសើរឡើង ។
លោក សន សុផល បានឲ្យដឹងទៀតថា រាជធានីភ្នំពេញ មានជនវិកលចរិតជាង២០០នាក់ ដែលសព្វថ្ងៃកំពុងស្នាក់នៅក្នុងមណ្ឌលសំចតព្រៃស្ពឺចំនួន១៨០នាក់ក្នុងចំណោមជនអនាថាដែលស្នាក់នៅចំនួន៥០០នាក់ និងកំពុងធ្វើចរាចរណ៍អនាថានៅតាមដងផ្លូវ និងទីសាធារណៈប្រមាណជាង២០នាក់ទៀត ដែលពួកគាត់មួយផ្នែកវិកលចរិតពីកំណើត និងមួយផ្នែកធំវិកលចរិតដោយសារបែកថ្នាំ ។
លោកបញ្ជាក់ថា លោកពិតជាមានក្តីសប្បាយរីករាយជាខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលមានគម្រោងសាងសង់អគារសម្រាប់ជនវិកលចរិតនេះ ព្រោះនៅមណ្ឌលរបស់លោក មិនមានការទទួលសេវាព្យាបាលជនវិកលចរិតទេ គឺមានន័យថា អាចកាត់បន្ថយការលំបាកបានច្រើនសម្រាប់មណ្ឌលសំចត នៅពេលដែលមជ្ឈមណ្ឌលព្យាបាលជនវិកលចរិតត្រូវបានសាងសង់រួច ។
ចំណែកលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកដូនពេញ កាលពីពេលថ្មីៗនេះ មានប្រសាសន៍ថា បច្ចុប្បន្នមានជន
អនាថា និងជនវិកលចរិត បែកថ្នាំដោយសារប្រើប្រាស់គ្រឿងញៀន ដើរត្រាច់ចរសុំទាននៅតាមភ្លើងស្តុប និងដងផ្លូវសាធារណៈច្រើនដែលបញ្ហាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ កេរ្តិ៍ឈ្មោះ និងកិត្តិយស មុខមាត់សង្គមខ្លាំងណាស់ ។
លោកបន្តថា ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ ក៏ដូចរួមគ្នាជួយពួកអ្នកទាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងផ្នែកពាក់ព័ន្ធ នឹងបង្កើតឲ្យមានមជ្ឈមណ្ឌលវិកលចរិតឬពេទ្យឆ្កួតជាបន្ទាន់មួយនៅក្នុងខេត្តកណ្តាល ដើម្បីប្រមូលពួកអ្នកទាំងអស់នោះយកទៅអប់រំ បណ្តុះបណ្តាល និងស្តារនីតិសម្បទាជូនពួកគេឲ្យត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញ ។
លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ទៀតថា ការប្រមូលជនអនាថា និងអ្នកជាប់គ្រឿងញៀនបានកើនឡើងច្រើន គ្រាន់តែមណ្ឌលឱកាសខ្ញុំ មានជាង២ពាន់នាក់ រកកន្លែងដាក់មិនបានផង ចំណែកមណ្ឌលព្រៃស្ពឺមានជិត២០០នាក់ និងកំពុងចុះប្រមូលជាប្រចាំដោយមន្ត្រីអាជ្ញាធរ និងមន្ត្រីសង្គមកិច្ច ។ លោកបន្តថា ដើម្បីស្តារឲ្យប្រសើរឡើង រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសង្គមកិច្ច នឹងសាងសង់មន្ទីរពេទ្យឆ្កួត ឬមជ្ឈមណ្ឌលវិកលចរិតតែម្តង សម្រាប់ព្យាបាលស្តារនីតិសម្បទាជូនពួកគេ ។
គួររំឭកថា ក្នុងសម័យសង្គមរាស្ត្រនិយម មានបង្កើតមន្ទីរពេទ្យឆ្កួតដែរនៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកសម័យនេះរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានមជ្ឈមមណ្ឌលវិកលចរិត ឬមន្ទីរពេទ្យឆ្កួតនៅមជ្ឈមណ្ឌលកុមារកំព្រា«បារាំង-ហុងគ្រី» ដែលមានទីតាំងស្ថិតនៅកំពង់កន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីធ្វើការអប់រំ ព្យាបាល និងស្តារនីតិសម្បទាដល់ជនវិកលចរិតឲ្យមានភាពប្រសើរឡើង ៕
ចែករំលែកព័តមាននេះ