ខេត្តកំពត ៖ មានប្រជាពលរដ្ឋពីរឃុំ គឺឃុំកណ្តោល និងឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានលំនៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតត្រង់ចំណុចមុខផ្លូវចូលរោងចក្រស៊ីម៉ងត៍ ហ័រស៊ីនចក្រីទីងកំពត មានការរិះគន់យ៉ាងខ្លាំងដល់អ្នកគ្រប់គ្រងការដឹកជញ្ជូនស៊ីម៉ងត៍ចេញពីរោងចក្រ ក៏ដូចជារថយន្តធំៗដែលចូលទៅដឹកស៊ីម៉ងត៍ផងដែរ បានបង្កការហុយធូលីយ៉ាងខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទាំងពីរឃុំ ដែលរស់នៅក្បែរផ្លូវចូលទៅរោងចក្រស៊ីម៉ងត៍ និងប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដែលចូលពិសារអាហារនៅតាមភោជនីយដ្ឋានដែលនៅក្បែរនោះ ក៏ដូចជាផ្ទះប្រជាពលរដ្ឋឃុំពីរដែលនៅក្បែរផ្លូវបំបែកចូលទៅរោងចក្រនេះដែរ។
ប្រជាពលរដ្ឋដែលរងការប៉ះពាល់ធូលីហុយទាំងនោះ បានប្រាប់ថា កន្លងមក ពួកគាត់ដោយទ្រាំនឹងការហុយធូលីនេះ មិនបាន ពួកគាត់ក៏បានសំណូមពរទៅអាជ្ញាធរឃុំឲ្យជួយប្រាប់ទៅខាងក្រុមហ៊ុនដឹកជញ្ជូនរបស់រោងចក្រម្តងរួចទៅហើយដែរ។ ក្រោយពីអាជ្ញាធរឃុំមានការទំនាក់ទំនងទៅរោងចក្រ គេឃើញខាងរោងចក្របានយករថយន្តមកបាញ់ទឹកបានតែមួយរយៈតូចប៉ុណ្ណោះ ក៏ឈប់បាញ់រហូតមកដល់ពេលនេះ។
ជុំវិញករណីខាងលើលោក គង់ សាន់ មេឃុំព្រៃថ្នង បានឲ្យដឹងថា កន្លងមក ការហុយធូលីប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរចំណុចផ្លូវបំបែកចូលរោងចក្រស៊ីម៉ងត៍ ដោយការដឹកជញ្ជូនពីសំណាក់រថយន្តធុនធំនេះ លោកបានទៅជួបជាមួយតំណាងក្រុមហ៊ុន ដើម្បីជួយសម្រួលការដឹកជញ្ជូនរថយន្តចេញ-ចូលហុយធូលីនេះដែរ ហើយក្រុមហ៊ុនក៏បានប្រើរថយន្តបាញ់ទឹកលើផ្លូវនេះ បានមួយរយៈដែរ តែក្រោយមកក៏មិនឃើញបាញ់ទឹក បង្កឲ្យហុយដីប៉ះពាល់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ទើបពួកមកសំណូមពរឲ្យអាជ្ញាធរឃុំ និងស្ថាប័នពាក់ព័ន្ធជួយម្តងទៀត។
លោក គង់ សាន់ មេឃុំព្រៃថ្នង បានឲ្យដឹងទៀតថា នៅថ្ងៃច័ន្ទខាងមុខនេះ រូបលោកជាមួយមេឃុំកណ្តោល លោក ខៀវ កន និងទៅជួបក្រុមហ៊ុន ដើម្បីសំណូមពរដល់ក្រុមហ៊ុនធ្វើយ៉ាងណាឲ្យខាងតែបានច្នៃប្រឌិតប្រើរថយន្តបាញ់ទឹក ឬធ្វើយ៉ាងណាកុំឲ្យធូលីហុយប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋរបស់លោកក្នុងឃុំទាំងពីរដែលមានលំនៅឋាននៅក្បែរផ្លូវបំបែកនេះ។
ចែករំលែកព័តមាននេះ