ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋមកពីចំនួន៧ភូមិ ដែលបានចូលមកចាប់ដីក្នុងតំបន់ឡូត៍កៅស៊ូលេខ 4.16ABCD , 4.17ABCD និងតាមបណ្តាឡូត៍ផ្សេងៗទៀតដោយខុសច្បាប់លើផ្ទៃដីជាង៥០០ហិកតា ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ។ ថែមទាំងបានសាងសង់រោងមានរហូតដល់ទៅជិត១០០០រោង ខ្លះមានថែមទាំងបានប្រក់ដំបូលស័ង្កសីទៀត។ មូលហេតុទាំងនេះ ត្រូវបានសមត្ថកិច្ចរកឃើញថា មានមេខ្យល់ជាអ្នកបំផុសបំផុលនាំគ្នាទៅចាប់ដីមានចំនួន៦នាក់ ក្នុងនោះមាន២នាក់ត្រូវបានចាប់ខ្លួនតាមដីកានៅរសៀល ថ្ងៃទី៥ មីនា និងព្រឹកថ្ងៃទី៦ មីនា ២០១៧ ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តហើយ។
យោងតាមលិខិត១ច្បាប់របស់លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ មករា ២០១៧ មានប្រជាពលរដ្ឋប្រមាណជា៣០០គ្រួសារ មកពីតាមបណ្តាភូមិក្នុងនោះដូចជាភូមិធ្នង់ ភូមិទួលថ្មី ភូមិក្បាលអូរ ភូមិទេពនិម្មិត ភូមិវាលឃ្មុំ ភូមិវាលទឹកចេញ និងភូមិទំនប់សែនជ័យ បាននាំគ្នាមកទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើដីឡូត៍ខាងលើ ដែលជាចំណែកមួយនៃដីអវិនិយោគរបស់ក្រុមហ៊ុនសុភក្តិនីកា អ៊ិនវេសមេនគ្រុប ខូអិលធីឌី ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាំដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត។
រីឯសមត្ថកិច្ចបានប្រាប់ឲ្យដឹងដែរថា បន្ទាប់មកសមត្ថកិច្ចបានចុះទៅណែនាំប្រាប់ឲ្យប្រជាពលរដ្ឋប្រុសស្រីដែលនាំគ្នាមកចាប់ដី ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ គ្រាដែលដើមកៅស៊ូបានកាប់ចោលលើផ្ទៃដីជាង៥០០ហិកតានោះ។ ដោយឡែកអាជ្ញាធរក៏ដូចជាស្ថាប័នជំនាញ បានចុះពន្យល់ប្រាប់ដោយសន្តិវិធីឲ្យប្រជាពលរដ្ឋ ចាកចេញពីដីរបស់ក្រុមហ៊ុនយ៉ាងណាក្តី តែពួកគាត់មិនព្រមស្តាប់នោះ មានគ្រាមួយដែលគ្រឿងចក្ររបស់ក្រុមហ៊ុនបានមកឈូសឆាយដី ត្រូវបានមេខ្យល់បានឡើងទៅចាប់ដកយកសោពន្លត់ម៉ាស៊ីន និងថែមទាំងបានជេរនូវពាក្យចំអាស់ចំអូងថែមទៀត។
ក្នុងពេលនោះសមត្ថកិច្ចបានថតពីសកម្មភាពបាន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រោយមក បានចេញដីកាកោះហៅមានចំនួន៦នាក់ រស់នៅតាមបណ្តាភូមិនានាក្នុងឃុំគរ ស្រុកត្បូងឃ្មុំ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយមកក៏មានប្រជាពលរដ្ឋឈ្មោះ ថោង មុនី ភេទប្រុស ត្រូវបានចូលទៅបំភ្លឺមុនគេ និងបានវិលត្រលប់មកផ្ទះវិញ។
ចំណែកអ្នកផ្សេងៗទៀត ដែលមានចំនួន៥នាក់ នៅពេលដែលមានដីកាកោះហៅនោះ មិនបានចូលទៅបំភ្លឺឡើយ ម្ដងជាពីរដងហើយ រហូតដល់ទៅលើកទី៣ក៏បានចេញដីកានាំខ្លួនតែម្តងរួមាន ១-ឈ្មោះ អែម ថុន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិធ្នង់ ឃុំគរ ត្រូវបាននាំខ្លួននៅរសៀលថ្ងៃទី៥ មីនា ២០១៧ និងឈ្មោះ សុជ លី ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមទំនប់សែនជ័យ ឃុំគរ ត្រូវបាននាំខ្លួននៅព្រឹកថ្ងៃទី៦ មីនា ២០១៧ បញ្ជូនទៅដាក់ពន្ធនាខេត្តជាមេខ្យល់ដឹកនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋដោយខុសច្បាប់៕
ចែករំលែកព័តមាននេះ