បញ្ជូនថៃជាង ៦០នាក់ ទៅវិញ ដោយសារស្នាក់នៅ និងធ្វើការខុសច្បាប់
- ភ្នំពេញ
បន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ៦៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រោយរកឃើញថា ពួកគេមកធ្វើការ និងស្នាក់នៅខុសច្បាប់ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាយើង។
ប្រភពពីអាជ្ញាធរសមត្ថកិច្ច បញ្ជាក់ថា ជនជាតិថៃទាំងនេះ ត្រូវបាននគរបាលនាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន កាលពីថ្ងៃ២៨កក្កដា ឆ្នាំ២០២២ ចំនួន ៥៥នាក់ ស្រី ២១នាក់។ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់បានម្នាក់ ភេទស្រី នៅថ្ងៃទី៨កញ្ញា២០២២ និង៨នាក់ ស្រី៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ឃាត់នៅថ្ងៃទី២៨សីហា ឆ្នាំ២០២២។
ពួកគេ ត្រូវបានសមត្ថកិច្ចកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ផាន ភក្តី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ឱ្យសមត្ថកិច្ចថៃ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ប្រភពបញ្ជាក់ថា ជនជាតិថៃទាំងនេះ នឹងមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាវិញឡើយ នៅក្នុងរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃចាប់បញ្ជូនចេញ នៅថ្ងៃទី២៩កញ្ញានេះ៕ មុត សារុន





ចែករំលែកព័តមាននេះ