រាជធានីភ្នំពេញ ៖ បុរស២នាក់បានគាំងបេះដូងស្លាប់ហើយត្រូវបានគេប្រទះឃើញនៅថ្ងៃទី ៩ មីនា នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ។ តាមព័ត៌មានឱ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី៩ មីនា នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតតាមបណ្តោយផ្លូវបេតុងលេខA204 ជាន់ទី១ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
បុរសឈ្មោះ ទិន ផាយ ហៅឆាយ អាយុ៣០ឆ្នាំ ជាជាងជួសជុលរថយន្តស្នាក់នៅកន្លែងកើតខាងលើ និងមានស្រុកកំណើតនៅភូមិអណ្តូង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកពង់ចាម ។ តាមមេជាងម្នាក់ឈ្មោះ ហេង សុធី ហៅយ៉ិន ដែលបានស្នាក់នៅបន្ទប់ជួលជាមួយគ្នាបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ មីនា បន្ទាប់ពីហូបបាយរួចប្រពន្ធគាត់ និងកូនបានចេញទៅដើរលេងនៅសល់តែគាត់និងជនរងគ្រោះ ខណៈនោះកូនជាងក៏បានចូលដេកក្នុងបន្ទប់ជួលមើលទូរទស្សន៍ហើយគាត់ក៏បានចូលដេកទៅ ។
តាមមេការឱ្យដឹងទៀតថា នៅវេលាម៉ោង៣ទៀបភ្លឺកូនប្រុសគាត់ក៏មកពីដើរលេងវិញចូលទៅក្នុងបន្ទប់ និងបានដាសជនរងគ្រោះឱ្យខិតទៅគៀនតែមិនមានការប្រតិកម្មអ្វីសោះ ចុងក្រោយទើបដឹងថា ស្លាប់បាត់ទៅហើយ ។ លុះនៅពេលព្រឹកនគរបាលក៏បានចុះទៅត្រួតពិនិត្យបញ្ជាក់ថា សពបានស្លាប់ដោយគាំងបេះដូង ។
ដោយឡែកមានបុរសម្នាក់ទៀតជាមេការសិប្បកម្មក៏បានដេកស្លាប់ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ មីនា ស្ថិតនៅក្នុងបន្ទប់ជួល តាមផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ បុរសរូបនោះឈ្មោះ ហង្ស យ៉ាន ហៅបូរ អាយុ ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតខាងលើ និងមានស្រុកកំណើតនៅភូមិតាលោ ឃុំជើងគ្រាល ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ស្រី ឃាង អាយុ២៨ឆ្នាំ និងកូនចំនួន២នាក់ក្នុងនោះស្រីម្នាក់ ។
តាមប្រភពព័ត៌មានពីកម្មករបានឱ្យដឹងថា នៅល្ងាចថ្ងៃទី៨ មីនា បន្ទាប់ពីចេញពីធ្វើការរូបគេហើយនឹងជនរងគ្រោះបានចេញពីធ្វើការនាំគ្នាហូបបាយរួចក៏បាននាំគ្នាចូលដេក ។ លុះដល់ព្រឹកថ្ងៃទី៩ មីនា បុរសដែលស្នាក់នៅជាមួយគ្នាបានដាស់ឱ្យងើបពីដេកងូតទឹកទៅធ្វើការ ស្រាប់តែឃើញស្លាប់បាត់ទៅហើយ ។ លុះនៅវេលាព្រឹកនគរបាលក៏បានចុះទៅពិនិត្យសពហើយបញ្ជាក់ថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង ៕
ចែករំលែកព័តមាននេះ