ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​វៀតណាម​ប្រមូល​ទិញ​ស្រូវ​តែ​ប្រជា​កសិករ​ត្អួ​ញ​ត្អែ​រ​ពី​តម្លៃ​ថោក

7 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ ឈ្មួញ​វៀតណាម​បាន​ចូល​មក​ប្រមូល​ទិញ​ស្រូវ​ដាក់​ទូក​ដឹក​ទៅ​ប្រទេស​គេ​តាម​ប្រឡាយ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​តោន ក៏​ប៉ុន្តែ​ក្រុម​ប្រជា​កសិករ​នៅ​តែ​ត្អូញត្អែរ​ថា​តម្លៃ​ស្រូវ​ថោក គឺ​

ខេត្ដស្វាយរៀង ៖ ឈ្មួញ​វៀតណាម​បាន​ចូល​មក​ប្រមូល​ទិញ​ស្រូវ​ដាក់​ទូក​ដឹក​ទៅ​ប្រទេស​គេ​តាម​ប្រឡាយ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​តោន ក៏​ប៉ុន្តែ​ក្រុម​ប្រជា​កសិករ​នៅ​តែ​ត្អូញត្អែរ​ថា​តម្លៃ​ស្រូវ​ថោក គឺ​ឈ្មួញ​ទិញ​ពី​ប្រជា​កសិករ​ផ្ទាល់​ក្នុង​១​គីឡូក្រាម​តម្លៃ​៧៥០​រៀល​ប៉ុណ្ណោះ រីឯ​ឈ្មួញ​ដឹក​មក​ដល់​ព្រំដែន​លក់​ឲ្យ​ឈ្មួញ​វៀតណាម​១​គីឡូក្រាម​តម្លៃ​៨៧០​រៀល គឺ​គេ​យកចំណេញ​លើ​ខ្នង​ប្រជា​កសិករ​ជា​អ្នក​ផលិត​ស្រូវ​ច្រើន​គរគោក ។

ទាក់ទិន​ករណី​ប្រជា​កសិករ​ត្អូញត្អែរ​នេះ​ដែរ អាជីវករ​ជា​ឈ្មួញកណ្តាល​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ជា​ឈ្មួញកណ្តាល​ទី​២ ដែល​ជា​អ្នក​ប្រមូល​ទិញ​ស្រូវ​នៅ​ភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ដើម្បី​លក់​បន្ត​ឲ្យ​ទៅ​ឈ្មួញ​វៀតណាម ។ ប្រភព​ដដែល​បន្ត​ទៀត​ថា មាន​ឈ្មួញ​មួយ​ក្រុម​ជា​អ្នក​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ផ្ទាល់ គឺ​ស្រូវ​អីុ​អែរ​៥៤ ឬ​ហៅ​ថា អីុអែរ​ណាំ​ខុ​ង​បូ​ង ទិញ​ពី​កសិករ​ក្នុង​១​គីឡូក្រាម​តម្លៃ​៧៥០​រៀល ហើយ​បាន​ដឹក​តាម​រថយន្ត​យក​មក​លក់​ឲ្យ​ពួក​គាត់​ជា​ឈ្មួញកណ្តាល​ទី​២​ទិញ​ចូល​ក្នុង​មួយ​គីឡូ​ក្រាម​​តម្លៃ​៨៥០​រៀល រួច​លក់​ចេញ​ឲ្យ​ទៅ​ឈ្មួញ​វៀតណាម​បន្ត ក្នុង​១​គីឡូក្រាម​តម្លៃ​៨៧០​រៀល និង​ត្រូវ​ចំណាយ​ឲ្យ​កម្មករ​លី​សែង​ដាក់​ទូក​ក្នុង​មួយ​តោន​តម្លៃ​៧.០០០​រៀល​ទៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ឈ្មួញ​វៀតណាម​ឡើង​មក​ទិញ​ចាប់តាំងពី​ថ្ងៃ​ទី​១៤ កុម្ភៈ រីឯ​អាជីវករ​ដែល​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់​ធំ និង​ខេត្តកំពង់ចាម បាន​យក​មក​លក់​នៅ​ខេត្តស្វាយរៀង ហើយ​ក្នុង​ខេត្តស្វាយរៀង មាន​ច្រកព្រំដែន​ចំនួន​៣​ដែល​វៀតណាម​ចូល​មក​ទិញ​ស្រូវ គឺ​ច្រករបៀង​ដូង​ក្នុងស្រុក​រមាស​ហែក ច្រករបៀង​ក្រសាំង​ជ្រំ ក្នុងស្រុក​ស្វាយ​ជ្រំ ច្រក​ប្រឡាយ​ទាហាន​ដែល​នៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ក្នុង​ឃុំ​ថ្មី​ស្រុក​កំពង់​រោទ៍ ។

ប្រភព​បាន​បន្ត​ថា នៅ​ច្រក​ប្រឡាយ​ទាហាន​នេះ គឺ​មាន​ឈ្មួញកណ្តាល​៥​ឃ្លាំង​ជា​អ្នក​ប្រមូល​ទិញ​ស្រូវ​យក​មក​លក់​បន្ត​ទៅ​ឲ្យ​វៀតណាម ។ ដូច្នេះ​មូលហេតុ​ដែល​អាជីវករ​ទិញ​ស្រូវ​ផ្ទាល់​ពី​ប្រជា​កសិករ​ឲ្យ​តម្លៃ​ទាប​មក​ពី​៖

១-​កត្តា​ផ្លូវ​លំបាក ខកខាន​យូរថ្ងៃ​ស្រូវ​ខូចគុណភាព
២-​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ខ្ពស់​ពេក
៣-​បង់​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវ​ច្រើន​កន្លែង (​រថយន្ត​ចំណុះ​១៥​តោន​ត្រូវ​ដឹក​២៥​តោន​បើ​រថយន្ត​ធុន​ធំ​ដឹក​ដល់​៣០​តោន​) ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​យាម​តាម​ដងផ្លូវ​ក្នុង​មួយ​កន្លែង​ចំណាយ​២​ម៉ឺន​រៀល ទៅ​៣​ម៉ឺន​រៀល និង​កន្លែង​ជញ្ជីង​គឺ​៥​ម៉ឺន​រៀល​សរុប​ត្រូវ​ចំណាយ​បង់​តាម​ផ្លូវ​អស់ប្រាក់​ចំនួន​៨​មឺ​ុ​ន​រៀល​ទៅ​១​សែន​រៀល ។

តាម​ប្រភព​បាន​បង្ហើប​ថា បើ​ដឹក​ត្រឹមត្រូវ​តាម​ចំណុះ​តោន​ក៏​នៅ​តែ​មិន​អាច​គេច​ផុត​ពី​សមត្ថកិច្ច សុំ​ថ្លៃ​បាយ​ព ថ្លៃ​កាហ្វេ​មួយ​ម៉ឺន​ពីរ​ម៉ឺន​មួយ​កន្លែង​ដដែល ដូច្នេះ​ទើបត្រូវ​បង្ខំ​ដឹក​លើស​ទម្ងន់​កំណត់​ដើម្បី​យក​ប្រាក់​បង់ថ្លៃ​ផ្លូវ ។ ចំណែក​ទូក​វៀតណាម​ដែល​ចូល​មក​ទិញ​ស្រូវ​ក៏​ត្រូវ​បង់ប្រាក់​ឲ្យ​ខាង​សមត្ថកិច្ច​វៀតណាម​ផង និង​សមត្ថកិច្ច​ខ្មែរ​ផង​ដែរ និង​បញ្ហា​មួយទៀត​ក្រុមហ៊ុន​អង្ករ​ខាង​វៀតណាម​នាំ​ចេញ​មិន​បាន​ទេ​នៅ​ពេល​នេះ ។

កត្តា​ទាំង​អស់នេះ​ហើយ​ដែល​នាំ​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ផ្ទាល់​មាន​តម្លៃ​ថោក​ដោយសា​តែ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន និង​បង់​តាម​ផ្លូវ តែ​អ្នក​ខាតបង់​ពិតប្រាកដ​គឺ​ប្រជា​កសិករ​គេ​ទិញ​ក្នុង​តម្លៃ​ទាប ។ ក្រុម​អាជីវករ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​មេត្តា លុប​បំបាត់​នូវ​កុងត្រូលជជុះ ដើម្បី​ឱ្យ​ក្រុម​អាជីវករ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ផ្ទាល់​មាន​តម្លៃ​ខ្ពស់​ដល់​៨០០​រៀល​ទៅ​៨២០​រៀល​ក្នុង​១​គីឡូក្រាម ៕