រាជធានីភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី៦ មីនា លោកចៅក្រម សឹង បញ្ញាវុឌ្ឍ បានបើកសវនាការពាក់ព័ន្ធមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប ដែលបានប្តឹងសាទុកមកតុលាការកំពូល ករណីការបន្តឃុំរយៈពេល៦ខែបន្តទៀតរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។
ជនជាប់ចោទត្រូវបានអង្គភាពប្រឆាំងនឹងអំពើពុករលួឃាត់ខ្លួន កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ កន្លងមក និងបានឃុំខ្លួននៅថ្ងៃទី២ ឧសភា ក្រោមបទចោទប្រកាន់សូកប៉ាន់សាក្សី និងសមគំនិតសូកសាក្សី ។ ជនជាប់ចោទត្រូវបានចាប់ខ្លួនបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្គេតសំណុំរឿងខ្សែអាត់សំឡេងសាសង ដែលគេបានដឹងថា ជារបស់ឈ្មោះខុម ចាន់តារ៉ាទី ហៅស្រីមុំអាយុ២៧ឆ្នាំ អតីតជាងកាត់សក់ និងលោកកឹម សុខា ប្រធានបក្សសង្គ្រោះជាតិ ។
កាលពីថ្មីៗកន្លងមក សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងទុកជាបានការដដែល គឺបន្តឃុំខ្លួនជនជាប់ចោទ៦ខែបន្ត ។ ហេតុនេះហើយ បានជនជាប់ចោទមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប បានប្តឹងសាទុកមកតុលាការកំពូល ចំណែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានប្តឹងសាទុកមកតុលាការកំពូលទេ។ ទោះជាយ៉ាងណា លោកចៅក្រមបានសម្រេចលើកពេលប្រកាសសាដីការឿងក្តីខាងលើ ទៅព្រឹកថ្ងៃទី១៣ មីនា ខាងមុខនេះ។
គួររំលឹកថា ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុ ប្រធានសមាគម អាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។
ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីឧត្តមស្នាងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផង ដែរ ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។
ជនជាប់ទាំងអស់ ត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬលួងលោមកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ អាយុ២៧ឆ្នាំមិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។ ពេលនេះជនជាប់ចោទចំនួន៤នាក់ កំពុងឃុំខ្លួននៅពន្ធនាគារព្រៃ.សជាបុគ្គលិកអាហុក និងមន្ត្រីគជបឃុំនៅពន្ធនាគារ(PJ) ។
ចែករំលែកព័តមាននេះ