តម្លៃមាសដែលបានកើនឡើងយ៉ាងគំហុកកាលពីខែឧសភា ហួសពីការរំពឹងទុកក្រោយពេលដែលអាមេរិកសហភាពអឺរ៉ុបជាពិសេស គឺសម្ព័ន្ធមិត្តពិភពលោកខាងលិចដាក់ទណ្ឌក.ម្មលើ រុស្ស៊ីជាបន្តបន្ទាប់ជាពិសេស គឺដករុស្ស៊ីចេញពីប្រព័ន្ធទូទាត់សាកលនោះមកដល់ពេលនេះវានៅមានស្ថេរភាពនៅក្នុងកម្រិតប្រមាណជា១.៦០០ដុល្លារនៅក្នុងមួយអោន។ ប៉ុន្តែតាមការព្យាករណ៍ពីពេលនេះដល់ដំណាច់ឆ្នាំវាអាចនឹងប្រែប្រួលខ្លះបន្ថែមទៀតចន្លោះពី១០០ទៅ៣០០ដុល្លារ។

តាមការព្យាករណ៍បានឲ្យដឹងថា ប្រសិនបើសភាពការណ៍ចុងឆ្នាំនេះមិនមានការប្រែប្រួល ជាពិសេស គឺបញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីពីពេលនេះដល់ដំណាច់ឆ្នាំ២០២២ តម្លៃមាសនៅលើទីផ្សាអន្តរជាតិ គឺអាចនឹងមានតម្លៃប្រមាណ១.៧០០ ដុល្លារ ក្នុងមួយអោន ហើយបើសិនជាគេព្យាកររណ៍ទុកបន្ថែមទៀតរហូតដល់ឆ្នាំ២០២៣ខាងមុខ គឺតម្លៃនេះវាអាចនឹងប្រែ ប្រួលដល់ទៅ១.៩០០ដុល្លារនៅក្នុងមួយអោន។
ជាទូទៅតម្លៃមាសនៅលើអន្តរជាតិគេគិតជាអោន ប៉ុន្តែនៅក្នុងបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ ជាពិសេស គឺកម្ពុជា វៀតណាម ឡាវ ខ្នាតទម្ងន់ដែលពលរដ្ឋនិយមប្រើនៅក្នុងការទូទាត់ គឺគេគិតជាតម្លឹង ប៉ុន្តែគេដឹងថា នៅក្នុងមួយអោន គឺមានទំងន់ស្មើនឹង០,៧៥ តម្លឹង។

កាលពីខែឧសភាកន្លងទៅជម្លោះរុស្ស៊ី-អ៊ុយក្រែន បានជំរុញឱ្យតម្លៃមាសឡើងលើស២.០០០ដុល្លារក្នុងមួយអោន ខណៈដែលរុស្ស៊ីត្រូវបានកាត់ផ្តាច់ទាំងអស់ពីប្រព័ន្ធទូទាត់សាកលលោក។នៅក្នុងរង្វង់ពេលនោះតម្លៃមាសនៅលើពិភពលោកបានប្រែប្រួលខ្លាំងបំផុត ខណៈពេលដែលអតិផរណាឡើងខ្ពស់ព្រោះវាជាការវិនិយោគរូបវន្តដែលអាចបម្រើដល់ការដោះដូរពាណិជ្ជកម្មសាកល។
នៅក្នុងពេលនោះមាសត្រូវបានគេអះអាង និងជឿជាក់ថាវា គឺជាឧបករណ៍នៃការជួញដូរដ៏រឹងមាំផងដែរ ក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសាកល ប៉ុន្តែមកដល់ពេលនេះតម្លៃមាសនឹងមិនប្រែប្រួលខ្លាំងពេកនោះទេដោយសារពិភពលោកហាក់ស៊ាំ និងសភាពការណ៍បច្ចុប្បន្ន ទើបវាបានដាំក្បាលចុះវិញពី២.០០០ ដុល្លារនៅក្នុងមួយអោនមកនៅត្រឹមតម្លៃជាង១.៦០០ ដុល្លារនៅក្នុងមួយអោនវិញនោះ ។

លោក វ៉ារ៉េន ផាធ័សុន ( Warren Patterson )ប្រធានយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនមួយដែលហៅថា( ING )បានអះអាងថា វិនិយោគិនហាក់មិនសូវមានបំណងក្នុងការស្តុកមាសទុកនៅក្នុងបរិយាកាសបច្ចុប្បន្ននៅឡើយទេទោះបីជាអ្នកខ្លះនៅតែមានការភ័យខ្លាចអំពីផលវិបាកនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានកើនឡើងក៏ដោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយធនាគារកណ្តាលអឺរ៉ុប និងអាមេរិកបាន និងកំពុងដំឡើងអត្រាការប្រាក់ក្នុងគោលបំណងកាត់បន្ថយអតិផរណា ដែលកំពុងតែកញ្ជ្រោកពិភពលោកជាពិសេស គឺនៅអឺរ៉ុប។
ធនាគារកណ្តាលអាមេរិកបានបង្កើនអត្រាការប្រាក់កាលពីសប្តាហ៍មុន០,៧៥ភាគរយដែលវិធានមិនធ្លាប់មានពីមុនមក។
សកម្មភាពនោះបានជំរុញឲ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្ពស់រហូតដល់១៦ភាគរយក្នុងរយៈពេលពីរទសវត្សរ៍ថ្មីធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗដែលកំពុងតែចរាចរណ៍នៅលើទីផ្សារ ហិរញ្ញវត្ថុពិភពលោក។
ចលនាហិរញ្ញវត្តុទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុនមានកម្រិត ប៉ុន្តែក៏សុទ្ធ តែជាស្ថានភាពស្ថេរភាពដ៏វិជ្ជមានផងដែរសម្រាប់តម្លៃមាស។

ស្ថានភាពដែលនឹងបន្តធ្វើឲ្យការព្យាករណ៍បន្តសន្និដ្ឋានអំពីកម្រិតស្ថេរភាពនៃមាសនៅលើទីផ្សារអន្តរជាតិបែបនេះនោះក៏ដោយសារតែប្រតិបត្តិការនៃការជួញដូរទំនិញនានារួមទាំង មាស និងលោហៈដ៏មានតម្លៃផ្សេងទៀតជាធម្មតាត្រូវបានគេជួញដូរជាប្រាក់ដុល្លារ ខណៈដែលពេលនេះចិន និងរុស្ស៊ីក៏កំពុងតែរៀបចំយុទ្ធសាស្ត្រនៅក្នុងការកាត់បន្ថយការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់ប្រាក់ដុល្លារក៏ដោយចុះក៏ចំណែកទីផ្សារ និងភាគរយនៃការធ្វើពាណិជ្ជកម្មដែលពួកគេកំពុងតែខិតខំនេះនៅឆ្ងាយពីកម្រិតនៃការប្រកួតប្រជែងនឹង ប្រាក់ដុល្លារឆ្ងាយណាស់។ដូច្នេះហើយបានជា ទីផ្សារមាសសាកលវាបានកើនឡើងលឿន ហើយធ្លាក់ចុះវិញក៏លឿនយ៉ាងគំហុក បែបនេះ៕ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ