ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​យក​ភាស៊ី​ទេ ប៉ុន្តែ​ដេញ​ឱ្យទៅ​លក់​កន្លែង​អត់ !

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ក្រុម​អ្នក​យក​ភាស៊ី​ផ្សារ បាន​ដើរ​ប្រកាស​មេក្រូ​តាម​ផ្សារ​ក្នុង​ក្រុង​ស្វាយ​រៀង នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៧ ថា

ខេត្តស្វាយរៀង ៖ ក្រុម​អ្នក​យក​ភាស៊ី​ផ្សារ បាន​ដើរ​ប្រកាស​មេក្រូ​តាម​ផ្សារ​ក្នុង​ក្រុង​ស្វាយ​រៀង នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៧ ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​លក់ដូរ កញ្ច្រែង កញ្ជើ ល្អី ទាំងអស់ ទៅ​លក់​កន្លែង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កន្លែង​ឲ្យ​លក់ដូរ​នៅ​ចំណុច​ទីតាំង​ផ្ទះ​របស់​លោក ស្រី ពៅ នៅ​ខាងលិច​ផ្សារ​វាល​យន្ត ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង គឺ​អាជ្ញាធរ​មិន​យក​ថ្លៃ​ភាស៊ី​ទេ​។ អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ទីតាំង​ផ្សារ​សម្រាប់​អ្នក​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី​នេះ ចាប់​ដំណើរការ​នៅ​ថ្ងៃ​ច័​ន្ច ទី​៦ មីនា​២០១៧ ខាង​មុខ​នេះ​តទៅ !

ទាក់ទិន​ករណី​អ្នក​យក​ភាស៊ី​ផ្សារ​ប្រកាស់​មេក្រូ​នេះ​ដែរ លោកយាយ ផាង ស្រឹង អាយុ​៧២​ឆ្នាំ ដែល​លក់​បន្លែ​កញ្ច្រែង​ល្អី នៅ​ផ្សារ​ក្រមួន ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង បាន​សំណូមពរ​ថា រូប​គាត់​ចាស់​ហើយ​រស់នៅ​ម្នាក់ឯង​នៅ​សង្កាត់​គយ​ត្របែក រកស៊ី​បេះ​បន្លែ​លក់ និង​ទិញ​បន្លែ​អ្នកស្រុក​បន្តិចបន្តួច​បន្ថែម​លក់​គ្រាន់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ បើ​ឲ្យ​គាត់​ទៅ​លក់​នៅ​ផ្សារ​រៀបចំ​ថ្មី គាត់​មិន​អាច​ទៅ​បាន​ទេ ឆ្ងាយ​ទួល​បន្លែ​ដើរ​មិន​ដល់​ទេ ទម្រាំ​ដល់​ផុតពេល​លក់ ឬ​អាច​ដួល​តាម​ផ្លូវ សុំ​លក់​ផ្សារ​ក្រមួន​នេះ មាន​ម៉ូយ​គេ​អាណិត​មក​ជួយ​ទិញ​រាល់ថ្ងៃ ។

ស្ត្រី​ម្នាក់​ឈ្មោះ ពេ​ជ សាវ៉ា​ន់ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ដែល​លក់​នៅ​ផ្សារ​ក្រមួន បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​អនុញ្ញាតិ​រៀបចំ​កន្លែង​ឲ្យ​ពួក​គាត់​លក់​កន្លែង​ក្នុង​ផ្សារ​ក្រមួន​នេះ​ដដែល ជិត​ផ្ទះ ហើយ​បើ​ទៅ​លក់​នៅ កន្លែង​ថ្មី​ដាច់​ម៉ូយ និង​ដាច់​បាយ​កូន​ស្លាប់​មិន​ខាន ដូច្នេះ​បើ​អ្នក​យក​ភាស៊ី​មិន​អនុគ្រោះ គាត់​សុខចិត្ត​បង់ថ្លៃ​ភាស៊ី សូមកុំ​ឲ្យ​យក​ថ្លៃ​ភាស៊ី​ខ្ពស់​ពេក​យក​១០០ ឬ​២០០​រៀល​បាន​ហើយ ពួក​គាត់​លក់​បាន​តែ​មួយ​ព្រឹក​ទេ ម៉ោង​១០•០០​ឬ​១០​និង​៣០​នាទី​ព្រឹក អស់​មនុស្ស​មក​ផ្សា​រហើយ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកលក់​បន្លែ លក់​ត្រី លក់​ផ្លែ​ឈើ​កញ្ច្រែង កញ្ជើ ល្អី ក្នុង​ផ្សារ​ក្រមួន​ទាំងអស់ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​អាច​ប្តូរ​ទីតាំង​ចាស់​ដែល​ពួក​គាត់​ធ្លាប់​លក់ដូរ​ជាង​១០​ឆ្នាំ​មក​ហើយ​បាន​ទេ ទី​មួយ​គឺ​ម៉ូយ​ដែល​មានផ្ទះ​នៅ​ជុំវិញ​ផ្សារ​ក្រមួន​នេះ គេ​ស្គាល់​ជា​ម៉ូយ​ទិញ​រាល់ថ្ងៃ បើ​ទៅ​លក់​នៅ​ផ្សារ​វាល​យន្ត គឺ​ឆ្ងាយ​ផ្ទះ​គម្លាត​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ភ្ញៀវ​ច្បាស់​ជា​មិន​ទី​តាម​ជួយ​ទិញ​ទេ ហើយ​ផ្សារ​វាល​យន្ត​មាន​ជនជាតិ​វៀតណាម​គេ​យក​បន្លែ ផ្លែ​ឈើ និង​ត្រី​មក​លក់​ផ្ទាល់ ដូច្នេះ​ពួក​គាត់​មិន​អាច​ដាក់​លក់​ប្រកួតប្រជែង​ឈ្នះ​គេ​ទេ​។

ក្រុម​អ្នកលក់​កញ្ច្រែង កញ្ជើ ល្អី បន្ត​ទៀត​ថា ទោះបី​អ្នក​យក​ភាស៊ី ឬ​សមត្ថកិច្ច​អាជ្ញាធរ​ប្រកាស​ដេញ​ពួក​គាត់​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គាត់​មិន​ផ្លាស់​ប្តូរ​កន្លែង​ចាស់​ទៅ​លក់​កន្លែង​ថ្មី​ឡើយ ។