ខេត្តកំពត ៖ ពុទ្ធបរិស័ទ និងគណៈកម្មាការអាចារ្យវត្តចាក់សោព្រះវិហារមិនឱ្យព្រះសង្ឃចូលព្រោះចៅអធិការប្រមូលលុយអស់ពីរណ្ដៅសីមាវត្តតូប ដែលស្ថិតនៅក្នុងភូមិអូច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។ វត្តតូបនេះត្រូវបានធ្វើពីធីបុណ្យបញ្ចុះសីមារយៈពេល៣យប់ ដោយចាបពីថ្ងៃទី១ដល់ថ្ងៃទី៤ មីនា តែនៅយប់ថ្ងៃទី២នោះចៅអធិការព្រះនាម ហ៊ុន ភៀន បានប្រមូលលុយនៅក្នុងរណ្ដៅសីមា និងយកជណ្ដើរចុះប្រមូលលុយក្នុងរណ្ដៅសីមាបន្តទៀត តែពេលនោះគណៈកម្មាការអាចារ្យវត្ត និងពុទ្ទបរិស័ទបានភ្ញាក់ផ្អើលទាំងយប់ ហើយរណ្ដៅសីមាដែលមានលុយនៅក្នុងនោះក៏ត្រូវបានលប់ជិតឈឹងផងដែរ ។
បន្ទាប់ពីមានរឿងហែតុបែបនេះគណៈកម្មាការអាចារ្យវត្តតូបបានសំរេចចាក់សោព្រះវិហារជិតរយៈពេល៤ថ្ងៃទើបនៅរសៀលថ្ងៃទី៨ មីនា មានការប្រជុំ ក្នុងនោះមានលោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច មានលោក ឈុំ ឆាយ៉ា ប្រធានការិយាល័យធម្មការ និងសាសនាស្រុកព្រះអនុគន់ស្រុក រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តតូប ។
លោក មាស សម្បតិ្ត អាចារ្យវត្តតូបបានប្រាប់ឱ្យដឹងថា មុនពេលបុណ្យបានប្រជុំម្ដងទៅពីរដងហើយ ដោយមិនឱ្យនណាម្នាក់ចុះក្នុងរណ្ដៅសីមាទេ គឺលប់ទាំងអស់ធ្វើតាមបណ្ដាំលោក គាំសាអ៊ួង អាចារ្យវត្តតូបទើបតែបានស្លាប់ ប៉ុន្តែចៅអធិការមានគំនិតមិនល្អ ។ លោកតាម្នាក់ឈ្មោះ ប្រាក់ ស៊ុន អាយុ៨៨ឆ្នាំ និយាយថា រឿងរ៉ាវព្រះសង្ឃជាចៅអធិការកើតម្ដងហើយម្ដងទៀតហាក់ដូចជាមិនស្ដាប់អ្នកណាម្នាក់សោះ សូមឱ្យនិមន្តចាកចេញពីវត្តតែម្ដងទៅ ។
លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាចមានប្រសាសន៍ថា រឿងវត្តតូបនេះបានប្រជុំ៤ដងហើយនៅតែដោះមិនចេញ តែពេលនេះបើពុទ្ធបរិស័ទមិនគាំទ្រផង សូមព្រះអង្គនិមន្តចេញក៏ល្អ ព្រោះនិមន្តទៅស្រុកបារាំង ទៅស្រុកថៃ ក៏ស្រេចតែលោក ។ ព្រះតេជគុណព្រះនាម ហ៊ុន ភៀន មិនមានដីការតបអ្វីទេ និងព្រះអង្គមួយអង្គទៀតក៏ត្រូវនិមន្តចេញដែរ ព្រោះលោកទាំងពីរអង្គដែលបាននិមន្តចេញយ៉ាងតន់ហន់ចេញពីវត្តតូបនេះ មិនត្រូវតែងតាំងជាផ្លូវការនៅឡើយទេ ៕
ចែករំលែកព័តមាននេះ