រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៩ មីនា ចៅក្រមសាលាដំបូងរាជធានីលោក តុប ឈុនហេង បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដាក់ពន្ធនាគារ៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទហិង្សារដោយចេតនាមានស្ថានទំងន់ទោស ។ ជនជាប់ចោទ ឈ្មោះ IDEGWU CHIBUEZE ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ A07171695 ស្នាក់នៅផ្ទះជួល ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣១ តុលា ២០១៦ នៅចំណុចតាមផ្លូវបេតុងក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ UKPA JOSEPH ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ាដូចគ្នា និងស្នាក់នៅផ្ទះជួល ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ជាមួយគ្នា ។ ជនរងគ្រោះបាក់ឆ្អឹងដងកាំបិតខាងឆ្វេងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈ ។
គួរបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះកំពុងអង្គុយម្នាក់ឯងពេលនោះជនជាប់ចោទបានជិះម៉ូតូទៅជួបដើម្បីទារលុយតែជនរងគ្រោះមិនមានលុយឲ្យ ។ ជនរងគ្រោះបានហៅម៉ូតូឌុបក្នុងគោលបំណងជិះចេញតែត្រូវជនជាប់ចោទចាប់ទាញទម្លាក់ពីលើម៉ូតូ និងយកដែកបំពង់ទីបវ៉ៃបណ្ដាលរងរបួសធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ