រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារបានសប្បាយរីករាយបន្ទាប់ពីក្រុមហ៊ុន OCIC បានដោះស្រាយនូវគោលនយោបាយជូនប្រជាពលរដ្ឋពាក់ពន្ធ័ទាំងអស់មកដល់ពេលនេះបានចំនួន៨៦ភាគរយហើយ នៅសល់ប្រមាណ១៣ភាគរយប៉ុណ្ណោះ ។ នៅក្នុងការដោះស្រាយនេះក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរវាស់វែងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋរួចរាល់អស់ហើយទៅតាមការណែនាំរបស់រដ្ឋាភិបាល ។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត ក៏បានឯកភាពទទួលយក ផ្ទះ និងផ្សារផងដែរ ។ នេះបើតាមប្រសាសន៍លោក ទូច សំណាង អគ្គនាយរងក្រុមហ៊ុនមានប្រសាសន៍ឱ្យដឹងកាលពីព្រឹកថ្ងៃទី៦ មីនា កន្លងទៅនេះ ។
បើតាមលោក ទូច សំណាង បានឱ្យដឹងថា អាជ្ញាធរខណ្ឌជ្រោយចង្វារពិសេសការិយាល័យភូមិបាលខណ្ឌបានចុះប្រមូលទិន្នន័យវាស់វែងបំពេញឯកសារក្បាលដីដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋភូមិចាស់ និងទីតាំងដីស្ថិតនៅក្នុងបរិវេណ១០០ម៉ែត្រពីអ័ក្សផ្លូវជាតិលេខ៦ និងផ្លូវទន្លេសាប ដែលមន្ទីរភូមិបាលរាជធានីភ្នំពេញប្រគល់ជូនការិយាល័យភូមិបាលខណ្ឌជាអ្នកចាត់ចែងរួចរាល់អស់ហើយនៅតែបិទប្រកាសជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។
លោកបានបន្តទៀតថា មិនតែប៉ុណ្ណោះប្រជាពលរដ្ឋទទួលបានផ្លួវ លូ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដោយបានតភ្ជាប់ងាយស្រួលជាងមុនដែលកាលពីមុនត្រូវដើរផ្លូវវាង ហើយពេលនេះបានជួយរំដោះការកកស្ទះចរាចរពីផ្លូវជាតិលេខ៦ ខណៈដែលផ្លូវនេះមានការជួសជុល ។ លោកក៏បានឱ្យដឹងទៀតថា ជាមួយគ្នានោះប្រជាពលរដ្ឋចំនួន១៥២គ្រួសារបានមកទទួលយកផ្ទះក្នុងបុរីរុងរឿង ហើយមួយចំនួនធំបានមករស់នៅផ្ទះថ្មទាំងនោះហើយដែលរួមមានទាំងផ្សារមួយផងដែរ ។
ចំណែកប្រជាពលរដ្ឋដែលរស់នៅភូមិចាស់ជាង១០០គ្រួសារហើយមានដីនៅតំបន់អភិវឌ្ឍន៍ក៏បានទទួលយកដំណោះស្រាយតាមការព្រមព្រៀងរួចហើយដែរ ។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនដែលមិនមានលំនៅដ្ឋានតំបន់នេះហើយទិញដីសម្រាប់លក់យកចំណេញក៏បានមកទទួលយកការដោះស្រាយជាថវិការបានតាមក្បាលដីតិច ឬច្រើនបានសរុបបាន៤១គ្រួសារ ហើយនៅជាង១០០គ្រួសារទៀតដែលមិនព្រមទទួលយកការដោះស្រាយទោះបីសាលារាជធានីបានហៅទៅជួបជាច្រើនដងហើយក៏ដោយ ។ លោកបានបញ្ជាក់ថា កន្លងមកបានដោះស្រាយរាល់បញ្ហាលើផ្ទៃដីទំហំ៣៨៧ហិកតា ដោះស្រាយបាន៧៩១គ្រួសារស្មើនឹង៨៦ភាគរយដោយកាត់ភូមិចាស់ចេញគឺនៅសល់តែប្រមាណជាង១៣ភាគរយទៀតទេ ស្មើប្រមាណជាង១០០គ្រួសារ ហើយចុងក្រោយនេះក៏មានអ្នកមកទទួលយកជាហូរហែរដែរ ។
លោក កាយ សុខហៃ ប្រធានការិយាល័យភូមិបាលខណ្ឌជ្រោយចង្វារបានមានប្រសាសន៍ថា យើងពិតជាបានឆ្វៀលភូមិចាស់ហើយធ្វើការវាស់វែងដើម្បីធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន ។ លោកបន្តថា បន្ទាប់ពីរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៨ ស្តីពីធ្វើអនុប្រយោគដីសាធារណៈរបស់រដ្ឋមកជាដីកម្មសិទ្ធិឯកជនសម្រាប់វិធានកម្មពីកម្មសិទ្ធិរបស់សាលារាជធានីភ្នំពេញដែលកាត់ចេញពីតំបន់អភិវឌ្ឍក្រុមហ៊ុនតាំងពី៤៥០ហិកតារហូតមកត្រឹម២៨៧ ។ ចំណុចប្រឈមយើងបានកាត់ឆ្វៀលចេញអស់ហើយក្រុមការងារបានចុះវាស់វែងធ្វើកម្មសិទិ្ធជួនប្រជាពលរដ្ឋ រហូតដល់ពេលនេះកំពុងតែរៀបចំបិទផ្សាយទិន្នន័យនៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក និងបីសង្កាត់ទាំងអស់មានចំនួនជាង៧០០ក្បាលដី ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលទទួលបានផ្ទះ និងតូបផ្សារ ពីក្រុមហ៊ុនបានឱ្យដឹងថា ពួកគាត់សប្បាយរីករាយណាស់ដែលមិននឹកស្មានដល់ ព្រោះពីមុនគាត់រស់នៅក្នុងផ្ទះខ្ទមស្លឹកលិចទឹក ហើយពេលនេះគាត់រស់នៅលើផ្ទះថ្ម មានផ្លូវ មានទឹក មានភ្លើង មានសេចក្តីសុខ មានសុត្ថិភាព ។ លោក ម៊ី សារិន ប្រធានការដ្ឋានក្រុមហ៊ុនមានប្រសាសន៍ថា ដីក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារនេះមួយចំណែកបានធ្វើជាអគាររដ្ឋដូចជាទីតាំងសាកលវិទ្យាល័យវិចិត្រសិល្បៈ អគារសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអគាររបស់រដ្ឋមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ