រាជធានីភ្នំពេញ ៖ ក្នុងឱកាសធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា កន្លងមកនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបសន្ទនាជាមួយប្រធានាធិបតី អនុប្រធានាធិបតី និងលោកជំទាវ អោង សានស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព ជាទីប្រឹក្សារដ្ឋ តែជាក់ស្តែងជាអ្នកដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ។
ក្នុងឱកាសជួបសន្ទនាជាមួយលោកជំទាវ អោង សានស៊ូជី លោកឧបនាយករដ្ឋមន្ត្រី បានរំឭកពីទំនាក់ទំនងដ៏យូរលង់រវាងប្រទេសនិងប្រជាជនទាំង២កម្ពុជា-មីយ៉ាន់មា ដែលមានរាប់សតវត្សរ៍មកហើយ ដូចមានសិលាចារឹកជាភាសាភូមានៅប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំនាសតវត្សរ៍ទី១៩ និងសតវត្សរ៍ទី២០កន្លងមក ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា «ភាពដូចគ្នារវាងកម្ពុជានិងមីយ៉ាន់ម៉ាមានច្រើនរួមមាន វប្បធម៌ សាសនា ទំនៀមទម្លាប់ និងអរិយធម៌មន» ។
ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ និងការផ្លាស់ប្តូរនិស្សិតនិងយុវជន ព្រមទាំងតភ្ជាប់ទេសចរណ៍ «អង្គរ-បាហ្គាន-អង្គរ» ។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបលោកជំទាវថា សព្វថ្ងៃមានក្រុមហ៊ុនកម្ពុជាចំនួន២៤បានមកធ្វើធុរកិច្ចនៅមីយ៉ាន់ម៉ា ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឧទាហរណ៍ជូនលោកជំទាវពី «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោដែលធ្វើឲ្យខ្មែរក្រហមរលំរលាយទាំងស្រុង ទាំងយោធា និងរដ្ឋបាល នាំឲ្យមានសន្តិភាពដល់ថ្ងៃនេះ ដែលធ្វើឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងសព្វថ្ងៃ ។
ក្នុងឱកាសនោះ លោកជំទាវ អោង សានស៊ូជី បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីដូចខាងក្រោម ៖
១-ផលប្រយោជន៍ចម្បងរបស់មីយ៉ាន់ម៉ាគឺសន្តិភាពនិងការបង្រួបបង្រួមជាតិ ប៉ុន្តែអាចមិនមែនជាផលប្រយោជន៍របស់ប្រទេសមួយចំនួន ។ តាមពិតជាបញ្ហាការបំភ្លៃការពិត ។ សូមអគុណកម្ពុជា ដែលបានគាំទ្រមីយ៉ាន់ម៉ាលើបញ្ហានេះ ។
២-រីករាយចំពោះវត្តមានក្រុមហ៊ុនវិនិយោគកម្ពុជាចំនួន២៤នៅមីយ៉ាន់ម៉ា និងសង្ឃឹមថា ចំនួននេះនឹងកើនឡើង ។ កោតសរសើចំពោះគំនិតផ្តួចផ្តើមឱ្យមានផ្លូវទេសចរណ៍«ប្រទេស២ គោលដៅតែមួយ» ។
៣-ក្របខណ្ឌមេគង្គ ជាសក្តានុពលសម្រាប់កម្ពុជា និងមីយ៉ាន់ម៉ា អាចពង្រឹងកិច្ចសហប្រតិបត្តិការរួមជាមួយគ្នា ។
សូមអរគុណកម្ពុជាដែលបានគាំទ្រមីយ៉ាន់ម៉ាកន្លងមក សូមឲ្យកម្ពុជាបន្តការគាំទ្រ ។
និង ៤-សូមអគុណចំពោះការអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា ហើយនឹងពិនិត្យពេលវេលាសមស្រមសម្រាប់ទស្សនកិច្ច ។
ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានអញ្ជើញទៅទស្សនាប្រាសាទនានារបស់មីយ៉ាន់ម៉ានៅណៃពីដោ បាហ្គាន និងម៉ាន់ដាឡេ ដែលនៅទីនោះមានបដិមាកម្ពុជាត្រូវបានយកពីអយុធ្យា ប្រទេសថៃ ទៅមីយ៉ាន់ម៉ាផងដែរ ៕
ចែករំលែកព័តមាននេះ