ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មាន​ច្រក-ចេញ ៨កន្លែង តើនៅឯណាខ្លះ?

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​​ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយឥតគិតថ្លៃ រយៈពេល ១ខែ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២…

ភ្នំពេញ៖ ​​ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយឥតគិតថ្លៃ រយៈពេល ១ខែ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នឹងបើក​ឱ្យយានយន្ត​ចាប់ផ្តើម​ចរាចរណ៍ចេញ-ចូល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧ព្រឹក​តទៅ នៅគ្រប់​ទីតាំង​ច្រក​ចេញ-ចូលទាំងអស់​។ ផ្លូវល្បឿនលឿននេះ មានច្រកចេញចូល ចំនួន ៨កន្លែង​។

សេចក្តីប្រកាស លើកឡើងថា ច្រកចេញ-ចូល​ផ្លូវល្បឿនលឿន ទាំង ៨កន្លែង រួមមាន៖ ច្រកទី១ ភ្នំពេញ ( ផ្លូវកប់​ស្រូវ ) គីឡូម៉ែត្រ៣។ ច្រកទី២ កំពង់ស្ពឺ​កើត គីឡូម៉ែត្រ ២៦។ ច្រកទី៣ កំពង់ស្ពឺ​លិច គីឡូម៉ែត្រ​៤៣​។ ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦​។ ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤​។ ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥​។ ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២​ និងច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២​។

ក្នុងសេចក្តីប្រកាស នៅថ្ងៃទី២៩ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹក​ដល់សាធារណជន​ជាថ្មីម្តងទៀត សូមមេត្តា ចូលរួម​គោរពច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក បទបញ្ជា និងសេចក្តីណែនាំនានា​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីថែរក្សា​សណ្តាប់ធ្នាប់​ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់​ជាយថាហេតុ ចំពោះការប្រើប្រាស់​ផ្លូវល្បឿនលឿននេះ ដោយស្មារតីទទួលខុសត្រូវ​ខ្ពស់​។

សូមរម្លឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ក្រោយ​ពី​បើកឱ្យ​បើកបរ​សាកល្បង ១ខែពេញក្នុងខែតុលារួចហើយ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ក្រុមហ៊ុន នឹងយកថ្លៃធ្វើដំណើរឆ្លងកាត់​ផ្លូវល្បឿនលឿននេះ ចាប់ពី ១២ដុល្លារ ដល់ ៦០ដុល្លារ តាមប្រភេទយានយន្ត​។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានក្រសួង កំណត់ល្បឿនបើកបរ​ ដូចខាងក្រោម៖ ​ល្បឿន ៦០-១២០ គ.ម ក្នុង ១ម៉ោង សម្រាប់​រថយន្ត​គ្រួសារ ឬរថយន្ត​ធុនស្រាល។ ល្បឿន ៦០-១០០គ.ម ក្នុង ១ម៉ោង សម្រាប់រថយន្តធុនធ្ងន់ មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ ដែលមាន​កម្លាំង 500cc/ 27kW ឡើងទៅ។ ល្បឿន ៦០-៨០គ.ម ក្នុង ១ម៉ោង សម្រាប់រថយន្តសណ្តោង​សឺម៉ីរ៉ឺម៉ក ឬសណ្តោង​យានដំណើរ​កំសាន្ត​។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ថា ករណី​មានផ្លាកសញ្ញាកំណត់​ល្បឿន​អតិបរមា អ្នកបើកបរត្រូវអនុវត្តតាម​ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។ ករណីផ្លូវកោង ច្រកចូល​ចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរ​ត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គ.ម ក្នុង ១ម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គ.ម ក្នុង ១ម៉ោង។ ដោយឡែក កន្លែង​ដែលចាំបាច់ ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់​តឿនដល់អ្នកបើកបរ​ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ