ខេត្តសៀមរាប ៖ រថយន្តប្រភេទយីឌុប ចំនួន២គ្រឿង ដឹកឈើចូលខេត្តសៀមរាបជាបន្តបន្ទាប់ ទាំងកណ្ដាលថ្ងៃ មិនត្រូវបានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញណាម្នាក់ចេញមុខសួរនាំ និងធ្វើការបង្ក្រាបសោះឡើយ។ ប៉ុន្តែករណីនេះត្រូវបានគេធ្វើការអះអាងថា ជារបស់សម្ដេចសង្ឃទេពវង្ស ដឹកយកមកកសាងផ្ទះឱ្យប្រជាពលរដ្ឋ នៅសហគមន៍បឹងពារាំង នៃសង្កាត់ជ្រាវ ក្រុងសៀមរាប។ ហេតុការដឹកឈើ ចូលក្នុងក្រុងសៀមរាប ចំនួន២គ្រឿងនោះបានកើតឡើងនៅវេលាម៉ោង១១ និង៣៩នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប។
បើតាមប្រភពច្បាស់ការណ៍បានប្រាប់ថា ពួកគេបានឃើញរថយន្តប្រភេទយីឌុប ដឹកឈើចូលមកក្នុងក្រុងសៀមរាប ចំនួន២គ្រឿង គេបានធ្វើការអះអាងថា រថយន្តដឹកឈើទាំង២គ្រឿងខាងលើនោះមាន ៖ រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣A-៣២៥០ មានចំនួនប្រហែល៥៣ម៉ែត្រគូប និងរថយន្ត១គ្រឿងទៀត មានម៉ាក ហ៊ីយ៉ាន់ ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៧៦០៧ មានចំនួនប្រហែល៥៤ម៉ែត្រគូប ដែលដឹកមកពីភូមិសាស្ត្រ ស្រុកគូលែន ខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប ទាំងថ្ងៃត្រង់។
បើតាមប្រភពបានបន្តឱ្យដឹងថា ឈើ២ឡានធំៗនេះ ខាងបរិស្ថាន និងមេព្រៃកំពុងពិបាកក្នុងការសម្រេចចិត្តថា ចាប់ឬមិនចាប់ ប្រហែលរងចាំបញ្ជាពីថ្នាក់លើសិន។ ជុំវិញករណីនេះ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ទើបតែងតាំងឡើងថ្មី បានមានប្រសាសន៍តាមទូរស័ព្ទ ប្រាប់កាលពីវេលាម៉ោង៣និង៤៩នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ និយាយបានតែបន្តិច លោកប្រាប់ថា កំពុងជាប់រវល់ ប៉ុន្តែមិនបានបញ្ជាក់ថាជាប់រវល់អ្វីនោះទេ រួចក៏បិទទូរស័ព្ទដៃវិញទៅ។ ចំណែកលោក ឡឹង សុខា ជាមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទ កាលពីវេលាម៉ោង ៣និង៥០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះថា ឈើ២ឡាន នោះ គឺជារបស់សហគមន៍ បឹងពារាំងទេ គឺគេដឹកយកមកធ្វើស្ពាន បើចង់ដឹងច្បាស់សួរលោក ម៉ែន វុទ្ធីទៅ។
រីឯលោក ម៉ែន វុទ្ធី ហៅឡយ ជាមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៤និង១០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ថា លោកកំពុងជាប់រវល់ ដូចនេះពុំអាចសុំការបញ្ជាក់ពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប ណាមួយបានឡើយ បើពួកគាត់កំពុងរវល់ទាំងអស់គ្នា។ តើរកអ្វីមកបញ្ជាក់ថា ឈើទាំង២ឡាននោះ គឺជារបស់សហគមន៍ពិតប្រាកដនោះ។
មជ្ឈដ្ឋាននានា ក្នុងខេត្តសៀមរាប បាននាំគ្នាខ្សឹបថា ចំពោះឈើចំនួន២គ្រឿងនេះ បើទោះបីជារបស់សម្ដេចសង្ឃ ទេពវង្ស យកមកទុកកសាងស្ពាន ក្នុងសហគមន៍បឹងពារាំង ពិតប្រាកដមែនក៏ដោយ តែមហាជនមានការសង្ស័យថា មានបង្កប់អំពើពុករលួយផងដែរ។ ជុំវិញករណីខាងលើ ពុំមានលេខ ដើម្បីខលទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីសម្ដេចសង្ឃ ទេពវង្ស បាននៅឡើយទេ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ៕
ចែករំលែកព័តមាននេះ