ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាញ​សហជីព​ស្ត្រី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​មានការ​គាំទ្រ និង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​អន្តរជាតិ ILO

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ​មនុស្ស​ប្រុស -​ស្រី​ជាង​១០០​នាក់ ដែល​ជា​បណ្តាញ​សហជីព​ស្ត្រី​តំណាង​សហជីព និង​សមាជិក​ដែល​ជា​កម្មករ​ធ្វើការ​នៅ​ចម្រុះ​លើ​វិស័យ​ការងារ​រួម​មាន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ​មនុស្ស​ប្រុស -​ស្រី​ជាង​១០០​នាក់ ដែល​ជា​បណ្តាញ​សហជីព​ស្ត្រី​តំណាង​សហជីព និង​សមាជិក​ដែល​ជា​កម្មករ​ធ្វើការ​នៅ​ចម្រុះ​លើ​វិស័យ​ការងារ​រួម​មាន ឧស្សាហកម្ម​កាត់ដេរ និង​វាយនភ័ណ្ឌ សណ្ឋាគារ និង​សេវាកម្ម​ទេសចរណ៍ កាស៊ីណូ វិស័យ​សំណង់ សេវា​សន្តិសុខ ផ្នែក​ស្រា​បៀរ ម៉ាស្សា និង​កម្មករ​ធ្វើការ​តាម​ផ្ទះ បាន​លើកគ្នា​មក​ក្នុង​គោលបំណង​ស្នើ​សុំ​ការ​គាំទ្រ និង​ជម្រុញ​រាជរដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ការងារ (ILO)  លេខ​១៨៣​ស្តី​ពី «​ការ​ការពារ​មាតុភាព​» និង​លេខ​១៨៩​ស្តី​ពី «​ការងារ​សមរម្យ​សម្រាប់​អ្នកធ្វើការ​ងារ​ផ្ទះ​» នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ដោយ​យោង​ទៅ​តាម​ខ្លឹមសារ​ញត្តិ​បាន​រៀបរាប់​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​បណ្តាញ​សហជីព​ស្ត្រី តំណាង​សហជីព និង សមាជិក​ដែល​ជា​កម្មករ​ធ្វើការ​នៅ​ចម្រុះ​វិស័យ​ការងារ​រួម​មាន​ឧស្សាហកម្ម​កាត់ដេរ និង​វាយនភ័ណ្ឌ សណ្ឋាគារ និង​សេវា​ទេសចរណ៍ កាស៊ីណូ វិស័យ​សំណង់ សេវា​សន្តិសុខ ផ្នែក​ស្រា​បៀរ ម៉ាស្សា និង​កម្មករ​ធ្វើ​ការងារ​ផ្ទះ​សូម​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នីតិកាល​ទី​៥ ៖

កម្មវត្ថុ ៖ ស្នើ​សុំ​ការ​គាំទ្រ និង​ជម្រុញ​រាជរដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លេខ ១៨៣​ស្តី​ពី «​ការ​ការពារ​មាតុភាព​» និង​លេខ​១៨៩​ស្តី​ពី​«​ការងារ​សមរម្យ​សម្រាប់​អ្នកធ្វើការ​ងារ​ផ្ទះ​»​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ សេចក្តី​ដូច​ជម្រាប​ជូន​នៅ​ក្នុង​កម្មវត្ថុ​ខាងលើ​យើងខ្ញុំ​មាន​កិត្ត​យស​សូម​ជម្រាប​ជូន​សម្តេច​មេត្តា​ជ្រាប​ថា ជា​រៀង​រាល់​ឆ្នាំ បងប្អូន​កម្មករនិយោជិត​នៅ​ចម្រុះ​វិស័យ​តែងតែ​តាម​ទារ​ដល់​រាជរដ្ឋាភិបាល ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ILO លេខ​១៨៣ និង​លេខ​១៨៩ ពីលើ​ការ​ទាមទារ​ដទៃ​ទៀត​ក្នុង​ការ​ជម្រុញ​ឱ្យ​មានការ​ធានា​ដល់​សុខភាព មាតា និង​ទារក សម្រាប់​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ និង​លើ​កម្ពស់​កម្មករ​ធ្វើ​ការងារ​ផ្ទះ ។ ព្រោះ​ពួក​គាត់​ក៏​ជា​មនុស្ស និង​ដូច​ជា​កម្មករ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រពន្ធ​ផ្លូវការ​ដែរ គឺ​គួរតែ​ត្រូវ​បានឱ្យ​តម្លៃ និង​មាន​សិទ្ធ​ស្មើរ​ភាព​គ្នា​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ដូច​ៗ​គ្នា ស្រប​តាម​គោលការណ៍​ជា​មូលដ្ឋាន​របស់​សេចក្តីថ្លែងការណ៍​ជាស​កល​ស្តី​ពី​សិទ្ធ​មនុស្ស និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ។ ខ្លឹមសារ​ញត្តិ​បាន​បន្ត​ទៀត​ថា សម្តេច​ជាទី​គោរព​ទាក់ទង​នឹង​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ILO លេខ​១៨៣ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ស្ថានភាព​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ផ្តល់​ការ​ការពារ​ពិសេស​ដល់​ការ​បញ្ឈប់​ស្ត្រី​ពី​ការងារ​ពេល​មាម​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាលកូន ជួយ​ឱ្យ​ស្ត្រី​មាន​សុខភាព​ល្អ​សម្រាប់​ស្ត្រី និង​បុត្រ​របស់​ខ្លួន​ដែល​ល​ជា​អនាគត​របស់​ប្រទេស​ជាតិ​យើង និង​ពេល​ស្ត្រី​ចូល​បម្រើ​ការ​ការងារ​វិញ​ធ្វើ​ឱ្យ​ស្ត្រី​មាន​សុខភាព​មាំទាំ​ធ្វើ​ការងារ​ជូន​សហគ្រាស​គ្រឹះស្ថាន​ប្រកបដោយ​ផលិតភាព​ផង​ដែរ ។ ចំពោះ​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ILO លេខ​១៨៩ គឺ​មាន​ន័យ​ថា ជា​ការ​បោះ​ជំហាន​ចាក់​ស្តែង​ក្នុង​ការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​ឱ្យ​ទទួល​បាន​ភាព​ស្មើរ​គ្នា ព្រោះ​កម្មករ​ធ្វើ​ការងារ​ផ្ទះ​មួយ​ភាគ​ធំ​គឺជា​ស្ត្រី​ដែល​ធ្វើការ​ផ្ទះ​ជំនួស​ស្ត្រី​ដទៃ​ទៀត​ដែល​មាន​សម្ថ​ភាព​ធ្វើ​ការងារ​ខាងក្រៅ​ផ្ទះ សម្រាប់​បំពេញតម្រូវការ​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ និង​ការ​អភិវឌ្ឍ​សង្គម​ដែល​ការ​ជាប់​ទាក់ទង​គ្នា​នេះ គឺ​កម្មករ​ធ្វើ​ការងារ​ផ្ទះ​គួរតែ​ទទួល​បានការ​ឱ្យ​តម្លៃ និង​សិទ្ធ​ស្មើរ​គ្នា​ដូច​កម្មករ​ដទៃ​ទៀត​នៅ​ក្នុង​វិស័យ​ការងារ​ផ្លូវការ ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ និង​ក៏​ដូចដែល​សម្តេច​បាន​ជ្រាប​អំពី​ស្ថានភាព​ដ៏​ប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ​កន្លង​មក​រួច​ហើយ ដូច្នេះ​ហើយ​សូម​សម្តេច​មេត្តា​ជួយ​គាំទ្រ​ការ​ស្នើរ​សុំ​នេះ និង​ជួយ​ជម្រុញ​រាជរដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ទាំង​ពីរ​នេះ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដោយ​ក្តី​អនុគ្រោះ ។ ក្នុង​ការ​ដាក់​ញត្តិ​សុំ​ការ​អន្តរាគមន៍​នេះ​ដែរ​រដ្ឋ​សភាជាតិ​ក៏​បាន​អនុញ្ញាតិ​ឱ្យ​ស្ត្រី​ដែល​ជា​តំណាង​ចំនួន​៥​នាក់ ចូល​ទៅ​ផង​ដែរ​ទើប​ធ្វើការ​រំសាយ និង​បន្ត​យក​ញាត្តិ​ចំនួន​មួយ​ច្បាប់​ទៀត​ទៅ​ដាក់​ជូន​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕