ខេត្តបាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោកច័ន្ទ សុផល បានថ្លែងថា អគ្គិភ័យបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរណាស់ និងអាចកើតឡើងគ្រប់ពេល ប្រសិនបើយើងមានការធ្វេសប្រហែស ។ ដូច្នេះ ការងារបង្ការ និងពន្លត់អគ្គិភ័យ គឺជាករណីកិច្ចរបស់យើងទាំងអស់គ្នា ។
លោកបានអំពាវនាវដល់មន្ត្រីគ្រប់ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធនៅតាមមូលដ្ឋាន ត្រូវមានវិធានការណែនាំដល់ពលរដ្ឋឱ្យបានយល់ដឹងពីវិធានការទប់ស្កាត់ និងការចូលរួមបង្ការ និងពន្លត់អគ្គីភ័យដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងបែបនេះ នៅក្នុង«ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ២២ កុម្ភៈ» ដែលរដ្ឋបាលខេត្តប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី០៧ មីនា ២០១៧ នេះ ស្ថិតនៅទីលានបាល់ទាត់វាលបែកចាន ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ដែលមានមន្ត្រីគ្រប់ស្ថាប័ន សិស្សានុសិស្ស និងពលរដ្ឋរាប់រយនាក់បានចូលរួម ។
បើយោងតាមរបាយការណ៍របស់លោកធុច រ៉ា ស្នងការរងខេត្តទទូលបន្ទុកការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានខេត្ត ដែលបានបង្ហាញនៅក្នុង «ទិវាជាតិបង្ការនិងពន្តល់អគ្គីភ័យ២២ កុម្ភៈ» ក៏បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅអគ្គិភ័យ បានកើតឡើងចំនួន៤៥ករណី គឺកើនឡើងចំនួន១០លើកបើធៀបនឹងឆ្នាំ២០១៥ ។
អគ្គិភ័យបានកើតឡើងស្ទើរគ្រប់ស្រុក និងក្រុង ដែលបានសម្លាប់មនុស្សចំនួន២នាក់ និង៤នាក់រងរបួស ប៉ុន្តែមានមនុស្សចំនួន១០នាក់ទៀត បានស្លាប់ដោយសារឆក់ខ្សែរភ្លើង ។ ក្រៅពីនេះអគ្គីភ័យភ័យក៏បានបំផ្លាញលំនៅឋានអស់ចំនួន៣៣ខ្នង រោងសិប្បកម្ម២ខ្នង សាលាព្រះសង្ឃ១ខ្នង ឡសម្ងួតស្រូវចំនួន៥ ស្រូវ៥០តោន ម៉ូតូ៩គ្រឿង រថយន្ត៣គ្រឿង ត្រាក់ទ័រ១គ្រឿង និងទ្រព្យសម្បត្តិជាច្រើនទៀត គិតជាទឹកប្រាក់ប្រមាណ១៦៣,៤០០ដុល្លា ។
ចែករំលែកព័តមាននេះ