ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនចុះយកផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀនដល់នារី និងបុរសចំនួន៦៦នាក់ ដែលកំពុងបំរើការងារក្នុងក្លិបកំសាន្តវាលបឹងឈូក ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកអនុសេនីយ៍ឯក មុនី សួគ៌ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀនបានលើកអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដែលធ្វើឲ្យយើងខូចនូវប្រព័ន្ធសរសៃប្រសាទ កាលណាយើងប្រើប្រាស់ដល់កំរិតវាធ្វើឲ្យយើងញ័រដៃញ័រជើងវេទនាខ្លួន បើសិនបើកបររថយន្ត ឬម៉ូតូកន្ត្រាក់ដៃ-ជើង បង្កគ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃ ។ អ្នកក្រោយពីជក់អារម្មណ៍រវើរវាយស្រមើស្រមៃដល់ទៅ១២ម៉ោង យូរមកនៅសល់ត្រឹម៤ម៉ោង ដូច្នេះក្នុងរយៈពេលនោះចង់ធ្វើទៅតាមចិត្តចង់ធ្វើ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តក៏បានលើកអំពីច្បាប់ និងចំពោះអ្នកណា ចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀនខុសតាមច្បាប់ក្នុងមាត្រាទី៤២ត្រូវមានទោសចាប់ពី២ឆ្នាំទៅដល់៥ឆ្នាំ ។ ក្នុងករណីជួញដូរអាចជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ ។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានកោតសរសើរដល់ម្ចាស់ក្លិបដែលចូលរួមក្នុងការទប់ស្កាត់មិនឲ្យមានការប្រើប្រាស់គ្រឿងញៀននៅក្នុងហាងនេះផងដែរ ។
ជាមួយគ្នានោះដែរបងប្រុសម្ចាស់ក្លិបក៏ដូចជាមេការ និងនារីបំរើការងារនៅក្នុងក្លិបកំសាន្តវាលបឹងឈូកក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដែលបានចំណាយពេលវេលាចុះមកធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀនផងដែរ ។ នាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ស្នងការក៏បានចែកជូនសារុងម្នាក់១ដល់នារីនិងបុរសដែលបានមកចូលរួមស្តាប់ការផ្សព្វផ្សាយនោះផងដែរ ៕
ចែករំលែកព័តមាននេះ