ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យដោយសារមនុស្សមួយក្រុមព្រួតគ្នាកាប់ និងវាយឲ្យរបួសធ្ងន់លើទឹកដីថៃដោយសារភ្លើងប្រចណ្ឌ ។ ជនរងគ្រោះឈ្មោះ ជុំ មឿត អាយុ៤០ឆ្នាំ ជាកម្មករសំណង់នៅប្រទេសថៃ ក្នុងខេត្តប៉ាធំថានី និងមានទីលំនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ។
ជនរងគ្រោះត្រូវគេកាប់របួសចំសៀតផ្កាខាងស្តាំ និងវាយជាច្រើនដំបងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ជួបសម្ភាសដល់លំនៅដ្ឋាននារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ បុរសជាប្តីស្ត្រីរងគ្រោះឈ្មោះ សៃ មួត អាយុ៤០ឆ្នាំ អះអាងថា មូលហេតុដែលបណ្តាលកើតអំពើហិង្សាខាងលើ ដំបូងបុរសជនជាតិខ្មែរជាកម្មករដូចគ្នាឈ្មោះ សៀវ បានរករឿងគាត់ថា លួចស្រឡាញ់ប្រពន្ធរបស់គេដែលទើបរៀបការថ្មោងថ្មី ខណៈគាត់មិនដឹងខ្លួនទាល់តែសោះ ។ បុរសខាងលើបន្តថា ក្នុងហេតុការណ៍ផ្ទុះជម្លោះនោះកើតឡើងនៅម៉ោង៩យប់ថ្ងៃទី២ ខែមីនាឆ្នាំ២០១៧ ដោយក្រុមជនសង្ស័យទំនងជាប៉ុនប៉ងសម្លាប់គាត់ តែដោយសារមិនជួបគាត់ក្រុមជនសង្ស័យក៏នាំគ្នាព្រួតវាយ និងកាប់ប្រពន្ធរបស់គាត់ឲ្យរបួសធ្ងន់តែម្តង ។
នារីដែលជាកូនស្រីច្បងស្ត្រីរងគ្រោះឈ្មោះ ជុំ ណាង អាយុ២៥ឆ្នាំ ដែលអះអាងថា ស្ថិតក្នុងហេតុការណនៅឯប្រទេសថៃនិយាយថា មុនកើតហេតុក្រុមជនសង្ស័យបានមកសួររកឱពុករបស់នាង ហើយម្តាយនាងចេញទៅជួបដោយនិយាយថា បើមានរឿងអ្វីចាំជួបចចារគ្នានៅពេលព្រឹកស្អែក ស្រាប់តែក្រុមជនសង្ស័យនាំគ្នាព្រួតវាយ និងកាប់ម្តាយនាងតែម្តង ។ គ្រួសាររងគ្រោះអះអាងថា ស្គាល់អត្តសញ្ញាណជនបង្កហើយ និងដាក់ពាក្យបណ្តឹងទាមទាររកយុត្តិធម៏នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះក្នុងនោះគ្រួសាររងគ្រោះក៏បានអំពាវនាវសុំមន្ត្រីនិងសមត្ថកិច្ចក្រសួងពាក់ព័ន្ធមេត្តាជួយធ្វើយ៉ាងណាជួយចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសផង ព្រោះពេលនេះពួកគេកំពុងគេចខ្លួនមកពីដីថៃ ហើយម្នាក់នៅខេត្តកំពត និង២នាក់ជាបងប្អូនបង្កើតនៅខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមិនត្រូវបានសាច់ញាតិយកសពត្រឡប់មកស្រុកទេគឺបូជាលើទឹកដីថៃ ចំណែកបុរសជាប្តីនិងកូនៗបានត្រឹមយកធាតុមកធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន ៕
ចែករំលែកព័តមាននេះ