ខេត្តព្រៃវែង ៖ ប្រជាកសិកររស់នៅក្នុងឃុំអន្សោង ស្រុកកំពុងត្របែក កំពុងនាំគ្នាងាកមកធ្វើចំការស្មៅ ដើម្បីផ្គត់ផ្គង់ដល់ចំណីដល់សត្វគោរបស់ពួកគាត់ខណៈរដូវប្រាំងកាលពីឆ្នាំកន្លងទៅពិបាករកស្មៅឱ្យគោស៊ី ។
លោកពូ វា សុផាត ជាកសិករម្នាក់ដែរងាកមកដាំស្មៅឱ្យគោស៊ីជំនួសការប្រលែងគោឱ្យដើរស៊ីពាសវាលពាសកាលបានរៀបរាប់ឱ្យដឹងថា មូលហេតុដែលគាត់ចាប់ផ្តើមដាំស្មៅគឺដើម្បីផ្គត់ផ្គង់ចំណីគោនេះ គឺដោយសារតែនៅរដូវប្រាំងម្តងៗគាត់មានការពិបាកក្នុងការស្វែងរកស្មៅឱ្យគោស៊ីដែលធ្វើឱ្យគោរបស់គាត់ស្រកសាច់ជាលំដាប់ ។ នៅថ្ងៃមួយគាត់បានមើលតាមទូរទស្សន៍ ហើយបើកប៉ុស្តិ៍វៀតណាមបានឃើញគេប្រាប់ពីរបៀបនៃការធ្វើចំការស្មៅ គាត់ក៏ស្វែងរកបានពូជស្មៅចំនួនពីរយកមកសាកល្បងដាំ គឺពូជស្មៅឃីងក្រាស និងពូជស្មៅពន្លូតលក្ខ័ ។ បន្ទាប់ពីដាំ និងដាក់ស្មៅឱ្យគោស៊ីរួចមកគាត់ក៏បានទទួលផលយ៉ាងគាប់ចិត្ត គឺទីមួយគោរបស់គាត់មានការធំធាត់លឿនជាងមុន និងទី២គាត់មិនចាំបាច់ប្រលែងគោឱ្យដើរស៊ីពាសវាលពាសកាលដែលអាចជួបហានិភ័យឆ្លងរោគផ្សេងៗទៀតនោះទេក្រៅពីនេះស្មៅដែលដាំបានគាត់អាចលក់ទៅឱ្យបងប្អូនជិតខាងដើម្បីយកកម្រៃបន្ថែមទៀត ។
លោក ហែម រតនា មន្ត្រីបសុពេទ្យប្រចាំស្រុកកំពុងត្របែកបានលើកឡើងថា ការចិញ្ចឹមសត្វជាពិសេសសត្វគោដោយការផ្គត់ផ្គង់ចំណីតាមរយៈការធ្វើចំការស្មៅនេះពិតជាផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កសិករ ព្រោះពួកគាត់ងាយស្រួលក្នុងការគ្រប់គ្រង់ទាំងសុខភាពសត្វ និងចំណីសត្វផងដែរ ជាពិសេសសត្វរបស់ពួកគាត់អាចធំធាត់លឿនជាងការឱ្យគោដើរស៊ីពាសវាលពាលកាល ។
គួរបញ្ជាក់ថា សត្វគោដែលប្រជាកសិករចិញ្ចឹមទុកនៅក្នុងក្រោលហើយអាចលូតលាស់ល្អត្រឹមត្រូវតាមស្តងដារក្នុងមួយថ្ងៃគោត្រូវការស៊ីស្មៅ៦គីឡូក្រាម ដែលការស៊ីនេះត្រូវបែងចែកជាពីរពេល គឺព្រឹកស៊ី៣គីឡូក្រាម និងល្ងាចស៊ី៣គីឡូក្រាម ហើយក្នុងនោះយើងក៏អាចដាក់បញ្ចូលចំប៉ើងចូលជាមួយខ្លះៗផងដែរប្រសិនជាស្មៅរបស់យើងមិនគ្រប់គ្រាន់ ៕
ចែករំលែកព័តមាននេះ