ខេត្តកំពត ៖ លោក ហ៊ុន ម៉ានិត ស្នើសុំឲ្យខ្មែរឥស្លាមទាំងអស់ជួយជ្រោមជ្រែងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីស្ថេរភាព និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ។ ការស្នើសុំរបស់លោក ហ៊ុន ម៉ានិត នេះធ្វើឡើងនាព្រឹកថ្ងៃទី៨ មីនា ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាក្នុងវិហារឥស្លាម ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ។
ក្នុងពិធីនេះដែរក្រោមអធិបតីភាពលោក ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ និងលោកអភិបាលខេត្ត ស្ថាប័នក្រុមប្រឹក្សាខេត្ត តុលាការ ជួរថ្នាក់ដឹកនាំជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សកាយរិក យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម សរុបប្រមាណជាង១.១៥០នាក់ ។
លោក ហ៊ុន ម៉ានិត បានថ្លែងអំណរអរគុណដល់បងប្អូនខ្មែរឥស្លាមទាំងអស់ជាពិសេសក្នុងខេត្តកំពតដែលបានបោះឆ្នោតកន្លងមកជូនគណបក្សប្រជាជនកម្ពុជាបើគិតទៅប្រមាណ៩០%នៃចំនួនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខេត្តកំពត ក៏ដូចជាខ្មែរឥស្លាមក្នុងឃុំព្រៃថ្នងនេះផងដែរហើយលោកក៏បានបន្តអំពាវនាវសុំឲ្យបងប្អូនខ្មែរឥស្លាមទាំងអស់ ជួយជ្រោមជ្រែងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៅទៀតដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឃុំ ស្រុក របស់ខ្លួន ។
លោកបន្តថា ប្រទេសមានសន្តិភាពកើតឡើងគឺមកពីយើងមានការសាមគ្គីរួបរួមគ្នាមិនប្រកាន់ជនជាតិ ពូជសាសន៍ ឬជំនឿសាសនាណាមួយឡើយ ។ ជាពិសេសមិនជឿការញុះញង់ពីសំណាក់ជនអគតិមួយចំនួនដែលបំផ្លោងសភាពការពិតនៅកម្ពុជាធ្វើឲ្យខ្មែរ និងខ្មែរកើតសង្គ្រាមស៊ីវិលនៅក្នុងប៉ុន្មានទស្សវត្តកន្លងមកនេះដែលធ្វើឲ្យខ្មែរបាត់បង់ជីវិត និងពិការភាពរាប់លាននាក់ ជួបនឹងភាពអត់ឃ្លានគឺដោយសារខ្មែរបែកបាក់សាមគ្គីគ្នា និងមានការអន្តរាគមន៍ញុះញង់ពីបណ្តាប្រទេសមហាអំណាចមួយចំនួន ។
នៅទីបញ្ចប់លោក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ននៅក្នុងខេត្តដែលបានយកចិត្តទុកដាក់ចូលរួមអភិវឌ្ឍន៍នៅក្នុងខេត្តបានល្អ ជាពិសេសការយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះបងប្អូនសាសនិកឥស្លាមដោយមិនប្រកាន់ជំនឿសាសនាយល់ឃើញពីការរីកចំរើនទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ