ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ត្រូវបានបុរសមានប្រពន្ធកូនហើយចាប់រំលោភរហូតបានសម្រេច៤ដង ខណៈដែលម្តាយឪពុករបស់ក្មេងស្រីទៅបំពេញការងារ ក្រោយធ្វើសកម្មភាពចាប់ក្មេងស្រីរំលោភបានសម្រេចហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ហើយម្តាយឪពុកក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹងនគរបាលឱ្យតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
តាមការប្រាប់ឱ្យដឹងពីមន្ត្រីនគរបាលនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ថា ដោយខាងជំនាញបានបូកសរុបរបាយការណ៍ប្រចាំខែបញ្ជូន ទើបបែកធ្លាយរឿងករណីក្មេងស្រីអាយុ៤ឆ្នាំត្រូវបានបុរសវ័យជាង៣០ឆ្នាំចាប់រំលោភសម្រេចរហូតដល់ទៅ៤ដងឯណោះ ។
ប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា ក្មេងស្រីអាយុ៤ឆ្នាំដែលត្រូវបុរសមានប្រពន្ធកូនចាប់រំលោភនោះមានម្តាយឈ្មោះម៉ឺន ចាន់នី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ឪពុកឈ្មោះ កៃ ប៊ុនធឿន អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិព្រៃក្រសាំង ស្រុកឧដុង្គ ។ ចំណែកជនល្មើសឈ្មោះ ខៀវ សុខន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្ដ ខេត្តកំពង់ស្ពឺ ។
បើតាមសម្តីរបស់ម្តាយក្មេងស្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ គឺរូបនាងនិងប្តីបានចេញទៅបំពេញការងាររៀងៗខ្លួន ដោយទុកកូនស្រីឱ្យនៅជាមួយឪពុកមាឈ្មោះម៉ឺន គង្គា អាយុ២៧ឆ្នាំ។ ពេលនោះឪពុកមាកំពុងតែរវល់ផង ក៏ស្រាប់តែកូនរបស់នាងត្រូវបានជនសង្ស័យល្បួងនាំយកទៅរំលោភនៅក្បែរផ្ទះរបស់ជនសង្ស័យរូបនោះរហូតបានសម្រេចជាច្រើនដង។
ប្រភពបានបន្តទៀតថា ក្រោយពេលមកពីធ្វើការងារវិញមិនឃើញកូនស្រី ក៏នាំគ្នាដើរករហូតដល់ម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៨ កុម្ភៈ ទើបរកឃើញដោយមានការភ័យផង និងរន្ធត់ចិត្តផងនោះ មិនបានដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ ទើបនៅព្រឹកថ្ងៃទី០១ មីនា ទើបមកដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ដើម្បីឱ្យជួយស្រាវជ្រាវរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ខានតែបាន។
លោក ស៊ិន សាផេន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា លោកទទួលបានពាក្យបណ្តឹងពីម្តាយឪពុកក្មេងស្រីរងគ្រោះតាំងពីថ្ងៃទី០១ មីនា មកម្ល៉េះ ហើយនៅព្រឹកថ្ងៃទី០៧ មីនា នេះ លោកបានស្នើសុំយោបល់ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចុះធ្វើការស្រាវជ្រាវ និងចេញដីកាឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំបានសំរេច៤ដង ហើយរត់គេចខ្លួនបាត់នោះ ៕
ចែករំលែកព័តមាននេះ