ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​ត្រូវ​ថ្លឹង​ឲ្យ​ធ្ងន់​ទៅ​លើ​ជីវិត​មនុស្ស​ ហើយ​កុំ​គិត​ខ្លាំង​លើ​លុយ​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ទំនុកចិត្ត​នៅ​លើ​ផ្នែក​សេវាកម្ម​វេជ្ជសាស្ត្រ ជា​ពិសេស​លើ​វិស័យ​សុខាភិបាល​ទាំងមូល​នៅ​កម្ពុជា គឺ​នៅ​តែ​ជា​បញ្ហា ទោះបីជា​វិស័យ​នេះ​បាន​ខិតខំ​ធ្វើ​ទំនើប​កម្ម និង​ជំរុញ​ការ​វិនិយោគ​ជា​បន្តបន្ទាប់​ក៏​ដោយ​ចុះ​។​វា​ទាមទារ​ការ​លើកកម្ពស់​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​ដ៏​សំខាន់​ជា​អាយុជីវិត​មួយ​នេះ​។ តួនាទី​របស់​ពេទ្យ គឺ​សង្គ្រោះ​ជីវិត​មនុស្ស គឺ​មិនមែន​ជា​មុខរបរ ដើម្បី​តែ​កើប​លុយ​តាម​រយៈ​ការ​បំភិតបំភ័យ​ការ​ព្យាបាល​មិន​បាន​ត្រឹមត្រូវ និង​ការ​បំប៉ោង​តម្លៃ​ឡើយ​។​យើង​ទទួលស្គាល់​ថា…

ទំនុកចិត្ត​នៅ​លើ​ផ្នែក​សេវាកម្ម​វេជ្ជសាស្ត្រ ជា​ពិសេស​លើ​វិស័យ​សុខាភិបាល​ទាំងមូល​នៅ​កម្ពុជា គឺ​នៅ​តែ​ជា​បញ្ហា ទោះបីជា​វិស័យ​នេះ​បាន​ខិតខំ​ធ្វើ​ទំនើប​កម្ម និង​ជំរុញ​ការ​វិនិយោគ​ជា​បន្តបន្ទាប់​ក៏​ដោយ​ចុះ​។​វា​ទាមទារ​ការ​លើកកម្ពស់​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​ដ៏​សំខាន់​ជា​អាយុជីវិត​មួយ​នេះ​។

រូបតំណាង

តួនាទី​របស់​ពេទ្យ គឺ​សង្គ្រោះ​ជីវិត​មនុស្ស គឺ​មិនមែន​ជា​មុខរបរ ដើម្បី​តែ​កើប​លុយ​តាម​រយៈ​ការ​បំភិតបំភ័យ​ការ​ព្យាបាល​មិន​បាន​ត្រឹមត្រូវ និង​ការ​បំប៉ោង​តម្លៃ​ឡើយ​។​យើង​ទទួលស្គាល់​ថា ពេទ្យ​កាន់តែ​ច្រើន កាន់តែ​ប្រកាន់​ភ្ជាប់​សីលធម៌​គ្រូពេទ្យ​ហើយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​។​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​យើង​នៅ​តែ​លឺ​បញ្ហា​សីលធម៌ និង​ទំនុកចិត្ត​ទៅ​លើ​គ្រូពេទ្យ​។បច្ចុប្បន្ន​នេះ ពលរដ្ឋ​កម្ពុជា​នៅ​តែ​បន្ត​នាំ​យក​លុយរាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​រក​ការ​ព្យាបាល​ក្រៅប្រទេស ពិសេស​នៅ​ប្រទេស​ថៃ វៀតណាម សិង្ហ​បូ​រី និង​ម៉ា​ឡេ​ស៊ី​ជាដើម​។

រូបតំណាង

តើ​ហេតុ​អ្វី​បានជា​អ្នកជំងឺ និង​ក្រុម​គ្រួសារ​ត្រូវធ្វើ​ដំណើរ​ច្រើន​រយ​គីឡូម៉ែត្រ​ទាំង​ការ​ឈឺចាប់ និង​ការ​ចំណាយ​ដ៏​ខ្ពស់ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​ពួក​គេ​នៅ​ក្រៅប្រទេស?

បញ្ហា​នេះ​ប្រហែលជា​មក​ពី​បញ្ហា​នៃ​ទំនុកចិត្ត ក្រមសីលធម៌​វិជ្ជាជីវៈ និង​បញ្ហា​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ពិនិត្យ និង​ព្យាបាល​រោគ​។​ប៉ុន្តែ​និ​ន្ន​ការ​វេជ្ជ​មាន​មួយ​កំពុង​កើតឡើង បន្ទាប់​ពី​មាន​បញ្ហា​កូ​វី​ដ​១៩​។ ប្រជា​ជ​ទទួលស្គាល់​ថា អំឡុង​ពេល​កូ​វី​ដ​១៩ គ្រូពេទ្យ​ដែល​ជា​កងទ័ព​អាវ​សបាន​ខិតខំ​ខ្លាំង ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។​ចំណែក​ការ​វិនិយោគ​លើ​វិស័យ​វេជ្ជសាស្ត្រ​នេះ​ក៏​កំពុង​មាន​សន្ទុះ​ទៅ​មុខ​។មក​ដល់​ពេល​នេះ ក្រៅពី​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដែល​ជា​កន្លែង​ដែល​កំពុង​តែ​សាងសង់ និង​បំពាក់​បរិក្ខា​ទំនើប​ៗ​ចេញ​មន្ទីរពេទ្យ​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ក៏​បាន​កំពុង​តែ​ធ្វើ​ទំនើប​កម្ម​របស់​ខ្លួន​ផង​ដែរ ដោយ​ថវិកា​នៃ​ការ​បំពាក់​សម្ភារៈ និង​សាងសង់ គឺ​ក្រោម​ការ​ចំណាយ​ដោយ​រដ្ឋ និង​ជំនួយ​ជា​ហិរញ្ញវត្ថុ​ពី​បរទេស​ដូច​ជា ពី​ចិន ពី​កូរ៉េ​ខាងត្បូង​ជាដើម​។​ល​។

រូបតំណាង

វិស័យ​ឯកជន​ក៏​កំពុង​តែ​ទាក់ទាញ​ការ​វិនិយោគ​ច្រើន​ផង​ដែរ ដោយ​មាន​ទាំង​មន្ទីរពេទ្យ ដែល​វិនិយោគ​ពី​វៀតណាម ពី​ជប៉ុន ពី​ថៃ និង​វិនិយោគទុន​នៅ​ក្នុងស្រុក​។ ជាក់ស្តែង​គ្រាន់តែ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​ការ​សាងសង់​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ​សរុប​ជាង ៦០​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ដោយ​គម្រោង​ទាំងនេះ​មួយ​គម្រោង​មាន​តម្លៃ​សុទ្ធតែ​ជាង​២០​លាន​ដុល្លារ​ឡើង​។

តាម​ការ​ប្រកាស​ដោយ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្នើ​សុំ ដោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ «ORIENDA INTERNATIONAL HOSPITAL CO., LTD» ស្ថាប័ន​នេះ បាន​អនុម័ត​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ​មួយ​ដែល​នឹង​បំពាក់​គ្រែ​ចំនួន​១១៧​គ្រែ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ដួង​ងៀប​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុន​វិនិយោគ​ចំនួន​២១​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១៧៨​កន្លែង​។

ក្រុមហ៊ុន​មួយទៀត គឺ​ក្រុមហ៊ុន «NEW WORLD HEART & VASCULAR HOSPITAL CO., LTD» លើ​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​បេះដូង​និង​សរសៃឈាម​ដោយ​មាន​ចំនួន​៣០០​គ្រែ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​លេខ​១៩៣៤ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុង​ទុន​វិនិយោគ​ចំនួន​២០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣៤៨​កន្លែង និង​ក្រុមហ៊ុន​មួយទៀត គឺ​ក្រុមហ៊ុន « KHEMUNIK HOSPITAL CO., LTD » លើ​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​ចំនួន ១៥០​គ្រែ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក្នុង​ទុន​វិនិយោគ​ប្រមាណ​២៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៤៥៨​កន្លែង​។

បើ​យើង​ឃើញ​តួរ​លេខ​នេះ​យើង​ស្រ​ម៉ៃ​មើលទៅ​ឃើញ​ថា គម្រោង​ដែល​ស្នើ គឺ​សុទ្ធតែ​ជា​គម្រោង​វិនិយោគ​ដែល​នឹង​ចូលរួម​អភិ​វ​ឌ្ឈ​ន៍​សេវាកម្ម​វេជ្ជសាស្ត្រ​នៃ​វិស័យ​សុខាភិបាល​នៅ​ក្នុងស្រុក​យើង​បាន​មួយ​ផ្នែក ប៉ុន្តែ​យើង​នៅ​តែ​បារម្ភ​នៅ​ចំណុច​ដែល​បាន​និយាយ​ខាងលើ​។ ដោយសារ​តែ​បញ្ហា​នេះ​ទោះជា​វិនិយោគ​នោះ​មាន​តម្លៃ​មហាសាល​ប៉ុណ្ណា​ឧបករណ៍​ដែល​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​អស្ចារ្យ​ប៉ុណ្ណា ប៉ុន្តែ​ប្រសិនបើ​មិន​ខិតខំ​កសាង​ទំនុកចិត្ត​ពី​ពលរដ្ឋ​ទេ ពលរដ្ឋ​កម្ពុជា​នៅ​តែ​បន្ត​តស៊ូ​វេច​ខ្ចប់​លុយ​ចេញ​ទៅ​រក​សេវា​ព្យាបាល​នៅ​ខាងក្រៅ​ដដែល​។

នៅ​សម័យ​កូ​វី​ដ​១៩​រីក​រាលដាល យើង​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​គាំទ្រ​វិស័យ​សុខាភិបាល​នៅ​ក្នុងស្រុក គឺ​ពិតជា​ត្រេកអរ​ពីព្រោះ​តែ​ប្រទេស​ជិតខាង​បិទ​ព្រំដែន​អស់ ហើយ​ម្នាក់​ៗ​មិនដឹង​ទៅ​ណា​ក៏​បាន​ស្វែងរក​ការ​ព្យាបាល​នៅ​ក្នុងស្រុក​រៀង​ៗ​ខ្លួន​។​ប៉ុន្តែ​ក្រោយ​ពេល​ដែល​ប្រទេស​បើក​ព្រំដែន ហើយ​ប្រទេស​គេ​ក៏​បើក​ព្រំដែន ម្នាក់​ៗ​បាន​សម្រុក​នាំ​គ្នា​ចេញ​ទៅ​ស្វែងរក​សេវាកម្ម​នេះ​ដដែល ដោយ​ខ្លះ ទៅ​វៀតណាម នៅ​លើ​រថយន្តក្រុង​ដែល​មាន​ប្រមាណ​ជា​៣០​ជើង​នៅ​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នកដំណើរ​ភាគច្រើន គឺ​សុទ្ធតែ​ជា​អ្នក​ដែល​ទៅ​ស្វែងរក​ការ​ព្យាបាល នៅ​ទីនោះ​រួម​ជាមួយនឹង​សាច់ញាតិ​របស់​ពួក​គេ​។ អ្នក​ទៅ​ថៃ​ក៏​ដូច្នេះ ដោយ​មាន​ទាំង​ជើង​យន្តហោះ និង​រថយន្ត ពោល គឺ​ភាគរយ​នៃ​អ្នក​ដែល​ចេញ​ទៅ​ក្រៅ​ដើម្បី​ហេតុផល​សុខភាព គឺ​នៅ​តែ​មាន​ភាគរយ​ខ្ពស់​។

រូបតំណាង

បើសិនជា​យើង​អង្គុយ​លើ​ឡានក្រុង ឬ​យន្តហោះ​ជាមួយ​អ្នក​ស្វែងរក​ការ​ព្យាបាល​ក្រៅប្រទេស​យើង​នឹង​បានលឺ​ការ​ត្អូញត្អែរ​របស់​ពួក​គេ​អំពី​គុណភាព មាន​កំណត់​នៃ​ការ​ព្យាបាល​ក្នុង​ប្រទេស ហើយ​ពួក​គេ​ផ្តល់​ទំនុកចិត្ត​ជាង​ទៅ​លើ​ការ​ព្យាបាល​នៅ​បរទេស​ដូច​ជា ថៃ វៀតណាម សិង្ហ​បូ​រី និង​ម៉ា​ឡេ​ស៊ី​ជាដើម​។

សរុបសេចក្តី​ទៅ​ឫសគល់​នៃ​ជំនឿ និង​សេចក្តី​ទុកចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​មក​លើ​សេវាកម្ម​វេជ្ជសាស្ត្រ​នៅ​ក្នុងស្រុក​សំខាន់ គឺ​ស្ថិត​នៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល គុណធម៌ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។​ការ​ពង្រឹងសមត្ថភាព​គ្រូពេទ្យ គួប​ផ្សំ​នឹង​ការ​លើកកម្ពស់​ការ គោរព​ក្រមសីលធម៌ គ្រូពេទ្យ បូក​ផ្សំ​ជាមួយនឹង​ការ​បំពាក់​ឧបករណ៍​ទំនើប​ជំនួយ​ដល់​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យ​បាល វា​គឺជា​កត្តាចាំបាច់​ដើម្បី​កសាង​ជំនឿ​ទំនុកចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ សេវា​សុខភាព​នៅ​ក្នុង​ប្រទេស​។

ខណៈ​ដែល​យើង​ផ្តល់​ការ​គោរព និង​ដឹងគុណ​ចំពោះ​គ្រូពេទ្យ​ល្អ​ៗ​ដែល​បាន​និ​ពិនិត្យ និង​ព្យាបាល​ជំងឺ​បាន​ត្រឹមត្រូវ និង​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​នោះ ពេទ្យ​ទាំងអស់​ត្រូវ​តែ​ថ្លឹង​អោយ​ធ្ងន់ និង​ជា​អាទិភាព​ចំពោះ​ការ​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​មិន​ត្រូវ​សម្លឹង​មក​អ្នកជំងឺ​ជា​ទំនិញ​ដែល​អាច​ចិញ្ចឹម និង​ធ្វើ​អាជីវកម្ម ដើម្បី​តែ​ផលប្រយោជន៍​របស់​ខ្លួន និង​មន្ទីរពេទ្យ​ឡើយ​។

សូម​ចាត់​ទុក​អ្នកជំងឺ និង​ព្យាបាល​ពួក​គេ​ដោយ​មនុស្សធម៌​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ មិនមែន​ឃើញ​អ្នកជំងឺ គិតតែ​បូក​ថ្នាំ បំភ័យ បំភ័ន្ត បំប៉ោង ការ​ពិត ដើម្បី​ហេតុផល​ផលប្រយោជន៍​ខុស​ពី​ការ​ពិត​ដែល​អ្នកជំងឺ​ត្រូវ ទទួល​ការ​ព្យាបាល​នោះ​ទេ​។

នៅ​ពេល​ដែល​ពេទ្យ​យើង​ល្អ មានគុណ​ភាព និង​ទទួល​បាន​ទំនុកចិត្ត​នោះ​វា​មិន​ត្រឹមតែ​អាច​សង្គ្រោះ​ជីវិត​មនុស្ស​កាន់តែ​ច្រើន​ទេវា​ក៏​អាច​ទប់​លំហូរ​រាប់រយ​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំទៅ​ក្រៅប្រទេស​ផង​ដែរ ហើយ​ថែម​ទាំង​បង្កើត​ការងារ និង មុខរបរ​កាន់តែ​ច្រើន​ទាក់ទង ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅ​នឹង​វិស័យ​ពេទ្យ​។ពេទ្យ​ល្អ​ធ្វើ​អោយ​ប្រជាជន​ជន​សុខភាព​ល្អ ហើយ​កម្លាំង​ការងារ​រឹង​មាំ​ដែល​ជា​ជ​ន្ទ​ល់​សម្រាប់​លើកកម្ពស់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ផង​ដែរ​៕ អត្ថបទដោយ ៖ ប្រេ​វី​ន និងហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ