ខេត្តកំពង់ស្ពឺ ៖ ប្រធានសាលាដំបូងខេត្ដ លោក ហង់ សុីថា បានប្រាប់កោះសន្តិភាពថា បណ្តឹងរបស់លោកក្រឡាបញ្ជីប្តឹងលោកអនុប្រធានសាលាដំបូងខេត្ត លោកបានបញ្ជូនដល់ក្រុមប្រឹក្សាវិន័យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមហើយ តែមិនទាន់ដឹងថាខាងអធិការកិច្ច និងចាត់វិធានការឆ្លើយតបពាក្យបណ្ដឹងនេះនៅពេលណាទេ ។
រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើង និងមានការផ្សាយតាមបណ្ដាញសង្គមព្រោងព្រាត ករណីលោកអនុប្រធានសាលាដំបូងខេត្ដ ដកកាំភ្លើងភ្ជង់លោកក្រឡាបញ្ជីជាជនពិការជើងម្នាក់ ព្រមទាំងកញ្ឆក់យកឈើច្រត់បោះចោលទៀត ។
ពាក់ព័ន្ឋនឹងរឿងគួរឱ្យផ្កោលទោសនេះលោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្ត បានបំភ្លឺនៅរសៀលថ្ងៃទី១០ មីនា ថា តាមពិតរឿងនេះកើតឡើងកាលពីយប់ថ្ងៃទី៧ មីនា មកម្ល៉េះដោយពេលនោះមានការហូបចុកជុំគ្នា ក្នុងនោះមានលោក ឈៀវ គឹមហាក់ ក្រឡាបញ្ជីម្នាក់ដែរ ។ លោក ម៉ែន វណ្ណៈ បន្តថា ដំបូងលោកមិនបានដឹងនោះទេ ដោយហូបចុកជាមួយគ្នាបានមួយសន្ទុះធំ ពេលនោះមិត្តម្នាក់ក្នុងវង់ បានយកឈើច្រត់ដែករបស់លោក ឈៀវ គឹមហាក់ បោះចោល ហើយក៏មានមិត្តម្នាក់ទៀតបោះបន្តទៀត ។ គាប់ជួនពេលនោះលោកត្រឡប់មកពីបត់ជើងតូចវិញ ក៏ឆ្កឹះឈើច្រត់នោះបន្តទៀតទៅ ។
ពេលឆ្កឹះឈើច្រត់នោះហើយ ស្រាប់តែលោក ឈៀវ គឹមហាក់ ខឹងច្រឡោត ហើយនិយាយថា លោកមើលងាយខ្ញុំ ពេលនោះលោកអនុប្រធានសាលាដំបូងតបថា អ្នកលេងមានគ្នាច្រើន ហេតុអ្វីហាក់ឯងខឹងតែបងម្នាក់ ? លោក ឈៀវ គឹមហាក់ តបថា ខ្ញុំឃើញបងធ្វើបែបនេះ ខ្ញុំខឹងបងហើយ ។
លោក ឈៀវ គឹមហាក់ ដែលជាក្រឡាបញ្ជី និងជាជនពិកា ដាក់ពាក្យបណ្ដឹងទៅក្រសួងយុត្តិធម៌ ដើម្បីសុំឱ្យលោករដ្ឋមន្ត្រីជួយអន្តរាគមន៍រហូតដល់ថ្ងៃទី៩ មីនា លោករដ្ឋមន្ត្រី ក៏បានចាត់ក្រុមអធិការកិច្ចសុើបអង្កេតស្រាវជ្រាវលើករណីនេះជាបន្ទាន់ផងដែរ ។ លោក ម៉ែន វណ្ណៈ បានប្រាប់ដែរថា រឿងឆ្កឹះឈើច្រត់ចោលជារឿងលេងសើច ។ ដោយឡែករឿងយកកាំភ្លើងភ្ជង់ក្បាលនោះវាកើតមានឡើងយូរមកហើយ ។
លោក ម៉ែន វណ្ណៈ ថា រឿងនេះលោកមិនចង់និយាយទេ ព្រោះវាជារឿងផ្ទៃក្នុង ហើយអ្នកអុជអាលឱ្យលោក ឈៀវ គឹមហាក់ ប្តឹងក៏លោកដឹងដែរ តែលោកសុំមិននិយាយ ។ លោកអនុប្រធានសាលាដំបូង ប្រាប់ទៀតថា ពេលនេះលោកកំពុងរង់ចាំក្រុមអធិការកិច្ចមកស្រាវជ្រាវ ហើយលោកក៏ត្រៀមខ្លួនបំភ្លឺជូនក្រុមការងារផងដែរដោយមិនគេចវេសទៅណាទេ ។
រឿងរ៉ាវនេះ មហាជនកំពុងរង់ចាំមើលទាំងចម្ងល់ថា តើក្រុមអធិការកិច្ចក្រសួងសុើបអង្កេតករណីនេះដល់កម្រិតណា ខណៈលោកប្រធានសាលាដំបូងថា បានហៅម្ចាស់ខ្លួនមកសួរហើយ ថាវាជារឿងលេងសើច ចុះបើរឿងលេងសើច ហេតុអីបានជាលោក ឈៀវ គឹមហាក់ ដាក់ពាក្យបណ្តឹង ?
ចែករំលែកព័តមាននេះ