ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់បានព្យាយាមដើរចុះទៅមុជទឹកសម្លាប់ខ្លួនឯងនៅទឹកស្ទឹងសង្កែ ដោយសារតូចចិត្តជាមួយប្ដី
បានបណ្ដេញចេញពីផ្ទះ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៧ មីនា នេះ ស្ថិតនៅក្បែរក្បាលស្ពានសម្ដេចក្រឡាហោមស ខេង ត្រើយខាងកើតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃើញទាន់ នាំគ្នាចុះទាញដៃឡើងលើគោកវិញភ្លាមៗ ។
ប្រភពឱ្យដឹងថា នារីដែលចង់សម្លាប់ខ្លួនខាងលើឈ្មោះថង ពៅ អាយុ២០ឆ្នាំ មានប្ដី (អត់ស្គាល់ឈ្មោះ) ស្នាក់នៅបណ្ដោះអាសន្ននៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តែស្រុកកំណើតនាងនៅនៅឃុំមោង ស្រុកមោងប្ញស្សី ។ លោកអធិការបានប្រាប់ថា ស្ត្រីរូបនេះបានចុះទៅក្នុងស្ទឹងសង្កែ ទាំងទឹកភ្នែកទឹកសំបោរ ធ្វើឲ្យមានការភ្ញាក់ផ្អើលថា នាងប៉ងមុជទឹកសម្លាប់ខ្លួន ទើបសមត្ថកិច្ចនិងពលរដ្ឋចុះជួយអន្តរាគមន៏ទាញឡើងលើគោកវិញ នាំទៅសួរនាំតែម្ដងទៅ។
សាក្សីដែលឃើញសកម្មភាពនារីរូបនេះ បាននិយាយថា ដំបូងគេឃើញនារីនោះដើរឡើង ដើរចុះនៅលើស្ពាន និងអង្គុយក្បែរមាត់ស្ទឹងកន្លែងកើតហេតុ ដែលបង្ហាញពីសកម្មភាពសោកសៅយ៉ាងខ្លាំង តែគ្មាននណាម្នាក់ដឹងថា នារីមានរឿងអ្វីនោះទេ ។ ពេលនាងអង្គុយមួយសន្ទុះ ស្រាប់តែគេឃើញនាងងើបដើរចុះទៅក្នុងស្ទឹងសង្កែទាំងទឹកភ្នែករលីងរលោង ដែលគេសង្ស័យថា នាងច្បាស់ជាមានវិបត្តិអ្វីមួយក្នុងខ្លួន ហើយដើរចុះទៅក្នុងស្ទឹងគឺអាចនឹងសម្លាប់ខ្លួនផង ទើបគេរាយការណ៏ប្រាប់សមត្ថកិច្ចឲ្យមកជួយអន្តរាគមន៏តែម្ដងទៅ។
ប៉ុន្តែអ្នកឃើញហេតុការណ៏ខ្លះនិយាយថា បើនាងពិតជាចង់សម្លាប់ខ្លួនមែន ម្ដេចមិនលោតពីលើស្ពាន ឬ នាងមិនទាន់សម្រេចចិត្ត ឬ ដោយសារទឹកស្ទឹងរាក់ពេក ? តែយ៉ាងណានាងត្រូវបានគេសង្គ្រោះបានហើយ។
បើតាមចម្លើយរបស់នាងថង ពៅ បានប្រាប់សមត្ថកិច្ចថា នាងធ្វើការនៅក្នុងហាងផឹកស៊ីមួយកន្លែងក្នុងក្រុងបាត់ដំបង រីឯប្ដីរបស់នាងជាកម្មកររោងចក្រទឹកកក នៅក្នុងក្រុងដែរ។ នាងនិងប្ដីររស់នៅជាមួយគ្នាប៉ុន្មានឆ្នាំហើយ តែមិនបានរៀបការតាមច្បាប់ទម្លាប់ទេ។
នាងនិយាយថា មួយរយះចុងក្រោយនេះប្ដីនាងតែរករឿងបង្កជម្លោះជាមួយនាងស្ទើររាល់ថ្ងៃ រហូតបណ្ដេញនាងចេញពីផ្ទះទៀតផង ធ្វើឲ្យនាងឈឺចាប់និងតូចចិត្តបំផុត ទើបនាងសម្រេចដើរចុះក្នុងស្ទឹងសង្កែ ដើម្បីធ្វើអត្តឃាតខ្លួនឯង តែត្រូវសមត្ថកិច្ចចុះចាប់ទាញដៃឡើងមកវិញ។ ទោះជាបែបណា នេះគ្រាន់តែជាការអះអាងអំពីទុក្ខសោកតែម្ខាងប៉ុណ្ណោះ រីឯរឿងពិតយ៉ាងណានោះ ទាល់តែមានការបកស្រាយពីលោកប្ដីហេងស៊យម្ខាងទៀត ទើបអាចដឹងថា ករណីនេះផ្ដើមចេញពីរឿងអ្វីពិតប្រាកដ ?
លោកប៉ាង ហៀង អធិការក្រុងបាត់ដំបង បាននិយាយថា បើតាមការសាកសួរ អាណាព្យាបាលរបស់នាងថង ពៅ ដែលនៅឯស្រុកកំណើត បានធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃអស់ហើយ។ លោកបញ្ជាក់ថា ក្រោយកើតហេតុ មន្ត្រីរបស់លោកបានស្វែងរកលោកប្ដីហេងស៊យរបស់នារីនោះឃើញហើយ និងបានហៅកម្មករទឹកកកប៉ុន្មាននាក់មកសួរនាំអំពីដំណើររឿង។ ក្រោយពីបញ្ចប់ការសួរនាំ យើងបានធ្វើការអប់រំណែនាំប្ដីប្រពន្ធទាំង២នាក់នេះ និងធ្វើកំណត់ហេតុត្រិមត្រូវ ប្រគល់នាងទៅឲ្យបុរសជាប្ដីវិញផងដែរ ៕
ចែករំលែកព័តមាននេះ