រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារស្នើក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទបញ្ញត្តិចាំបាច់ ដើម្បីឈានដល់លុបបំបាត់ការប្រើប្រាស់អាសបេស្តុសនាពេលអនាគត។

ការស្នើសុំនេះធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិ ស្តីពីបច្ចុប្បន្នភាពនៃសារធាតុអាសបេស្តុសនៅកម្ពុជានាព្រឹកថ្ងៃទី៤ តុលា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។
ឯកឧត្តមអ៊ិត សំហេង បានជំរុញឱ្យក្រុមការងារពង្រីកវិសាលភាពបណ្តុះបណ្តាលផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅដល់និយោជកកម្មករនិយោជិត និងមហាជនបានដឹងជ្រួតជ្រាបអំពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុស រៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា និង ស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទបញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្ត ដើម្បីឱ្យកម្ពុជាអាចឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុសនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំការដឹកនាំ និងការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំចេញជាសៀវភៅកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេសស្តុសជាលើកទី២នេះ បានចេញជារូបរាងឡើងសម្រាប់គ្រប់គ្រងធនធានព័ត៌មានស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការជួយក្នុងការរៀបចំផែនការ និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុសមកលើសុខភាពមនុស្ស ពិសេសកាត់បន្ថយហានិភ័យនានាចំពោះកម្មករនិយោជិត។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងប្រមែប្រមូលផ្តល់ទិន្នន័យព័ត៌មាន និងរបាយការណ៍នានាពីក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចុះធ្វើការអង្កេតលើក្រុមហ៊ុនវិស័យសំណង់ដោយផ្ទាល់។
ឯកឧត្តម អ៊ិត សំហេង គូសបញ្ជាក់ថា អាសបេស្តុស គឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិដ៏រឹងមាំ និងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោកនៅក្នុងផលិតផលជាងបីពាន់មុខជាពិសេសនៅក្នុងវិស័យសំណង់ ផលិតផលកកិត សម្ភារៈទប់កំដៅ និងវាយនភណ្ឌមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅនឹងភស្តុតាងនៃផលប៉ះពាល់មកលើសុខភាពមនុស្ស តាមរយៈការដកដង្ហើមដោយសារតែស្រូបសរសៃអាសបេស្តុសនេះ ដែលបង្កទៅជាជំងឺ រួមមាន៖ ជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួត មហារីកសួត មហារីកបំពង់ក និងមហារីកអូវែ និងជំងឺមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសដទៃទៀត ដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។
បើគិតត្រឹមឆ្នាំ២០២១ គឺមានចំនួន ៦៧ប្រទេស ហើយដែលបានហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្តុសគ្រីសូថាយ៍ ដោយបានប្រើប្រាស់ផលិតផលផ្សេងជំនួសវិញដែលមានសុវត្ថិភាពជាង។
លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរដល់រដា្ឋភិបាលកម្ពុជា ដែលបានសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀតនូវសៀវភៅកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេសស្តុសជាលើកទី២ ដែលបានដាក់ឲ្យផ្សព្វផ្សាយ និងប្រើប្រាស់ចាប់ពីថ្ងៃនេះទៅ។ នេះជាការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលកម្រងព័ត៌មាននេះដែលឲ្យអ្នកពាក់ព័ន្ធអាចធ្វើការកំណត់បាននូវអាទិភាព ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការប្រើប្រាស់នូវសារធាតុអាសបេសស្តុសនៅកន្លែងធ្វើការ។

ចំណែកឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លើកឡើងថា សារធាតុអាសបេស្តុសពិតជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជាបង្កឲ្យកើតមានជំងឺមហារីកសួត បំពង់កជាដើម តាមរយៈការប្រើប្រាស់របស់របរផ្សេងៗដោយមិនដឹងខ្លួន។ ខណៈមនុស្សមួយចំនួនបានអះអាងថា ការប្រើប្រាស់សារធាតុនេះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ តែវាផ្ទុយស្រលះពីការគិត របស់ពួកគាត់ទៅវិញ។
ឯកឧត្តមអគ្គរាជទូតសង្ឃឹមថា តាមរយៈកម្មវិធីផ្សព្វផ្សាយក្នុងថ្ងៃនេះ នឹងជំរុញឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់និងស្វែងយល់សិក្សាឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយដល់ការប្រើប្រាស់នូវសារធាតុអាសបេស្តុសនេះ៕
ចែករំលែកព័តមាននេះ