ដាក់ខ្នោះម្ចាស់ហាងបាយយូអ៊ី៦៦៦ ពូកែរារាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសឈើខុសច្បាប់
ខេត្តក្រចេះ ៖ លោកព្រះរាជអាជ្ញាររងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដាក់ខ្នោះម្ចាស់ហាងបាយយីហោ យូអ៊ី666 ដែលមានទីតាំងនៅលើផ្លូវជាតិ
ខេត្តក្រចេះ ៖ លោកព្រះរាជអាជ្ញាររងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដាក់ខ្នោះម្ចាស់ហាងបាយយីហោ យូអ៊ី666 ដែលមានទីតាំងនៅលើផ្លូវជាតិ
ខេត្តក្រចេះ ៖ លោកព្រះរាជអាជ្ញាររងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដាក់ខ្នោះម្ចាស់ហាងបាយយីហោ យូអ៊ី666 ដែលមានទីតាំងនៅលើផ្លូវជាតិ ត្រង់ចំណុចផ្លូវបំបែកខ្លាស្ទុះ ក្នុងក្រចេះ ក្រោយពីនារីវ័យក្មេងម្ចាស់ហាងបាយនេះ បានព្យាយាមរារាំងយុទ្ធនាការរបស់សមត្ថកិច្ចដែលចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ ដែលលាក់បង្កប់ក្នុងបរិវេណដីឡូតិ៍ហាងបាយរបស់នាង។
សេចក្តីរាយការណ៍ឲ្យដឹងថា មានហាងបាយធំៗពីរកន្លែងមានយីហោ អូននាង និងយីហោ យូអី666 ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកខ្លាស្ទុះ ក្នុងក្រុងក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចក្រោមការដឹកនាំដោយលោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញាររងខេត្ត បានធ្វើការចុះបង្ក្រាបឈើអារខុសច្បាប់ ដែលបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុង និងយកមកលាក់ទុកនៅហាងបាយខាងលើ នៅព្រឹកថ្ងៃទី៨ ខែមីនា។
សមត្ថកិច្ចនិយាយថា កន្លងមកមានរថយន្តសាំយ៉ុង បានដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃ និងបានចូលជ្រកទម្លាក់ឈើចោលយ៉ាងពពាក់ពពូននៅតាមហាងបាយទាំងពីរនេះ ដើម្បីគេចពីការតាមបង្ក្រាប។ មិនតែប៉ុណ្ណោះម្ចាស់ហាងបាយទាំងពីរនេះក៏តែងតែរារាំងមិនឲ្យសមត្ថកិច្ចចាប់រឹបអូសឈើខុសច្បាប់ទាំងនេះទេ។ នៅរាល់សកម្មភាព ចេញមុខរារាំងកាងបទល្មើសជាច្រើនលើកច្រើនសារ ពីម្ចាស់ហាងបាយដែលសុទ្ធសឹងជានារីវ័យក្មេងទាំងពីរហាងនេះ គឺពួកនាងតែងតែជេប្រមាថដៀលត្មះមិនបណ្តាក់មាត់មកលើសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលមានបំណងចង់ចូលទៅបង្ក្រាបឈើក្នុងបរិវេណដីឡូតិ៍ ហាងបាយទាំងពីរខាងលើនេះ ហាក់ដូចជាមិនខ្លាចញញើតអ្វីបន្តិចសោះ។
យ៉ាងណាជាមួយនឹងការបញ្ជាឲ្យសមត្ថកិច្ចដាក់ខ្នោះ នារីជាម្ចាស់ហាងបាយយីហោ យូអី666 ពីការបង្គាប់របស់លោក ធុច បញ្ចៈសន្តិភាព នាព្រឹកនោះ សមត្ថកិច្ចក៏បានដោះលែងវិញក្រោយពីបានដាក់ខ្នោះបានមួយអន្លើជាការព្រមាន បន្ទាប់ពីនារីជាម្ចាស់ហាងបាយរូបនេះព្រមទទួលកំហុសរបស់ខ្លួន។ បើតាមសមត្ថកិច្ចដែលបានចុះទៅអនុវត្តបង្ក្រាបបទល្មើសឈើខុសច្បាប់ ដែលរត់ពួនសម្ងំក្នុងហាងបាយនៅជាយក្រុងនៅព្រឹកនោះបានឲ្យដឹងថា មានឈើអារចំនួនជិត១០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចរុករកឃើញនៅក្នុងបរិវេណហាងបាយទាំងពីហាងខាងលើ ហើយឈើទាំងនោះក៏ត្រូវបានចាប់រឹបអូស។
តែគេក៏នៅមិនទាន់ដឹងថា នារីជើងខ្លាំងពីរនាក់ និងជាម្ចាស់ហាងបាយពីរកន្លែងផ្សេងគ្នានេះ អាចរួចផុតពីទោសទណ្ឌ ឬក៏យ៉ាងណានៅឡើយដែរ នៅពេលដែលសមត្ថកិច្ចកសាងសំណុំរឿងរួចមកនោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា រាល់យប់ថ្ងៃសកម្មភាពដឹកជញ្ជូនឈើសុទ្ធសឹងជាឈើខុសច្បាប់តាមរថយន្តសាំយ៉ុងគឺមានសមក្មភាពកម្រើកឡើងវិញគួរឲ្យកត់សម្គាល់។
ដោយក្នុងមួយយប់មានឈើអាររាប់សិបម៉ែត្រគូប ត្រូវបានដឹកជញ្ជូនខុសច្បាប់ចេញពីភូមិសាស្ត្រ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នាំឆ្ពោះទៅកាន់ដេប៉ូតាមបណ្តាខេត្តនៅភាគខាងក្រោម។ តែយ៉ាងណាសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងពីរថយន្តសាំយ៉ុងរាប់រយគ្រឿងទាំងនេះ ក៏គេនៅមិនទាន់ឃើញសមត្ថកិច្ចមានវិធានការទប់ស្កាត់បែបណានៅឡើយដែរ៕
ចែករំលែកព័តមាននេះ