រាជធានីភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃទី២ មីនា ឆ្នាំ២០១៧ កន្លងមក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបសន្ទនាជាមួយប្រធានាធិបតី លោកអនុប្រធានាធិបតី ព្រមទាំងជួបជាមួយលោកជំទាវ អោង សានស៊ូជី ជ័យលាភីរង្វាន់ Nobel សន្តិភាព ជាទីប្រឹក្សារដ្ឋ តែជាក់ស្តែងជាអ្នកដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ។
ក្នុងឱកាសសន្ទនាជាមួយលោកជំទាវ អោង សានស៊ូជី លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីទំនាក់ទំនងដ៏យូរលង់រវាងប្រទេស និងប្រជាជនយើងទាំងពីររាប់សតវត្សរ៍មកហើយ ដូចមានសិលាចារឹកជាភាសាភូមានៅប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ពីសតវត្សរ៍ទី១៩ និងសតវត្សរ៍ទី២០ កន្លងមក ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ៖ « ភាពដូចគ្នារវាង កម្ពុជា និងមីយ៉ាន់ម៉ាជាច្រើន រួមមាន វប្បធម៌ សាសនា ទំនៀមទំលាប់និងអរិយធម៌មន » ។
ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ និងការផ្លាស់ប្តូរនិស្សិត និងយុវជន ព្រមទាំងតភ្ជាប់ទេសចរណ៍ «អង្គរ-បាហ្គាន-អង្គរ»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោកជំទាវថា សព្វថ្ងៃមានក្រុមហ៊ុនកម្ពុជាចំនួន២៤ បានមកធ្វើធុរកិច្ចនៅមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីក៏បានលើកឧទាហរណ៍ជូនលោកជំទាវអំពី «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ នៅឆ្នាំ១៩៨៨ ធ្វើឲ្យខ្មែរក្រហមរលាយទាំងស្រុង ទាំងយោធា និងរដ្ឋាភិបាល នាំឲ្យមានសន្តិភាពដល់ថ្ងៃនេះ ដែលធ្វើឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងសព្វថ្ងៃនេះ ។
ក្នុងឱកាសនោះ លោកជំទាវ អោង សានស៊ូជី បានជម្រាប់ជូនលោកឧបនាយករដ្ឋមន្ត្រីដូចខាងក្រោម ៖
១-ផលប្រយោជន៍ចម្បងរបស់មីយ៉ាន់ម៉ាគឺសន្តិភាព និងការបង្រួបបង្រួមជាតិ ប៉ុន្តែអាចមិនមែនជាផលប្រយោជន៍របស់ប្រទេសមួយចំនួន។ តាមពិត ជាបញ្ហាការបំភ្លៃការពិត ។ សូមអរគុណកម្ពុជា ដែលបានគាំទ្រមីយ៉ាន់ម៉ាលើបញ្ហានេះ ។
២-រីករាយចំពោះវត្តមានក្រុមហ៊ុនវិនិយោគកម្ពុជាចំនួន២៤នៅមីយ៉ាន់ម៉ា និងសង្ឃឹមថា ចំនួននេះនឹងកើនឡើង ។ ទន្ទឹមនឹងនេះក៏សូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមឲ្យមានផ្លូវទេសចរណ៍ « ប្រទេស២ គោលដៅតែមួយ»។
៣-ក្របខ័ណ្ឌមេគង្គ ជាសក្តានុពលសម្រាប់កម្ពុជា និងមីយ៉ាន់ម៉ា អាចពង្រឹងកិច្ចសហប្រតិបត្តិការ រួមជាមួយគ្នា ។ សូមអរគុណកម្ពុជាផងដែរដែលបានគាំទ្រមីយ៉ាន់ម៉ាកន្លងមក និងសូមឲ្យកម្ពុជាបន្តការគាំទ្រទៀត ។
៤-សូមអរគុណចំពោះការអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា ហើយនឹងពិនិត្យពេលវេលាសមស្របសម្រាប់ទស្សនកិច្ចនេះ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅទស្សនាប្រាសាទនានារបស់មីយ៉ាន់ម៉ានៅណៃពីដោ បាហ្គាន និងម៉ាន់ដាឡេ ដែលនៅទីនោះមានបដិមាករកម្ពុជា ត្រូវបានយកពីអយុធ្យា (ប្រទេសថៃ) ទៅមីយ៉ាន់ម៉ាផងដែរ ៕
ចែករំលែកព័តមាននេះ