រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី១០ មីនា នេះ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង ជាអធិការនគរបាល បាននាំខ្លួនស្ត្រីជាជនសង្ស័យ មកធ្វើត្រាប់ពេលដែលចូលទៅលួចយកទារិកាអាយុជិត៥ខែពីក្នុងផ្ទះ បោះចោលនៅគំនរសំរាម ។
ការធ្វើត្រាប់នោះ គឺពិតជាគួរឱ្យហួសចិត្ត ដោយនាងយកទារិកាដាក់ក្នុងថង់ខ្មៅ ហើយយកស្កុតបិទមាត់នាងតូចដាក់ក្នុងឃ្លុបម៉ូតូ ហើយជិះយកទៅបោះចោលនៅគំនរសំរាមតែម្តង ។
ស្ត្រីសង្ស័យឈ្មោះយិន សុធារ៉ា ហៅមុំ អាយុ៣៤ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រីឯម្តាយទារិការងគ្រោះឈ្មោះមាស សុវណ្ណា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ស្ត្រីសង្ស័យខាងលើ បានយកស្គុតបិតមាត់ទារិកាអាយុ០៥ខែ ដាក់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ ទៅបោះចោលក្នុងគំនសំរាម កាលពីថ្ងៃទី០៨ មីនា វេលាម៉ោងប្រហែល១០ និង៣០នាទីយប់ ស្ថិតត្រង់ចំណុចក្នុងបន្ទប់ឡៅតឿជាន់ផ្ទាល់ដី នៃផ្ទះលេខ០១៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពបន្តថា នៅវេលាកើតហេតុ ជនរងគ្រោះនិងស្ត្រីសង្ស័យត្រូវជាមិត្ដភក្តិនិងគ្នាបានទៅលេងបៀរនៅផ្ទះរបស់ជនរងគ្រោះ ពេលកំពុងលេងបៀរ ត្រូវស្ត្រីសង្ស័យបានឡើងទៅចូលបន្ទប់ទឹកជាន់ឡៅតឿ ក៏ប្រទះឃើញទារិកា (កូនស្រីរបស់ជនរងគ្រោះ) គេងនៅលើជាន់ឡៅតឿ ភ្លាមនោះ ស្ត្រីសង្ស័យបានធ្វើសកម្មភាពយកស្គុតបិតមាត់ទារិកាដាក់ចូលក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ ហើយសំរូតចុះមកដី ។
បន្ទាប់មក ស្ត្រីសង្ស័យចូលទៅធ្វើជាលេងបៀរជាមួយគេធ្វើធម្មតា បានប្រហែល២ទៅ៣ក្ដារ ក៏ប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញ ដោយនាំយកទារិកាដែលសម្រូតខ្សែទម្លាក់ចុះមកដីនោះទៅជាមួយ ។ ពេលនោះ ជនរងគ្រោះបានឡើងទៅមើលកូនរស់ ខ្លួននៅជាន់ឡៅតឿស្រាប់តែបាត់កូនមិនឃើញ ក៏ផ្អើលឆោរឡោរឡើង ហើយបាននាំគ្នាដើររក ។
លុះដល់វេលាម៉ោងប្រហែល០៤ និង២០នាទីព្រឹកថ្ងៃទី០៩ មីនា ស្ត្រីសង្ស័យបានជិះម៉ូតូចេញពីផ្ទះ ដោយយកទារិកាដាក់ចូលក្នុងថង់ខ្មៅ បិតស្គុតមាត់ មកប្លុងចោលក្នុងគំនរសំរាម ។ ពេលនោះក្រុមគ្រួសាររបស់ជនរងគ្រោះបានឃើញ ក៏រើសទារិកាត្រឡប់មកវិញ និងបានឃាត់នាំខ្លួនស្ត្រីសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្ដង ។
ចែករំលែកព័តមាននេះ